• 2021-08-18 02:24:50
  • បាល់ទាត់

ការ​តាំង​ចិត្ត​ទាំងនេះ​ហើយទើប​ធ្វើ​ឱ្យ សារ៉េត គ្រីយ៉ា ជោគជ័យ​ដល់​ថ្ងៃ​នេះ!

  • 2021-08-18 02:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ សារ៉េត គ្រីយ៉ា អាច​ចាត់​ទុក​​​ជា​ផ្កា​រីកគ្រប់​រដូវ​ក្នុង​ក្លឹប​ព្រះខ័នរាជ​ស្វាយរៀង ព្រោះ​គេ​បាន​បង្ហាញ​ខ្លួន​គ្រប់​ប្រកួត​ទាំងអស់​ឱ្យ​ក្រុម​ជើង​ឯក​លីគ​កំពូល​កម្ពុជា​២​សម័យ​កាល​ ចាប់​តាំង​ពី​បើក​រដូល​កាល​លីគឆ្នាំ​២០២១​រហូត​ដល់​ពេល​នេះ។

មិន​​តែ​ប៉ុណ្ណោះ​ គ្រីយ៉ា ក៏​តែង​បង្ហាញ​ខ្លួន​ញឹកញាប់ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ ជាក់​ស្ដែង​ការ​ប្រកួត​ជម្រុះ​ World Cup Qatar 2022 បង្ក្រប់កិច្ច​ជុំទី២ក្នុង​ពូល C នៅ​ប្រទេស​បារ៉ែន​ក៏​មាន​វត្តមាន​របស់​គេ​ដែរ។

​អ្វី​ជា​កត្តា​ជម្រុញ​ឱ្យ​គ្រីយ៉ា​ឡើង​មក​ដល់​ចំណុច​នេះ? ឈាន​មក​ដល់​ចំណុច​នេះ កីឡាករ​កើត​ចេញ​ពី​យុវជន​របស់​ព្រះខ័នរាជស្វាយរៀង បាន​ទម្លាយ​ឱ្យ​ដឹង​ថា​មក​ពីរូប​គេ​ខំប្រឹងប្រែង និង​ប្រកាន់​ភ្ជាប់គំនិត​ ពេល​មាន​ការងារ​ធ្វើ កុំ​ខ្លាច​ហត់ កុំ​គិត​រឿង​ម៉ោង​ពេល កុំ​គិត​ថ្ងៃ​សម្រាក

ខ្សែ​ការពារ​វ័យ​២៦​ឆ្នាំ បាន​ពន្យល់​ថា ៖«កត្តា​ទាំង​អស់​​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ជោគជ័យ​ ខ្ញុំ​តែង​តែ​គិត​​ពី​វា​រាល់​ថ្ងៃ​ ប៉ុន្តែ​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​សម្រាប់​គោល​បំណង​របស់​ខ្ញុំ​»។

មិន​ទាន់​គ្រប់​គ្រាន់ ព្រោះ​គ្រី​យ៉ា​ចង់​ឱ្យ​ខ្លួន​ឯង​រីកចម្រើន​ជាង​នេះទៀត ដើម្បី​ជួយ​ក្លឹប​ប្រកួត​ប្រជែង​ក្នុង​ពាន​រង្វាន់​ផ្សេងៗ​ទាំង​ក្នុង​និង​ក្រៅ​​ប្រទេស​កម្ពុជា។

កីឡាករ​ខ្មែរ​-ឥស្លាម សារ៉េត គ្រីយ៉ា បាន​បង្ហាញ​ខ្លួន​១០​ប្រកួត​ឱ្យ​ក្រុម​លោក Conor Nestor រក​បាន​១​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​១គ្រាប់ មុន​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​នេះ​ ត្រូវ​បាន​ពន្យារ​ពេល​ដោយ​ជំងឺ​កូវីដ​-១៩៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់