• 2021-05-22 03:22:59
  • បាល់ទាត់

ល្បីថាចង់បានច្រើននាក់ណាស់! ចាំមើល Man Utd អាច​ទិញបាន​ម្នាក់​ណាឬ​អត់?

  • 2021-05-22 03:22:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United ត្រូវបានសារព័ត៌មាន​នៅអង់គ្លេស រាយការណ៍​ថា​កំពុង​ចចារជាមួយ Cristiano Ronaldo ដើម្បីនាំយកវីរបុរស​របស់ខ្លួនរូបនេះ ត្រឡប់មកកាន់ Old Trafford វិញ។ ចំណែក Jadon Sancho ក៏នៅតែជាមុខសញ្ញារបស់ក្លឹប​នេះផងដែរ ខណៈ​ក្ដីសង្ឃឹម​ទិញយក Harry Kane និង Erling Haaland ហាក់រសាត់ទៅឆ្ងាយម្ដងបន្តិច ដោយសារ​បញ្ហា​តម្លៃថ្លៃពេក។

យោងតាម​សារព័ត៌មាន Athletic របស់អង់គ្លេស ដែលដកស្រង់​ដោយ Daily Mail បានឲ្យដឹងថា Kane និង Haaland ទំនងជាថ្លៃពេកសម្រាប់​ Man Utd ប៉ុន្តែ​ Ronaldo និង Sancho ដែលបិសាចក្រហមចិញ្ចឹម​ចិត្ត​ចង់បាន​ជាយូរមកហើយនោះ ទំនងជា​អាចទៅរួច។

រូបភាពពី Dailymail

គួរដឹងផងដែរថា ក្រុមលោក Ole បានបន្ថែមកុងត្រា​ដល់ខ្សែប្រយុទ្ធចាស់វស្សា Edison Cavani មួយរដូវកាលទៀត ប៉ុន្តែ​មិនគ្រប់គ្រាន់​នោះទេ ពោលគឺ​ក្លឹបត្រូវទិញ​ឲ្យបានខ្សែប្រយុទ្ធ​ជួរ​មុខ​លំដាប់ Super star មួយរូបទៀត ដែលអាចជាម្នាក់ ក្នុង​ចំណោម​ ៤នាក់ខាងលើ។

សម្រាប់ Kane ទោះបី​ប្រធានក្លឹប Spurs លោក Daniel Levy ចេញមកបញ្ជាក់ថាមិនលក់ក៏ដោយ ប៉ុន្តែ​តម្លៃ​ខ្ទង់ ១២០លានផោន (ប្រហែល ១៧០លានដុល្លារ) ទំនងជា​អាច​ឆក់យកខ្សែប្រយុទ្ធអង់គ្លេស​រូបនេះ ចេញពីមាន់ខ្នាយមាសបាន។ យ៉ាងណាក្ដី Man Utd ក៏នឹងមិនចាយច្រើនដល់ថ្នាក់នេះ សម្រាប់កីឡាករ​តែម្នាក់ដែរ។ ពីដើមឡើយ Jesse Lingard និង Anthony Martial អាចជាផ្នែកមួយបន្ថែម​លើ​ទឹកប្រាក់ ដើម្បី​យក Kane ប៉ុន្តែ​ Man Utd អាចមានជម្រើស​ចំណេញជាងនេះទៀត ក្រោយ Lingard ឡើង​តែម​ខ្លាំង ពេល​ទៅលេងនៅ West Ham (ខ្ចីជើង)។

ងាក​មក​និយាយពី​ Ronaldo ដែលជា​សំណព្វចិត្ត​របស់​អ្នកគាំទ្រ​ Man Utd ជាច្រើន​វិញម្ដង។ ម៉ាស៊ីនរកគ្រាប់បាល់របស់ជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់ជារឿយៗថា​មិនទាន់ចង់ចេញពី Juventus នោះទេ ប៉ុន្តែ​ការ​ចាកចេញនៅតែអាចទៅរួច ជាពិសេស ប្រសិនបើក្លឹបយក្សអ៊ីតាលី​មួយនេះ មិនអាច​ចូលតំបន់ Top 4 ទៅលេងនៅ Champions League រដូវកាលក្រោយបាន។ ទោះឈានដល់វ័យ ៣៦ឆ្នាំ Ronaldo នៅតែអាចស៊ុតបានដល់ទៅ ៣៦គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន ៤៤ប្រកួត​ឲ្យ​ក្រុម​លោក Andrea Pirlo នារដូវកាលនេះ ដែលធ្វើ​ឲ្យ​លោក Solskjaer នៅតែលេបទឹកមាត់​ ចង់នាំ​តួឯក​រូបនេះ ត្រឡប់ទៅវិញ។ យ៉ាងណា Daily Mail បញ្ជាក់ថា ទាល់តែ Man Utd ហ៊ានចាយធំ លើលុយប្រាក់ខែ ពោលគឺអាច​ឲ្យប្រាក់ខែ​ខ្ពស់បំផុតក្នុង​ក្លឹប ក្នុង​កុងត្រា​រយៈពេលខ្លីណាមួយ។ តែបើនិយាយពីថ្លៃផ្ទេរវិញ ទំនងជា​មិនខ្ពស់ណាស់ណាទេ ដោយសារកុងត្រា​នៅក្រុង Turin សល់តែ ១ឆ្នាំប៉ុណ្ណោះ។ សរុបមកវិញ ការនាំ Ronaldo មកវិញ គឺអាចទៅរួច។

ករណីទៅរួចមួយទៀត គឺ Sancho។ United បានត្រឹម​ខកចិត្តម្ដងរួចមកហើយ កាលពីមុនចាប់ផ្ដើម​រដូវកាល។ យ៉ាងណាក្ដី លើកនេះ ទំនងជា​មានភាគរយខ្ពស់ជាងមុន ដោយសារ Dortmund នឹងទម្លាក់តម្លៃផ្ទេរ ក្រោយ Sancho សល់កុងត្រា​តែ ២ឆ្នាំ ពោលគឺអាចទម្លាក់ពី ១១០លានផោន មកត្រឹម ៧០លាន ទៅ ៨០លានផោន ដែលល្មម​អាច​ឲ្យបិសាចក្រហម​ បើកខ្ទង់ចំណាយបាន ខណៈ​រឿងកញ្ចប់ប្រាក់ខែកីឡាករ និង​ថ្លៃ​ទឹកតែសម្រាប់​ភ្នាក់ងារ មិនជា​បញ្ហា​នោះទេ ដោយសារ​បានព្រមព្រៀងគ្នា​រួចទាំងពី​ពេលចែចូវ​លើក​មុន​មក​ម្ល៉េះ (អត់ត្រូវគ្នា​តែថ្លៃផ្ទេរប៉ុណ្ណោះ)។ មួយវិញទៀត Sancho ជាសម្លាញ់​ជិតស្និទ្ធ​របស់ Marcus Rashford ស្រាប់ រឿងអីដែលថាមិនអាចទៅរួច?

ក្រៅពី Super Star ទាំង ៤ខាងលើ Jack Greatlish ក៏ស្ថិតក្នុងរ៉ាដា​របស់ United ដែរ តែ Aston Villa រំពឹងថា​នឹង​ទាមទារ​ថ្លៃ​ដល់ ៨០លាន ឬអាចលើស​ផងក៏ថាបានសម្រាប់​ខ្សែបម្រើ​ប្រយុទ្ធ​វ័យ ២៥ឆ្នាំ​រូបនេះ ខណៈ​ដែល​ Man City ក៏ំកំពុង​សម្លឹង​មិនដាក់ភ្នែក​លើ Greatlish ផងដែរ។

នៅមិនទាន់អស់ទេ ប្រភពពីអង់គ្លេស ក៏បានរាយការណ៍ផងដែរថា Man Utd អាច​នឹងលក់ខ្សែការពារ Axel Tuanzebe ក្នុង​តម្លៃប្រមាណ ១០លានផោន ស្របពេលដែល​ក្លឹប​នេះ កំពុង​មានជម្រើស​ខ្សែការពារ​ជាច្រើន​ ដែលអាច​ទិញ​យកមកចាប់​ដៃគូជាមួយប្រធានក្រុម Harry Maguire ដែលរួមមាន Raphael Varane របស់ Real Madrid, Jules Kounde របស់ Sevilla និង Pau Torres របស់ Villarreal ជាដើម។

រង់ចាំមើលទាំងអស់គ្នា ថាតើក្រុមលោក Ole អាចទិញបានកីឡាករណាម្នាក់ ក្នុងចំណោមនេះ បានឬយ៉ាងណា?

ប្រភព៖ Dailymail ប្រែសម្រួល៖ មិថុនា

មតិយោបល់