• 2022-02-16 02:10:33
  • បាល់ទាត់

សៀន សុភក្ត្រា ជា​របួស​១០០%​ហើយ ត្រៀម​ជួយ​ក្លឹប​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ

  • 2022-02-16 02:10:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ សៀន សុភក្ត្រា បាន​ជា​ពី​របួសជង្គង់​ខាង​ស្ដាំ​១០០% ហើយ​រូប​គេ​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេចដែរ ដើម្បី​ជួយ​ក្រុម​អគ្គិសនី​​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អនៅ​លីគ​២​។

សៀន សុភក្ត្រា​ បាន​បញ្ជាក់​ថា ៖«នឹង​ហើយ​បង សះស្បើយ​១០០%​ហើយ និយាយ​ទៅ​អាបញ្ហា​របួស​ខ្ញុំ​វា​ជា​យូរ​ដែរ​ហើយ​បង»។

ក្រោយ​ជា​បី​របួស​ និង​ក្នុង​នាម​ជាកីឡាករ​ សុភក្ត្រា បាន​​ដាក់​គោល​ដៅ​​ធ្វើ​យ៉ាង​ណា​ប្រកួត​ប្រជែង​ពាន​រង្វាន់​លីគ​២​ឱ្យ​បាន​ ចំណែក​ថ្នាក់​ដឹកនាំ​ក្លឹបអគ្គិសនី​កម្ពុជា​ នឹង​រៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន​ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​គោលការណ៍​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ឱ្យ​ក្លឹប​បាន​លេង​នៅ​លីគកំពូល​វិញ។ នេះ​បើ​តាម​សម្ដី​របស់ សៀន សុភក្ត្រា។

ចំពោះ​ការ​ធ្លាក់​មក​លេង​នៅ​លីគ​ទី​២​នេះ ខ្សែ​ប្រយុទ្ធ​ដដែល​​យល់​​ឃើញ​ថា មិន​សូវ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ដូច​លីគ​កំពូល​ទេ ព្រោះ​លីគ​កំពូល​សំបូរ​ក្លឹប​អាជីព និង​សំបូរ​ធន់ធាន​កីឡាករ​ល្អ​ៗ​ច្រើន​​ ហើយ​សុភក្ត្រា​ចង់​​បាន​ការ​ប្រកួត​ប្រជែង​ដ៏​ខ្លាំង។ ទោះជាបែប​នេះ​ក្ដី គេ​ក៏​មិន​មើល​ស្រាល​​ក្លឹប​នៅ​លីគ​២​ដែរ ហើយ​ថា​នឹង​​ខំប្រឹង​ដើម្បី​ឱ្យ​ក្លឹប​ទទួល​បាន​លទ្ធផល​ល្អ។

អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា​អាយុក្រោម​​១៩ឆ្នាំ​ លេង​ពាន​រង្វាន់ AFC U-19 Championship បាន​រង​របួស​ជង្គង់​ខាង​ស្ដាំ​ក្នុង​រដូវ​កាល​ឆ្នាំ​២០២១ បាន​ធ្វើ​ឱ្យ​គេ​អាកខាន​បង្ហាញ​ខ្លួន​នៅ​ចុង​រដូវ​កាល។ គួរ​បញ្ជាក់​ថា​ លីគ​ទី​២​នឹង​ចាប់​ផ្ដើម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០២២ ខណៈ​លីគ​កំពូល​កម្ពុជា Cambodia Prime League ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២​ខាង​មុខ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី