• 2021-11-15 07:26:42
  • បាល់ទាត់

ហួត ធឿងលីដា ក្រែងចិត្តផង​ដឹង​គុណ​ផងពេលមានអ្នកជួយសម្រួលឡើងចុះនៅ​កីឡដ្ឋានម្ដងៗ

  • 2021-11-15 07:26:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហួត ធឿងលីដា ជាអ្នកគាំទ្របាល់ទាត់ដ៏សកម្មមួយរូបនៅកម្ពុជា និងជាអ្នកគាំទ្រដ៏​ស្មោះស្ម័គ្ររបស់ក្លឹបបាល់ទាត់វិសាខា។ ជាញឹកញាប់គេតែងឃើញកញ្ញាមានវត្តមានពេលក្លឹបខ្លាំងមួយនេះប្រកួតម្ដងៗមិនថានៅតាមខេត្តឬនៅក្រុងភ្នំពេញទេ។

គេសង្កេតឃើញទៀតថានៅពេលដល់កីឡដ្ឋានម្ដងៗ គឺ​មានអ្នកចាំជួយយកអាសា សម្រួលកញ្ញាឡើងចុះកីឡដ្ឋាន ហើយពេលខ្លះក៏មាន​ការជួយ​ពី​ក្រុម​កងកម្លាំងយាមកាមនៅកីឡដ្ឋានទៀតផង។

ចំពោះទង្វើល្អៗនិងសណ្ដានចិត្តដ៏ថ្លៃថ្លាទាំងនេះ លីដាបានបង្ហាញអារម្មណ៍ក្រែងចិត្ត និងដឹងគុណជាខ្លាំងដល់បងប្អូនដែលតែងជួយសម្រួលការលំបាកមួយ ដ្បិតខ្លួនមិនអាចធ្វើខ្លួនឯងបាន។ ថ្មីៗនេះកញ្ញាបានបង្ហោះវីដេអូមួយ ដែលមានអ្នកជួយកញ្ញាចុះពីកីឡាដ្ឋានព្រីនស៍ ក្រោយវិសាខាស្មើ ១-១ ជាមួយភ្នំពេញក្រោនក្នុង​ការ​ដណ្ដើម​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​។

កញ្ញាបានទម្លាយអារម្មណ៍ក្នុងចិត្តថា ៖«ខ្ញុំពិតជាចង់ធ្វើដោយខ្លួនឯងណាស់ ប៉ុន្តែខ្ញុំមិនអាច ខ្ញុំតែងគិតថានៅពេលដល់កីឡដ្ឋាន តើបានអ្នកណាជួយខ្ញុំ? ខ្ញុំរីករាយនៅពេលដែលខ្ញុំបាន​ជួប​ឧបស​គ្គអ្វីៗ ហើយមានអ្នកជួយ ខ្ញុំពិតជាក្រែងចិត្តពួកគាត់ណាស់ ខ្ញុំបានត្រឹមតែអរគុណ និងចាំទង្វើល្អទាំងនោះក្នុងចិត្ត»។

យុវតី​កំព្រាឪពុកដ៏កម្សត់រូប​នេះ​ បានធ្លាក់ខ្លួនមានរាងកាយមិនប្រក្រតីនៅអាយុ១ខួប ដោយជំងឺគ្រុនស្វិតដៃជើង ហើយ​បានទម្លាយរឿងកម្សត់មួយ​​ថា ឪពុកម្ដាយ​បានរៀបចំធ្វើបុណ្យបញ្ចុះសពរបស់​ខ្លួនហើយកាលនោះ ប៉ុន្តែអាយុថ្លៃយមរាជមិនឆក់​យក​ថ្លៃជីវិតនាងបានឡើយ។ អ្នក​គាំទ្រ​វ័យ​២៧​ឆ្នាំបន្ថែម​ទៀត​ថា​ នេះ​ជា​ជីវិត​ទី​២​របស់​ខ្លួន ហើយ​​នាង​បាន​ធ្វើ​រឿង​អស្ចារ្យ​ច្រើន​កន្លង​មក​នេះ និង​មាន​មោទកភាព​ចំពោះ​ម្ដាយឪពុក​និង​ខ្លួន​ឯងផ្ទាល់​។

