• 2021-12-16 07:33:08
  • បាល់ទាត់

គ្រូ​បង្វឹក​កម្ពុជា ​និង​ វឌ្ឍនាកា​ និយាយ​អ្វី​ខ្លះ​​សម្រាប់​ជំនួប​ទល់​វៀតណាម​?

  • 2021-12-16 07:33:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ធ្វើ​ការ​ប្រកួត​ទល់​ក្រុម​វៀតណាម​ថ្ងៃ​ទី១៩ ​ខែ​ធ្នូ ឆ្នាំ​២០២១ ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020 ដែល​ជា​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល B នៃ​វគ្គ​សន្សំ​ពិន្ទុ។

​ក្នុង​ជំនួប​នេះ​លោក Ryu Hirose គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​លើក​ឡើង​ក្រោយ​ក្រុម​ខ្លួន​បំបាក់​ឡាវ ៣-០ ​ថា ក្រុម​​កម្ពុជា ​នឹង​លេង​តាម​របៀប​រាយ​សម្រុក​ទៅ​លើ​ក្រុម​វៀតណាម​។ ពោល​លោក​ប្រកាន់​គោលជំហរ​ថា នឹង​លេង​ដូច​ប្រកួត​មុន​ដដែល មិន​ថា​ប៉ះ​ក្រុម​វៀតណាម ឬ​ប៉ះ​ក្រុម​ខ្លាំង​កម្រិត​ណា​នោះ​ឡើយ។

​បើ​សិន​ការ​រៀប​ចំ​លេង​ដូច​អ្វី​ដែល​គ្រូ​ជន​ជាតិ​ជប៉ុន​បាន​និយាយ​ប្រាកដ​ណាស់​​​វៀតណាម ​ទំនង​ជា​អាច​មាន​ឱកាស​ច្រើន​ក្នុង​ការ​យក​ឈ្នះ​មក​កាន់​ប្រទេស​កម្ពុជា។ យ៉ា​ង​ណា​ក្នុង​ជំនួប​នេះ​កីឡាករ​ឆ្នើម​របស់​កម្ពុជា ចាន់ វឌ្ឍនាកា ក៏​បាន​លើក​ឡើង​ដែរ​ថា «​យើង​បាន​ជួប​វៀតណាម​ច្រើន​ដង​មក​ហើយ​ក្នុង​ការ​ប្រកួត​ AFF Cup ​ហើយ​បាន​ឃើញ​យ៉ាង​ច្បាស់​ពី​ការ​អភិវឌ្ឍ​យុវជន​របស់​ពួក​គេ​។ យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​ពី​មុន។ កម្ពុជា​មាន​កីឡាករ​វ័យ​ក្មេង​ច្រើន​​ក្នុង​ការ​ចូល​រួម​កម្មវិធី​នេះ​ ហើយ​សង្ឃឹម​ថា​កីឡាករ​វ័យ​ក្មេង​ទាំង​នោះ​នឹង​អាច​រៀនសូត្រ​ពី​ការ​ប្រកួត​ទល់​វៀតណាម​​នោះ»។

​រំលឹក​ថា ​វៀតណាម ត្រូវ​ការ​ត្រឹម​ស្មើ​កម្ពុជា​ប៉ុណ្ណោះ​ពួក​គេ​នឹង​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្ត ស្រប​ពេល​កម្ពុជា​​គឺ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​មួយ​នេះ​ហើយ​​ក្រោយ​វៀតណាម​ស្មើ​ ឥណ្ឌូណេស៊ី ០-០ កាល​ពី​យប់​មិញ​៕ ​​​​​​​

ប្រភព៖ Zing ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី