• 2021-11-29 07:56:42
  • បាល់ទាត់

នេះហើយទឹកចិត្ត! អាណិតពេកបងប្អូនលោក ប្រាក់ សុវណ្ណារ៉ា ជួយទិញមួកនិងកន្សែងស្ត្រីពិការភ្នែក

  • 2021-11-29 07:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយមើលឃើញពីទុក្ខលំបាកលោកគ្រូ​ ប្រាក់ សុវណ្ណារ៉ា រួម​ទាំង​បងប្អូនរ​បានមូលមតិគ្នាជួយទិញមួកនិងកន្សែងបង់ក ចាក់ដោយដៃទាំងអស់​ពីក្រុម​គ្រួសារ​ស្ត្រីពិការភ្នែកម្នាក់។

ការ​ប្រមូល​ទិញ​​របស់​ក្រុម​គ្រួសារ​លោក​ ប្រាក់ សុវណ្ណារ៉ា ធ្វើ​ឡើង​ក្រោយ​អតិថិជន​​របស់​ស្ត្រី​ជនពិការនៅ​ឯសហរដ្ឋអាមេរិក​​ បាន​ពន្យារ​ការ​ជាវ​ដោយ​លើក​ហេតុ​ផល​ថា​ប្ដូរ​ជើង​ហោះហើរ​​ទៅ​ខែ​មីនា ឆ្នាំ​២០២២​វិញ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នក​ទទួល​ចាក់​ស្ទះ​ថវិកា។

អតីតគ្រូបង្វឹកក្លឹបបឹងកេត បានឱ្យ​ដឹងនៅលើហ្វេសប៊ុកខ្លួន​ថា ៖«មានក្រុមនៅអាមេរិក កុម៉្មង់​ទិញ​មួក​១៥ ដែលតម្លៃមួយ១៣$ និង កន្សែងបង់ក ៨ មួយតម្លៃ២២$ ។ គាត់ជាជនពិការភ្នែក ប្រឹងធ្វើទាំងយប់ថ្ងៃ ដើម្បីឱ្យ​ទាន់ពេល ដល់ធ្វើរួចបែរជាថាមិនទាន់យកទេ មូលហេតុដោយសារប្តូរជើងយន្តហោះទៅខែ៣វិញ។ គាត់ក៏ប្រកាសរកអ្នកជួយទិញ ដើម្បីបានដើមទិញអំបោះមកធ្វើបន្ត ព្រោះគាត់រកមួយថ្ងៃហូបមួយថ្ងៃ ថ្លៃជួលផ្ទះ កូនរៀន ហូបចុក ជំងឺប្រចាំកាយ។ បងប្អូនខ្ញុំជាពិសេស បងម៉ូនីកា រួមគ្នាជួយដោះទាល់គាត់ ដោយជួយទិញទាំងអស់។ បើបងប្អូនចង់ចូលរួមជាវបន្ត យើងខ្ញុំនឹងយកទៅជូនដល់ផ្ទះ ដោយមិនគិតថ្លៃសេវាឡើយ»។

ក្រោយពីបានប្រមូលទិញអស់ហើយលោក ប្រាក់ សុវណ្ណារ៉ា ក៏បានអំពាវនាវដល់មហាជនឱ្យ​ជួយគាំទ្រស្នាដៃជនពិការដែលប្រឹងរស់ដោយខ្លួនឯង មិនលើកដៃសុំគេនេះថែមទៀតផង។

លោកបានបញ្ជាក់ថា ៖«សូមចូលរួមគាំទ្រស្នាដៃជនពិការ ដែលប្រឹងរស់ដោយខ្លួនឯង មិនលើកដៃសុំអ្នកណាឡើយ។ គាត់ផលិតដោយដៃ មានកាបូប គ្រប់ម៉ូត គ្រប់ពណ៌ កន្សែងមួយ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់