យុវតីបានប្រាប់ថា ៖«កាលខ្ញុំឈឺនោះគឺម៉ែឪខ្ញុំធ្វើបុណ្យឲ្យខ្ញុំហើយបង ដាក់ក្នុងមឈូស រៀបនឹងដង្ហែទៅបញ្ចុះហើយ តែដោយសារមុនបញ្ចុះគេបើកគម្របមឈូសមើលមុខចុងក្រោយ ឃើញខ្ញុំលានអណ្ដាត ទើបដឹងថាខ្ញុំមិនទាន់ស្លាប់ទេ»។

ងាកមកបាល់ទាត់វិញ ទោះបីជាកញ្ញាមានរាងកាយមិនមាំទាំដូចអ្នកគាំទ្រដទៃ ប៉ុន្តែក្ដី​ស្រលាញ់​មកលើវិស័យមួយនេះគឺធំធេងណាស់ ខណៈម្ដាយបង្កើតក៏មិនបានហាមឃាតសកម្មភាពគាំទ្ររបស់កញ្ញាឡើយ ដោយលោកស្របតាមការស្រលាញ់របស់កូនស្រី។

លីដាចាប់ផ្ដើមស្រលាញ់ និងគាំទ្រក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាតាំងពីឆ្នាំ ២០១៦ និងគាំទ្រក្លឹបបាល់ទាត់វិសាខា ចាប់ផ្ដើមតាំងពីឆ្នាំ២០១៧មក។ ក្នុងនាមជាអ្នកគាំទ្រមួយរូបលីដាចង់ឱ្យកីឡាករជម្រើសជាតិ​ និងកីឡាករគ្រប់ក្លឹប ត្រូវ​មានឆន្ទៈនិងលេងឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យពិភពលោកបានស្គាល់​ និងជម្រុញឱ្យ​បាល់ទាត់កម្ពុជាកាន់តែមានការវិវឌ្ឍ និងប្រកួតប្រជែងកាន់តែខ្លាំង។

បើសួរ​អំពី​ការ​ប្រកួត​កាល​ពី​ថ្ងៃ​សៅរ៍ លី​ដា​ថា​ពេញ​ចិត្ត​ចំពោះ​លទ្ធផល និង​ពេញ​ចិត្ត​ការ​លេង​របស់​ក្រុម​វិខាសា ហើយ​ក៏​សរសើរ​និង​គោរព​ដល់​ការ​ប្រឹង​ប្រែង​របស់​ក្រុម​បាល់​ទាត់​ភ្នំពេញ​ក្រោន ហើយ​សូម​ចូល​រួម​សោកស្ដាយ​ចំពោះ​​ខ្សែ​ប្រយុទ្ធ រឹង ប៊ុនហៀង ដែល​បាន​រង​របួស​បាល់​ជើង​អំឡុង​ពេល​ប៉ះទង្វិច​ជាមួយ​ខ្សែ​បម្រើ អន ចាន់​ប៉ូលីន របស់​ភ្នំពេញ​ក្រោន​។

កញ្ញា​បញ្ជាក់​ថា ៖«លទ្ធផលគឺខ្ញុំសប្បាយចិត្ត ព្រោះបងប្អូនកីឡាករពួកគាត់ខំប្រឹងណាស់សម្រាប់ការប្រកួតនោះ ព្រោះវាសំខាន់មែនទែន ពួកយើងចង់ឈ្នះព្រោះជាឱកាសដណ្ដើមពានដ៏សំខាន់។ គ្មានអ្នកណាដឹងលទ្ធផលមុនទេ​ ៩០នាទីក្រោយនៃការប្រកួត ទើបអាចសម្រេចថាឈ្នះចាញ់។ ពួកគាត់ធ្វើបានល្អណាស់​ ខ្ញុំក៏សោយស្ដាយសម្រាប់បងប្រុស រឹង ប៊ុនហៀង ដែលបានរងរបួស (បាក់ជើង) នៃការប្រកួតផង។ យ៉ាងណានៅប្រកួតចុងក្រោយ ពួកយើងនៅតែជឿលើក្រុមពួកគាត់ (វិសាខា)»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់