• 2022-03-31 11:45:27
  • បាល់ទាត់

Aguero សុខៗ​មាន​អារម្មណ៍​ថា​ អាច​ត្រលប់​មក​លេង​បាល់ទាត់​បាន​វិញ​

  • 2022-03-31 11:45:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sergio Aguero បាន​ប្រកាស​ចូល​និវត្តន៍​ពី​អាជីព​បាល់ទាត់​នៅ​ក្លឹប​ Barcelona កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ក្រោយ​មាន​បញ្ហា​បេះ​ដូង​ ដែល​មិន​អាច​បន្ត​លេង​ទៀត​បាន​។

យ៉ាង​ណា​កាល​ពី​ពេល​ថ្មីៗ​នេះ​ អតីត​ខ្សែ​ប្រយុទ្ធ​ Barca រូប​នេះ​បាន​និយាយ​ទៅ​កាន់​សារ​ព័ត៌មាន​ Tyc Sports ថា​នៅ​សុខៗ​គេ​មាន​អារម្មណ៍​ហាក់​ដូច​ជា​អាច​ត្រលប់​មក​ចូល​ក្នុង​អាជីព​ជា​កីឡាករ​បាលទាត់​វិញ​។

Aguero បាន​និយាយ​ថា​៖" កាល​ពី​ម្សិលមិញ​ (ថ្ងៃ​អង្គារ​) នៅ​សុខៗ​ខ្ញុំ​មាន​អារម្មណ៍​ហាក់​ដូច​ជា​ ខ្ញុំ​អាច​ត្រលប់​មក​លេង​បាលទាត់​បាន​វិញ​អញ្ចឹង​។ ក្រុម​គ្រូ​ពេទ្យ​បាន​ប្រាប់​ខ្ញុំ​ថា​ កុំ​ឲ្យ​ខ្ញុំ​ពាក់ព័ន្ធ​នឹង​សកម្មភាព​លេង​បាល់ទាត់​ហ្នឹង​ ៥-៦ខែ​ តែ​យ៉ាង​ណា​ឥឡូវ​នេះ​ខ្ញុំ​ចង់​ទៅ​ហ្វឹកហាត់​វិញ​បាត់​ហើយ​ហ្នឹង​ "។

អតីត​កីឡាករ​បន្ត​ថា​៖" និយាយ​ទៅ​ខ្ញុំ​ចង់​លេង​ប្រកួត​បាល់ទាត់​នេះ​ជា​លក្ខណៈ​កម្សាន្ត​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន​។ មាន​គេ​ធ្លាប់​ហៅ​ខ្ញុំ​ទៅ​ Inter Miami ទៅ​លេង​ដែរ​ តែ​ខ្ញុំ​មិន​ទៅ​។ ខ្ញុំ​ចង់​ផ្ញើ​ និង​សាកសួរ​ព័ត៌មាន​ទាំង​នេះ​ទៅ​គ្រូ​ពេទ្យ​ខ្ញុំ​​ "។

នៅ​ក្នុងអាជីព​ជា​កីឡាករ​បាល់ទាត់​របស់​ Aguero តាំងពីឆ្នាំ២០០២ ធ្លាប់​ចូល​លេង​បាន​ ៧៨៦ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៤២៧គ្រាប់ ដោយ​ធ្លាប់​លេង​ឲ្យ​ក្លឹប​ Independiente, Atletico Madrid, Man City, Barca និង​ក្រុម​ជម្រើសជាតិ​អាហ្សង់ទីន​៕

ប្រភព៖ Marca អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី