• 2021-07-22 05:02:29
  • បាល់ទាត់

ណុប តុលា រកបាន២គ្រាប់ហើយក្នុងនាមជាខ្សែប្រយុទ្ធណាហ្គាវើលដ៍

  • 2021-07-22 05:02:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចូលរួមជាមួយក្លឹបថ្មីណាហ្គាវើលដ៍នៅរដូវ​កាល​ឆ្នាំ២០២១ ណុប តុលា រក​គ្រាប់​បាល់​បាន​២គ្រាប់​ហើយក្នុងនាមជាខ្សែប្រយុទ្ធ ចំណែក​នៅក្លឹបចាស់ព្រះខ័នរាជស្វាយរៀងនិង​ជម្រើស​ជាតិ​ កីឡាករ​រូប​នេះ​លេងតួនាទីជា​ខ្សែ​ការពាររហូត​មក​។

ណុប តុលា លេខ១៣ អបអរគ្រាប់បាល់ទាត់ចូលថាយហ្គឺរជាមួយមិត្តរួមក្រុម

គ្រាប់បាល់ដំបូងរបស់តុលា ធ្វើបានពេលណាហ្គាយកឈ្នះអាស៊ីអឺរ៉ុប ៥ ទល់នឹង ៣ និងគ្រាប់ទី២រកបានពេលណាហ្គាឈ្នះអង្គរថាយហ្គឺរ ២-១ នៅទឹកដីអង្គរខេត្តសៀមរាបកាល​ពី​ពេល​ថ្មីៗ​។

ចំពោះការរកគ្រាប់បាល់បានក្នុងនាមជាខ្សែប្រយុទ្ធ តុលាបានបង្ហាញអារម្មណ៍រីករាយ ហើយក៏ជា​គ្រាប់បាល់​អាច​តឱ្យ​គេប្រឹងប្រែងបន្ត​ ដើម្បីលេងតំណែងមួយនេះ។

ហេតុអ្វីបានជាលោកមាស ចាន់ណា ឱ្យ​តុលាលេងតំណែងប្រយុទ្ធ? ត្រង់ចំណុចនេះតុលាប្រាប់ថា ដោយសារខ្សែប្រយុទ្ធក្រុមខ្លួនមួយចំនួន មានភារកិច្ចជួយជម្រើសជាតិនិង​ឈឺ​ ស្របពេលក្លឹបខ្វះអ្នកលេងតំបន់​នេះ ក៏គ្រូ​បង្គោល​សាកល្បងឱ្យ​ហ្វឹកហាត់លេង។ ឃើញថារូបគេធ្វើបាន គ្រូ​បង្វឹក​ក៏ផ្ដល់ឱកាសឱ្យ​លេងនៅតំបន់ប្រយុទ្ធ ៤ប្រកួតចុងក្រោយ​រួមមាន​ការ​ប្រកួត​​ទល់​នឹង​ក្រុម​វិសាខា ប៉ូលិស អាស៊ីអឺរ៉ុបយូណាធីត និង​អង្គរថាយហ្គឺរ។

ការដាក់អតីតខ្សែការពារព្រះខ័នរាជស្វាយរៀងលេងនៅតំបន់ប្រយុទ្ធ លោក មាស ចាន់ណា យល់ឃើញថាកីឡាករ​រូប​នេះមុតស្រួចតំបន់​ខាងលើ យល់ពីទីតាំងឈរ និងបញ្ចប់ទីបានល្អ។ មួយវិញទៀតកីឡាករបរទេសរបស់លោកឈឺ ជាហេតុខ្វះកម្លាំងនៅចំណុចនេះ។

លោក មាស ចាន់ណា គ្រូបង្គោល​ណាហ្គាវើលដ៍

គ្រូបង្គោលជួយឱ្យ​ណាហ្គាវើលដ៍លើកពានលីគកំពូលកម្ពុជាឆ្នាំ២០១៨ បានបន្ថែមថាតុលានៅតែលេងការពារដដែល ប៉ុន្តែលោកត្រូវត្រៀមគេ​​ម្នាក់​ ក្រែង​តំបន់ទាំងបួនខាង​លើ​របស់លោក​មានបញ្ហា ងាយស្រួលដោះដូរកីឡាករ​។

លោកថា៖ «ចំណុចពិសេសរបស់គាត់គឺគាត់ចេះមើលស្ថានភាពពេលលេង អ៊ីចឹងហើយខ្ញុំត្រូវត្រៀមគាត់មួយ ដើម្បីបញ្ចូលនូវតំបន់ខាងលើកន្លែងណា​មួយ ព្រោះតំបន់ខាងលើរបស់ខ្ញុំមានបួនទីតាំង អ៊ីចឹងខ្ញុំរងចាំមើលទីតាំងណាមួយមានបញ្ហា បានខ្ញុំបញ្ចូលគាត់ចូល។ ការពារគាត់នៅតែលេងចឹង ប៉ុន្តែដំណាក់កាលនេះយើងមើលឃើញគាត់នៅតំបន់ខាងលើច្រើនជាង។ តុលា​អ្វី​ដែល​គាត់​គួរ​ពង្រឹង​បន្ថែម​​​ ចំណុច​មួយ​សំខាន់​គឺ​ទាក់ទង​ភាព​រហ័ស​រហួន​»។

បើប្រៀបធៀបតំណែងពីរផ្សេងគ្នានេះ តុលា បង្ហើបថាការពារពិបាកជាងប្រយុទ្ធ ប៉ុន្តែក្រោយលេងបាន៤ប្រកួតមកនេះ គេចង់លេងប្រយុទ្ធជាង ព្រោះវាជារសជាតិថ្មី ប៉ុន្តែអ្វីៗអាស្រ័យលើការចង់បានរបស់គ្រូបង្វឹកនិងស្ថានភាពជាក់ស្ដែង។

នៅក្លឹបព្រះខ័នរាជស្វាយរៀង និងជម្រើសជាតិកម្ពុជា​កន្លងមក ណុប តុលា លេងតែ​តំណែងការពារប៉ុណ្ណោះ ហើយក្រោយផ្លាស់ទៅកាន់ណាហ្គានៅឆ្នាំ២០២១នេះ តុលាត្រូវបានលោក មាស ចាន់ណា ផ្ដល់ទំនុកចិត្តឱ្យ​លេងនៅ​តំបន់ខាងលើ និងរកបាន២គ្រាប់ថែម​ទៀត​ផង​ក្នុងនាមជាខ្សែប្រយុទ្ធ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់