• 2021-09-28 03:03:34
  • បាល់ទាត់

​AFC U-23 Asian Cup ៖ ​U23 កម្ពុជា​​អាច​​មា​ន​ឱកាស​អ៊ុត​មើល​​ដោយ​គ្រាន់តែ​ឈ្នះ U23 ហុងកុង​​​

  • 2021-09-28 03:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ការ​ប្រកួត​ជម្រុះ​​ពូល K នៃ​ពាន​រង្វាន់ 2022 AFC U-23 Asian Cup របស់​ក្រុម​ U23 កម្ពុជា​ ហាក់មាន​​​ភាព​ងាយ​ស្រួល ដោយ​សារ​ពូល​​នេះ​កូរ៉េ​ខាង​ជើងបាន​​ដក​ខ្លួន ហើយ​ក្រុម​​មាន​តែ​៣​ខណៈ​ក្រុម​ដែល​អាច​ឡើង​ទៅ​វគ្គ​បន្ត​អាច​មាន​ដល់​២​ក្រុម ដូច្នេះ​គ្រាន់​តែ​ឈ្នះ U23 ហុង​កុង​ អាច​មាន​ក្រឡា​អ៊ុត​មើល​​។

​ព្រឹត្តិការណ៍​​​នេះ​ក្រុម​បាន​ឡើង​​ទៅ​វគ្គ​បន្ត​គឺ​លេខ​១ ឡើង​ដោយ​ស្វ័យប្រវត្តិ ​ហើយ​​​ក្រុម​លេខ​២​គឺ​គេ​រើស​យក​​​​ក្រុម​លេខ​២​ល្អ​បំផុត​ចំនួន​៤​ក្នុង​ចំណោម​១១​ពូល​ឡើង​ទៅ​ជុំ​បន្ទាប់​។ ​ដូច្នេះ​ក្រុម​កម្ពុជា​គិត​​ទៅ​ក៏​មាន​ភាគ​រយ​ច្រើន​ដែរ ​​ដោយ​​គ្រាន់​តែ​យក​ឈ្នះ​ទៅ​លើ​យុវជន​​ ហុង​កុង ​​​ជា​មុន​សិន​នឹង​អាច​មាន​ឱកាស​អ៊ុត​មើល​ ​​ខណៈ​ដែល​យុវជន​ ហុង​កុង ​និង​យុវជន​កម្ពុជា​មាន​កម្រិត​ប្រហាក់​ប្រហែល​គ្នា​ប៉ុណ្ណោះ​​។

ពូល​ K នេះ​មាន​យុវជន​​ជប៉ុន​ជា​ខ្លា​ក្នុង​ពូល ​ហើយ​ក៏​ជា​​ក្រុម​ដែល​មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​ដែល​អាច​ឡើងទៅ​ជុំ​បន្ទាប់​ដែរ​។ បើ​មើល​ទៅ​លើ​យុវជន​ ហុង​កុង មិន​សូវ​ជា​ខ្លាំង​​ទេ ពួក​គេ​ក៏​បរាជ័យ​ក្រោ​ម​ថ្វី​ជើង​យុវជន​ថៃ ១-០ បរាជ័យ​ក្រោម​ថ្វី​ជើង​យុវជន​ឥណ្ឌូណេស៊ី ៣-១ កាល​ពី​ឆ្នាំ​២០១៨ និង​លេង​ស្មើ​យុវជន​ សឹង្ហបុរី​កាល​ឆ្នាំ​២០១៩ ១-១ ផង​ដែរ​។ ចំណែកយុវជន​ U23 កម្ពុជា​គឺ​ធ្វើ​បាន​ល្អ​បំផុត​កាល​ឆ្នាំ​២០១៩ ដោយ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ ហើយ​ចាញ់ ម៉ីយ៉ាន់ម៉ា ដោយ​បាល់​ប៉េណាស់ទី និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម២០១៩​​នៅ ហ្វីលីពីន​។

​ពាន​ខាង​លើ​កម្ពុជា​នឹង​ប៉ះ​ U23 ហុង​កុង​ ថ្ងៃ​ទី​២៧ ខែ​តុលា ឆ្នាំ​២០២១ និង​ប៉ះ​ U23 ជប៉ុន​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០២១ នៅ​ទឹក​ដី​ជប៉ុន​៕ ​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី