• 2021-09-10 07:00:26
  • បាល់ទាត់

ប៉ះវិសាខាសប្ដាហ៍នេះ បឹងកេតបារម្ភតំបន់ការពារទេ ពេលបាត់ ទេស សម្បត្តិ?

  • 2021-09-10 07:00:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមជើងខ្លាំងបឹងកេត នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ នឹងបើកកីឡដ្ឋានខេមបូឌាអ៊ែរវេទទួលស្វាគមន៍ក្រុមខ្លាំងសំបូរធន់ធានវិសាខា ដើម្បីបិទបញ្ចប់ការប្រកួតជុំទីមួយរបស់ខ្លួន។ ក្នុងជំនួបនេះម្ចាស់ជើងឯកលីគ៤​សម័យកាល បានបាត់បង់ខ្សែការពារដ៏​សំខាន់មួយ​រូប​គឺ​ ទេស សម្បត្តិ បន្ទាប់ពីគេ​សម្រេច​ចូលរួមជាមួយវិសាខា ដើម្បី​ត្រៀមការប្រកួតជុំទីពីរ។

លោកគ្រូ​ គឹម ភក្ដី

បាត់បង់កំផែងការពារ​ដ៏រឹងមាំម្នាក់នេះ តើបឹងកេតមានការព្រួយបារម្ភយ៉ាងណាដែរនៅតំបន់ការពារ ខណៈគូបដិបក្សជាក្រុមខ្លាំងសំបូរកីឡាករល្អៗ និងជម្រើសជាតិកម្ពុជា?

មិនចំពោះតែក្រុមវិសាខាទេ បឹងកេតតែងព្រួយបារម្ភគ្រប់ការប្រកួតកន្លងមក ហើយមិនដែលភ្លេចការខិតខំប្រឹងប្រែងដែរ និងតែងគោរពដល់គូប្រជែងជានិច្ច។ នេះជាការលើកឡើងរបស់គ្រូបង្គោលក្លឹប​បឹង​កេត​ លោក គឹម ភក្ដី។

គ្រូបង្វឹកជួយអោយបឹងកេតលើកពានលីគឆ្នាំ២០២០ បានសង្កត់ធ្ងន់បែបនេះ ៖«...(វិសាខា)ជាក្រុមមួយល្អនៅការប្រកួតពានរង្វាន់ Metfone Cambodian Leauge ហើយក្រុមបឹងកេតយើងក៏បាត់បង់សមាជិកម្នាក់ដែលជាខ្សែការពារ...ច្បាស់ណាស់យើងមានការព្រួយបារម្ភចំពោះការប្រកួតទាំងអស់ មិនមែនតែវិសាខាទេ យើងមានការព្រួយបារម្ភ មានការខ្វល់។ ដូច្នេះហើយទើបយើងរៀបចំក្រុមរៀបខ្លួន ដើម្បីប្រកួតប្រជែងរាល់ការប្រកួតទាំងអស់»។

លោកបាន​បញ្ជាក់​បន្ថែម​ថា ៖«ដូច្នេះពួកយើងនឹងប្រឹងប្រែង និងគោរពគូប្រកួត មានន័យថាយើងប្រឹងប្រែងអោយអស់ពីសមត្ថភាព ដើម្បីស្វាគមន៍គូប្រកួតនៅថ្ងៃសៅរ៍នេះ ហើយលទ្ធផលយ៉ាងណានោះ គឺយើងរងចាំមើលទាំងអស់គ្នា ថាតើលទ្ធផលយ៉ាងណាចប់ការប្រកួតនៅថ្ងៃស្អែកនេះ។ បាទ! សូមអរគុណ!»។

ទេស សម្បត្តិ ខ្សែ​ការពារ​ផ្ទេរ​ទៅ​វិសាខា

គួរបញ្ជាក់ថា នៅ​ដើមរដូវកាលឆ្នាំ​២០២១ ក្រុមនាគខៀវចាញ់បីប្រកួតជាប់គ្នាតែម្ដង ប៉ុន្តែ៨ប្រកួតក្រោយមក ពួកគេពិតជាធ្វើបានល្អ ដោយឈ្នះទាំង៨ប្រកួត មាន២៤ពិន្ទុឈរ​លេង​រៀង​ទី​៣។ ចំណែកក្រុមវិសាខា ១១ ប្រកួតកន្លងមក ឈ្នះ ៧ ស្មើ ៤ មិនមែនចាញ់ដូច​ក្រុមកំពូលតារាងភ្នំពេញក្រោន និង​មាន២៥ពិន្ទុដូច​គ្នា​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី