• 2021-10-22 07:05:43
  • បាល់ទាត់

ថា គ្រីយ៉ា៖ បើបានស្បែកជើងមាសមែន ខ្ញុំពិតជាសប្បាយចិត្ត

  • 2021-10-22 07:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីក្រុមខេត្តបាត់ដំបងធ្លាក់ចេញពីពានរង្វាន់ Hun Sen Cup ថ្នាក់ខេត្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រស្វ័យប្រវត្តិមែន ប៉ុន្តែខ្សែប្រយុទ្ធរបស់ពួកគេ ថា គ្រីយ៉ាង កំពុងនាំមុខគេក្នុងនាមជាអ្នករកគ្រាប់បាល់បានច្រើនបណ្ណោះអាសន្ន ពោលមាន១០គ្រាប់ លើសខ្សែប្រយុទ្ធ វិច្ឆិការ ពៅ របស់កោះកុង៤គ្រាប់ និង ទិត រ៉សាក់ របស់ត្បូងឃ្មុំ៥គ្រាប់។ កីឡាកររូបនេះត្រូវបានគេរំពឹងថានឹងឈ្នះស្បែកជើងមាសរដូវកាលឆ្នាំ២០២១នេះ។

កីឡាករ ថា គ្រីយ៉ា

ក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយលើគេហទំព័រ CNCC កីឡាករ​ ថា គ្រីយ៉ា បានឱ្យ​ដឹងថាជារឿងល្អម្យ៉ាងដែរ បើសិន​គេឈ្នះស្បែកជើងមាស ប៉ុន្តែក៏សោកស្ដាយដែលមិនអាចបន្តការប្រកួត និងបាត់ឱកាសប្រជែងពាននៅថ្នាក់ជាតិ។

គ្រីយ៉ា បញ្ជាក់ថា ៖« បើបានស្បែកជើងមាសមែន ខ្ញុំពិតជាសប្បាយចិត្ត ព្រោះបាននាមជាអ្នកទាត់បញ្ចូលទីច្រើនជាងគេ តែក៏ខកចិត្តដែរដែលមិនអាច ប្រកួតបន្តទៀត ធ្វើឲ្យបាត់ឱកាសប្រជែងទៅលេងថ្នាក់ជាតិ។ វាក៏ជាលើកដំបូងដែលខ្ញុំបាន ចូលលេងពានសម្ដេច។ ពួកយើងពិតជាស្ដាយ តែធ្វើម៉េចបើសម្រេចបែបនេះហើយ ហើយយើងក៏មិនចង់ឲ្យវាកើតឡើងដែរ»។

ក្រុមបាល់ទាត់ ស.ស.យ.ក ខេត្តបាត់ដំបង មិនអាចប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទេ ព្រោះកីឡាកររបស់ពួកគេត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីស១៩។ ពួកគេក៏ត្រូវខកខានការប្រកួតដណ្ដើមលេខ៣នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ដូច្នេះចំណាត់ថ្នាក់លេខ៣ ត្រូវបានផ្ដល់ដល់ក្រុមខេត្តបន្ទាយមានជ័យដោយស្វ័យប្រវត្តិ។ ដោយឡែក គូប្រកួតដណ្ដើមជើងឯករវាងត្បូងឃ្មុំ និងកោះកុងអេហ្វស៊ី នឹងដំណើរការតាមគម្រោងដដែល។

ក្នុងការប្រកួតពានរង្វាន់ Hun Sen Cup រដូវកាល២០២១នេះ ថា គ្រីយ៉ា បង្ហាញខ្លួនលេងបាន ៦ប្រកួត។ ក្នុងចំណោម១០គ្រាប់ដែលរកបានកន្លងមក មាន៣គ្រាប់ក្នុងសំណាញ់ពោធិ៍សាត់ វគ្គចែកពូល និង៤គ្រាប់ពេលប៉ះក្រុមខេត្តកណ្ដាល វគ្គ៨ក្រុមចុងក្រោយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី