• 2021-11-24 02:41:07
  • បាល់ទាត់

វុធ តុលា៖ ទំនុកចិត្តមានមកវិញដូចនៅព្រៃវែងអ៊ីចឹង

  • 2021-11-24 02:41:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វុធ តុលា កាលពីម្សិលមិញបានរួមចំណែកយ៉ាងសំខាន់ជួយឱ្យ​ក្លឹបបាល់ទាត់វិសាខាឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេច ហ៊ុន សែន ក្រោយក្រុម​យកឈ្នះ ២-១ នៅគីឡដ្ឋានខេមបូឌោអ៊ែរវេរ បើទោះបីជា​គេមិនបានស៊ុតបញ្ចូលទីខ្លួនឯងក្ដី។

ការបង្ហាញខ្លួននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ថ្ងៃ២៣ វិច្ឆិកា ២០២១ អតីតកីឡាករព្រៃវែងបានបញ្ចេញសមត្ថភាពលេងយ៉ាងល្អទាំងកម្លាំង និងបច្ចេកទេសអូសទាញ និងក្រឡុកខ្លាំងនៅតំបន់ស្លាប តំបន់​ប្រយុទ្ធ ជាហេតុធ្វើឱ្យ​កូនក្រុមលោក គឹម ភក្ដី​ ពិបាកក្នុងការការពារនិង​វាយ​បក​។ តាមការសាកសួរខ្សែប្រយុទ្ធវ័យក្មេងរូបនេះបង្ហើបថា គេមិនទាន់ Fit មួយរយភាគរយទេ ប៉ុន្តែមានទំនុកចិត្តខ្ពស់​ដូចពេល​លេងឱ្យ​ក្រុមបាល់ទាត់ព្រៃវែងដូច្នោះដែរ។

ម្ចាស់ស្បែកជើងមាសពានសម្ដេចឆ្នាំ២០២០ប្រាប់ថា ៖«បាទបង! ឥឡូវទំនុកចិត្តមានមក​វិញដូចនៅព្រៃវែងអ៊ីចឹងបង ហ៊ានលេងហ៊ានអីអ៊ីចឹង...ឥឡូវទំនុកចិត្តមកវិញហ៊ានលេងហ៊ានអូសហ៊ានញាក់អ៊ីចឹង​ណា»។

បើនិយាយ​ពី​រឿង​ទំនុក​ចិត្ត តុលា មាន​តាំង​ពី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មក​ម្ល៉េះ ពេល​ក្រុម​វិសាខា​ប្រកួត​ជាមួយ​ក្រុម​ខេត្ត​កោះកុង។

យុវជនវ័យ១៩ឆ្នាំជា​កីឡាករល្អមួយរូប​។​ ក្នុងពានសម្ដេច ហ៊ុន សែន ថ្នាក់ជាតិលើកទី១៥ ឆ្នាំ២០២១នេះ គេបានបង្ហាញខ្លួននិងជាប់ជម្រើស១១នាក់ដំបូងគ្រប់ការប្រកួត ចាប់​តាំងពីវគ្គ១៦ក្រុមចុងក្រោយ​។ ទោះបីជា​យ៉ាងណាគេមិនទាន់រកបាន​គ្រាប់បាល់​នៅឡើយទេ។

ខ្សែ​ប្រយុទ្ធមុត​ស្រួច​ដដែល​​បាន​រៀបរាប់​ឱ្យ​ដឹង​ទៀត​ថា គេ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​​បាន​ជួយ​ក្រុម​ឡើង​វគ្គផ្ដាច់ព្រ័ត្រ និង​រីករាយ​ដែល​បាន​មក​លេង​នៅ​ក្លឹប​ខ្លាំង​វិសាខា ដ្បិត​ក្រុម​មួយ​នេះ​ក៏ជាក្រុម​ក្នុង​​ក្ដី​ស្រមៃរបស់​គេ​​។ ប៉ះជាមួយ​ព្រះខ័នរាជស្វាយរៀង​នៅ​​​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ តុលា​ប្ដាជ្ញា​ខំប្រឹង​ប្រែង​ឱ្យ​អស់​ពី​លទ្ធភាព​ ដើម្បី​ជួយ​ក្រុម​ការពារ​តំណែង​ជើង​ឯក​ (២០២០) លើក​ពាន​មួយ​នេះ​ម្ដង​ទៀត​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី