• 2021-09-02 02:14:28
  • បាល់ទាត់

បាន ជាវៃ ​«ខ្ញុំ​មាន​ថ្ងៃ​នេះ​ដោយ​សារ​បាល់ទាត់​ ខ្ញុំ​​តស៊ូ​ណាស់​ក្នុង​នាម​​​ជីវិត​រស់​ក្នុង​មណ្ឌល​កុមារកំព្រា​»​​​

  • 2021-09-02 02:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រធាន​​​​ក្រុម​​បាល់ទាត់​នារី​​របស់​ភ្នំពេញក្រោន ​បាន​ ជា​វៃ ​ជា​អតីត​​ក្មេង​រស់​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​មួយ​នៅ​ខេត្ត​បាត់ដំបង បច្ចុប្បន្ន​បានជាប់​ជម្រើស​ជាតិ​បាល់ទាត់​នារី ហើយ​នឹង​ត្រូវ​ទៅ​ហាត់​នៅ​ចិន​នៅ​ចុង​ខែ​កញ្ញា​​នេះ​ចំនួន​៣​ខែ​ ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

​​ក្មេង​កំព្រា​ទាំង​ម្ដាយ​ និង​ឪពុក​រូប​នេះ​បាន​ឲ្យ​​និយាយ​ ​«ខ្ញុំ​មាន​ថ្ងៃ​នេះ​ដោយ​សារ​បាល់ទាត់​ ខ្ញុំ​​តស៊ូ​ណាស់​ក្នុង​នាម​​​ជីវិត​រស់​ក្នុង​មណ្ឌល​កុមារកំព្រា​»។ កីឡា​ការិនី​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​ចូល​ហាត់​បាល់ទាត់​នៅ​ភ្នំពេញ​ក្រោន​បាន​ចំនួន​៤​ឆ្នាំហើយ អ្វីដែលពិសេស​សម្រាប់​​កូន​អ្នក​បាត់ដំបង​​គឺ​ទទួល​បាន​ឱកាស​​រៀន​នៅ​​សាលា​បច្ចេកទេស​ថែទាំ​វេជ្ជសាស្ត្រ​សុខាភិបាល​​​​ផ្នែក​ព្យាបាល​ដោយ​ចលនា​ ដែល​ទទួល​បាន​ការ​ជួយ​ទាំង​ស្រុង​ពី​ក្លឹប​ភ្នំពេញ​ក្រោន​។

​​​ជាវៃ បាន​ចាប់​ផ្ដើម​លេង​បាល់ទាត់​ជា​មួយ​ក្រុម​មួយ​​​របស់​​ខេត្ត​បាត់ដំបង​គឺ Might Girl ចន្លោះ​ឆ្នាំ​២០១០ ដល់​២០១៥ ដែល​ក្រុម​នេះ​គឺ​លេង​ពេល​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​មណ្ឌល​កុមារ​កំព្រា​ខេត្ត​បាត់ដំបង​។ ​ក្រោយ​ពេល​រៀន​ចប់​ថ្នាក់​ទី​១២ ត្រូវ​មក​រៀន​នៅ​ភ្នំពេញ ជាវៃ ត្រូវ​រក​សាលា​រៀន​ដោយ​ខ្លួន​ឯង ខណៈ​ក្រុម Might Girl គេ​ឈប់​ជួយ​ដល់​កា​រ​រៀនសូត្រ​ទៀត​ហើយ ​ដល់​ឆ្នាំ​២០១៥​​ក្មេង​ស្រី​កំព្រា​ខាង​លើ​ក៏​ទទួល​បាន​ឱកាស​ចូល​ហាត់​បាល់នៅ​ភ្នំពេញ​ក្រោន​ ហើយ​ភ្នំពេញ​ក្រោន​ក៏​បាន​ជួយ​ឲ្យ​ខ្លួន​បាន​រៀន​ចប់​ចុង​ជាប់ដើម​​នៅ​ឆ្នាំ​២០១៩​។

​ពេល​នេះ បាន ជាវៃ ជា​កីឡា​ការិនី​​បាល់ទាត់​របស់​ក្រុម​ភ្នំពេញ​ក្រោន​ផង​​ និង​ជា​​គ្រូពេទ្យ​ប្រចាំ​ក្លឹប​ផង​ដែរ​។ ក្មេង​​កំព្រា​រូប​នេះ​​សប្បាយ​ចិត្ត​ និង​អរគុណ​ដល់​បាល់ទាត់​ដែល​ធ្វើ​ខ្លួន​មាន​ជីវិត​ល្អ​ប្រសើរ​បើ​ទោះ​ការ​ចាប់​ផ្ដើម​ជីវិត​​របស់​ខ្លួន​​មក​​មិន​ល្អ​​ដោយ​ត្រូវ​រស់​ក្នុង​មណ្ឌល​កុមារ​កំព្រា​​ក៏​ដោយ​​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី