• 2021-10-27 01:59:16
  • បាល់ទាត់

​សម្ដី​ដ៏​មាន​ន័យ​របស់ Keisuke Honda ក្រោយ​ U23 កម្ពុជាចាញ់ U23 ជប៉ុន ០-៤

  • 2021-10-27 01:59:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ បាន​ចាញ់​ជម្រើសជាតិ​ជប៉ុនអាយុ​ក្រោយ​២៣​ឆ្នាំ ០-៤ ក្នុង​ការ​ប្រកួត​​ពានរង្វាន់ AFC U23 Asian Cup Qualifiers។ ក្រោយ​ចាញ់​ក្រុម​ជើង​ខ្លាំង​សាំម៉ូរ៉ៃ​ជប៉ុន អ្នក​ចាត់​ចារ​ទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បាន​​ផ្ញើសារ​ដ៏​មាន​អត្ថន័យ​មក​ដល់​ក្រុម​គោព្រៃជំទង់​។

លោក Keisuke Honda បាន​លើក​ឡើង​ថា នេះ​មិន​មែន​ជា​ការ​ប្រកួត​ដ៏​អាក្រក់​ទេ ព្រោះ​​កម្ពុជា​បាន​បង្ហាញ​ពី​ការ​លេង​ល្អ​ខ្លះ​របស់​ខ្លួន​ទៅ​កាន់​ក្រុម​ជប៉ុន​ហើយ និង​ស្នើសុំ​ឱ្យក្រុម​​គោព្រៃ​ជំទង់​​ស្រេកឃ្លាន​ការ​រីកចម្រើន​សមត្ថភាព​ទាំង​កលល្បិច បច្ចេកទេស និង​កាយសម្បទា ដើម្បី​លេង​ជាមួយ​ក្រុម​​មាន​កម្រិត​ស្មើ​ជប៉ុន​នៅ​ស៊ីហ្គេម​ឆ្នាំ​២០២៣។

អ្នក​ចាត់​ការ​វ័យ​៣៥​ឆ្នាំ បាន​បញ្ជាក់​បន្ថែម​ថា ៖«ពួក​យើង​ទាំង​អស់​គ្នា​ វា​មិន​មែន ជា​ការ​ប្រកួត​ដ៏​អាក្រក់នោះ​​ទេ។ ពួក​យើង​បាន​បង្ហាញ​ទៅ​​​ពួកគេ​ពី​ការ​លេង​ល្អ​ខ្លះ។ ប៉ុន្តែ​ពួក​យើង​ត្រូវ​កែ​តម្រូវ​ការ​លេង​​របស់​ពួក​យើង​ជា​ច្រើន​ទៀត​។ យើង​ត្រូវ​លេង​ជាមួយ​ក្រុម​ដែល​មាន​កម្រិត​ស្មើ​ជប៉ុន​នៅ​​ឆ្នាំ​២០២៣។ យើង​មាន​ពេល​តែ​មួយ​ឆ្នាំ​ជាង​ទៀត​ទេ។ ដូច្នេះ​យើង​មិន​មាន​ពេល​ច្រើន​ទេ។ ទាំង​ផ្នែក​កល​ល្បិច (Tactics) ផ្នែក​បច្ចេកទេស និង​ផ្នែក​កាយ​សម្បទា អ្នក​ទាំង​អស់​គ្នា​ត្រូវ​មាន​ភាព​ស្រេក​ឃ្លាន​ចង់​រីក​ចម្រើន​នូវ​សមត្ថភាព​នៃ​ផ្នែក​ទាំង​នេះជា​រៀង​រាល់​ថ្ងៃ។ តោះ!!! ធ្វើ​វា​ទាំង​អស់​គ្នា​ពួក​យើង​»។

គួរ​បញ្ជាក់​ថា ក្រុម​ជម្រើស​ជាតិ​កម្ពុជាអាយុ​ក្រោម​២៣​ឆ្នាំដែល​ស្ថិត​នៅ​ពូល K មិន​ទាន់​អស់​សង្ឃឹម​ទេ ពោល​គឺ​រងចាំ​អ៊ុត​មើល​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ពូល ដើម្បី​ឡើង​ទៅ​វគ្គ​ជម្រុះ​បន្ត។​ ក្នុង​ចំណោម​១១​ពូល គេ​យក​ក្រុម​​លេខ​២​ល្អ​បំផុត​តែ​៤​ក្រុម​ប៉ុណ្ណោះ ខណៈម្ចាស់​ផ្ទះ​មិន​បាច់​ចាំ​អ៊ុត​ទេ​គឺ​បាន​កៅអី​​​ឡើង​ទៅ​វគ្គ​បន្ទាប់​ស្វ័យ​ប្រវត្តិ​តែ​ម្ដង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី