• 2021-06-01 01:00:00
  • បាល់ទាត់

គ្រូ​ជំនួយ​ជម្រើសជាតិ ភា សុភ័ក្រ្តា៖ លឹម ពិសុទ្ធ កំពុង​ស្ថិត​ក្នុង​​វ័យ​មាសវ័យ​ប្រាក់

  • 2021-06-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករវ័យ​ក្មេង​ភ្នំពេញ​ក្រោន លឹម ពិសុទ្ធ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​កោះ​ហៅ​ឱ្យ​ចូល​ក្រុម​ជម្រើសជាតិ​ឈុតធំជា​លើក​ដំបូង​ ដើម្បី​ត្រៀម​ការ​ប្រកួត​ជម្រុះ​ FIFA World Cup Qatar 2022 នៅ​សេសសល់​ ៣ ​ប្រកួត​ទៀត ដែល​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​បារ៉ែន​ចាប់​ពី​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ​២០២១​ត​ទៅ។

ពិសុទ្ធ ត្រូវ​បាន​គេចាត់ទុក​ជា​ខ្សែ​បម្រើ​វ័យ​ក្មេង​កំពុង​រះ និង​​ជា​កូនសោដ៏​សំខាន់​​សម្រាប់​កម្ពុជា​នា​ថ្ងៃ​អនាគត។ ដោយឡែក​លោក ភា សុភ័ក្ត្រា កាល​មិន​ទាន់​ឡើង​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​បាន​លើក​ឡើង​ដែរថា​ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ​រូប​នេះ មាន​ភាព​លេចធ្លោ មាន​ភាព​ក្លាហាន ហើយ​កំពុង​ស្ថិត​ក្នុង​វ័យ​មាសវ័យ​ប្រាក់​។ យ៉ាងណាក្មួយ​ប្រុស​បង្កើត​របស់កីឡាករ​វិសាខា​​ រស់ សំអឿន ​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ដែលត្រូវ​ការ​រៀនសូត្រ​បន្ថែម។

អតីត​គ្រូ​បង្គោល​ក្រុមទ័ព បាន​បញ្ជាក់យ៉ាង​ដូច្នេះ ៖«មាន​អី(​ខ្ញុំ​)ឃើញ​ភាព​ក្លាហាន ការ​ហ៊ាន​លេង​របស់​គាត់ គ្រាន់​តែ​ថា​ពិសុទ្ធ​ដូច​នៅ​រៀង​រឹង​ណាស់ ការ​បត់បែន​ In-Out ​នៅ​ស្ទើរ​នៅ​ឡើយ ដោយសារ​គាត់​ក្មេង​នៅ​មាន​កម្លាំង អ៊ីចឹង​វ័យ​ហ្នឹង​គឺ​ថា​វ័យ​មាស​ គាត់​ត្រូវ​ការ​ឡើង​តិច​ទៀត តែ​ឃើញ​ថា​គាត់​មាន​ភាព​លេចធ្លោ»។

យុវជន​ថ្នាល​របស់​ភ្នំពេញ​ក្រោន​ លឹម ពិសុទ្ធ បាន​បង្ហាញ​ខ្លួន​២៣​ប្រកួត​ ក្នុង​ការ​ប្រកួត MCL និង HSC ឱ្យ​ក្រុម​សិង្ហ​ក្រហមនៅ​​រដូវកាល២០២០​។ គេ​រក​បាន​៥គ្រាប់ដោយ​ប្រើ​ជើង​ស្ដាំ​ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី​ចំនួន​៨​ដង។ ៥គ្រាប់​របស់​គេ​រក​បាន​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់៤​គ្រាប់ និង​ក្រៅ​ប្រអប់​គ្រោះ​ថ្នាក់​១​គ្រាប់ ហើយ​ក្នុង​ចំណោម​៥​គ្រាប់​នេះ​ដែរ មាន​២​គ្រាប់​រក​បាន​បន្ទាប់​ពី​ប្ដូរ​ចូល៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់