• 2022-02-09 00:40:00
  • បាល់ទាត់

លោក​ សុផាឆៃ វិរៈភុជុង៖​ ក្រុម​ Tiffy Army ​ត្រូវ​លេង​ជា​គំរូ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​

  • 2022-02-09 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ សុផាឆៃ វិរៈភុជុង​ ប្រធាន​សមាគម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ​ (Tiffy Army FC) ​បាន​ពន្យល់​ដល់​ក្រុម​កីឡាករ​របស់​ខ្លួន​ឲ្យ​ម្នាក់ៗ​លេង​ដោយ​សីលធម៌​ចាញ់​ឈ្នះ​គឺ​មាន​អ្នក​គាំទ្រ​នៅ​ស្រឡាញ់​ និង​អាច​យក​ជា​គំរូ​ជា​ពិសេស​ក្មេងៗ​ជំនាន់​ក្រោយ។​

លោក​ សុផាឆៃ វិរៈភុជុង​

ប្រធាន​សមាគម​បាល់ទាត់​ខាងលើ​បាន​លើក​ឡើង​ថា​ សូម​កីឡាករ​ Tiffy Army​ ត្រូវ​ប្រកាន់​ភ្ជាប់​វិន័យ​ សីលធម៌​ និង​ធ្វើ​ខ្លួន​ឲ្យ​សម​ជា​កីឡាករ​អាជីព​ក្នុង​វិស័យ​បាល់ទាត់​នេះ។​ ម្នាក់ៗ​គឺ​លេង​តំណាង​ឲ្យ​កងទ័ព​ទាំង​មូល​ ដូច្នេះ​វិន័យ​ការ​លេង​ដោយ​ស្មារតី​ Fair Play ​គឺ​សំខាន់​បំផុត។​

កីឡាករក្រុម Tiffy Army (រូបភាពផ្ដល់ជូន)

លោក​ សុផាឆៃ វិរៈភុជុង​ បន្ថែម​ទៀត​ថា​ កីឡាករ​គ្រប់​រូប​ត្រូវ​ប្រឹងប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​ បើ​ទោះ​ជា​លទ្ធផល​ចាញ់​ ឬ​ឈ្នះ​យ៉ាង​ណា​ក្ដី​ក៏​មិន​ត្រូវ​លេង​ដោយ​អសីលធម៌​ ប្រាសចាក​វិជ្ជាជីវៈ​បាល់ទាត់​នោះ​ទេ។​ ត្រូវ​ចាំ​ថា​គឺ​ធ្វើ​ជា​គំរូ​គេ​ លេង​ដោយ​ឲ្យ​អ្នក​គាំទ្រ​ស្រឡាញ់​ចូលចិត្ត​ទាំង​ឈ្នះ​ ទាំង​ចាញ់​ និង​ធ្វើ​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​អាច​យក​ជា​ Idol​ ផង​ដែរ។​

កីឡាករក្រុម Tiffy Army (រូបភាពផ្ដល់ជូន)

រំលឹក​ដែរ​ថា​ លោក​ សុផាឆៃ វិរៈភុជុង​ ជា​អគ្គនាយក​ទូរទស្សន៍​ប៉ុស្តិ៍លេខ៥​ និង​ជា​ប្រធាន​ សមាគម​បាល់ទាត់​កងយោធពលខេមរភូមិន្ទ​ (Tiffy Army FC)។​ លោក​មក​ជួយ​ក្រុម​ទ័ព​ ប្រហែល​២ឆ្នាំ​មក​ហើយ។​ បន្ទាប់​ពី​លោក​មក​ជួយ​ក្រុម​បាល់ទាត់​មួយ​នេះ​គឺ​តែងតែ​ឃើញ​មាន​សកម្មភាព​ជា​ហូរហែ​តាម​បែប​ព្រះពុទ្ធសាសនា​ និង​ការ​ជួបជុំ​លើក​ទឹកចិត្ត​កីឡាករ​ជាក់​ស្ដែង​កាល​ពី​ថ្ងៃ​ទី៧​ កុម្ភៈ​ បាន​ទៅ​ធ្វើ​សមាធិ​ និង​សូត្រ​មន្ត​នៅ​​វត្ត​មុន្នីប្រសិទ្ធីវង្ស​ ក្នុង​សង្កាត់​ព្រែកព្នៅ ​ថែម​ទាំង​ពិសាអាហារ​សាមគ្គី​មុន​បើក​លីគ​ ២០២២​ ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី