• 2021-09-16 03:13:29
  • បាល់ទាត់

អាត អូនតូច ថាការប្រកួតរវាងព្រៃវែង និងណាហ្គាឡើងកម្ដៅខ្លាំង!

  • 2021-09-16 03:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែបម្រើ អាត អូនតូច បានបង្ហើបប្រាប់ Sabay ថាជំនួបបិទវគ្គជុំទីមួយ​រវាងក្រុមព្រៃវែង និង​ណាហ្គាវើលដ៍គឺមានការឡើងកម្ដៅខ្លាំង ព្រោះក្រុមទាំងពីរសុទ្ធ​ស្រេកឃ្លានគ្រាប់បាល់​រហូតមានការ​ស៊ុតបញ្ចូលទី​គ្នាសរុបដល់ទៅ៧គ្រាប់។

ក្រុមក្មេងខ្ចីព្រៃវែង និងក្រុមចាស់វស្សាណាហ្គាវើលដ៍ កាលពីម្សិលមិញក្នុងទឹកដីព្រៃវែង បានធ្វើការសម្រុកគ្នា និងបុកទៅបុកមក បង្កើតអោយការប្រកួតមានភាពតានតឹង និងជក់ចិត្តខ្លាំង។ ប៉ុន្តែយ៉ាងណា​ចប់តង់ទី១ ក្រុមទាំងពីរនៅរក្សាលទ្ធផល ០-០ ដដែល​។

បើតាមសម្ដីរបស់អូនតូចនៅដើមតង់ទី១ ក្រុមខ្លាំងណាហ្គាគ្រប់គ្រងបាល់បានច្រើន និងបានដាក់សម្ពាធយ៉ាងខ្លាំងជាហេតុធ្វើអោយក្រុមខ្លួនថមថយកម្លាំង និងបណ្ដាលអោយក្រុមមានទំនាក់ទំនងគ្នាមិនបានល្អ។

អូនតូច បញ្ជាក់ថា ៖«នៅដើមតង់ទី១គឺ [ក្រុមយើង] មិនសូវបានល្អបង ដោយសារពួកគាត់ [ណាហ្គា] មានការគ្រប់គ្រងបាល់ច្រើនបន្តិច ធ្វើអោយពួកយើងខ្សោយកម្លាំង ដូច្នេះហើយទើបយើងថយកម្លាំង ធ្វើអោយការទំនាក់ទំនងមិនសូវបានល្អ ដល់ពាក់កណ្ដាលតង់ទី១គឺចាប់ផ្ដើមតានតឹងបុកទៅបុកមក ការប្រកួតគឺមានកម្ដៅខ្លាំង»។

ចូលដល់តង់ទី២ក្រុមលោក មាស ចាន់ណា បានបើកការនាំមុខមុនរហូតដល់ទៅ ៣-០ ខណៈព្រៃវេងមិនបានបោះបង់ការចង់បានគ្រាប់បាល់ឡើយ ដោយនៅនាទី៧០ ខ្សែប្រយុទ្ធលេខ៩ អះមាត់ ស៊ូរីម រកបាន១គ្រាប់មកវិញ និងថែម​១គ្រាប់ទៀតនៅនាទី ៧៧ និងបន្ទាប់មកកីឡាករ សន សុវត្ថិ ដាក់បន្ថែម១គ្រាប់ទៀតតាមស្មើណាហ្គា ៣-៣។ ប៉ុន្តែគួរអោយស្ដាយចុងម៉ោងទៅហើយ ក្រុមភ្ញៀវបានស៊ុតមួយគ្រាប់ទៀតដោយកីឡាករជប៉ុន Fumiya KoGure នៅនាទី៨៨។ ចប់ការប្រកួតព្រៃវែង ចាញ់ណាហ្គា ៣-៤។

ជុំវិញលទ្ធផលនេះ អូនតូចដែល​​លេង​បាន​៣០​នាទី​ចុង​ក្រោយ​ បានបង្ហាញអារម្មណ៍សោកស្ដាយ ដ្បិតចុងម៉ោងទៅហើយបែរជារបូតគ្រាប់បាល់មួយគ្រាប់ទៀតទៅវិញ។ តែយ៉ាងណាគេពេញចិត្តនឹងការហ៊ានលេងរបស់ក្រុម ក្រោម​ហេតុ​ផល​​ក្រុមមានទំនាក់ទំនងល្អ​នឹង​គ្នា ប៉ុន្តែគ្រាន់ភ្លាត់ចុងម៉ោងប៉ុណ្ណោះ។

លទ្ធផលចាញ់ ៣-៤ នេះធ្វើអោយព្រៃឈរនៅលេខរៀងទី១១ ចំណែកណាហ្គាវើលដ៏ឈរលេខរៀងទី៤ បន្ទាប់ឆ្លងកាត់ ១២ប្រកួតចប់ជុំទី១៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី