• 2021-05-06 07:54:18
  • បាល់ទាត់

ម៉ុន វ៉ាន់ដា ទទួល​ស្គាល់​ថា ចាប់​ផ្ដើម​ហាត់​បាល់​វ័យ​ច្រើន​​ ​ធ្វើ​ឲ្យ​សមត្ថភាព​ខ្វះខាត​ច្រើន​

  • 2021-05-06 07:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​ខ្សែ​ប្រយុទ្ធ​បឹង​កេត និង​​ទ័ព ម៉ុន វ៉ាន់ដា ទទួល​ស្គាល់​ថា សមត្ថភាព​របស់​ខ្លួន​​នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន ​នេះ​ដោយ​សារ​ខ្លួន​យល់​ថា ការ​ចាប់​ផ្ដើម​ហ្វឹកហាត់​បាល់ទាត់​ដំបូង​​មាន​វ័យ​ច្រើន​ទៅ​ហើយ​។

​​ស្ទើរ​តែ​គ្រប់​បណ្ដា​ប្រទេស​នៅ​លើ​ពិភព​លោក​ ​កីឡាករ​ដែល​ទទួល​បាន​ជោគជ័យ​ច្រើន​តែ​ជា​កីឡាករ​ដែល​ចាប់​ផ្ដើម​ហ្វឹកហាត់​​ពី​តូច​។ ប៉ុន្តែ​​សម្រាប់​ វ៉ាន់ដា ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​បាល់ទាត់​ដំបូង​នៅ​វ័យ​១៨​ឆ្នាំ​ទៅ​ហើយ ​​ជា​មួយ​យុវជន​ទ័ព​កាល​​ឆ្នាំ​២០១៥ ដែល​វ័យ​​នេះ​ហាក់​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​តិច​​នាំ​ឲ្យ​សមត្ថភាព​របស់​ខ្លួន​នៅ​មាន​ចន្លោះ​ខ្វះខាត​ច្រើន។

ទាក់​ទង​ចំណុច​នេះ​​ ខ្សែ​ប្រយុទ្ធ​របស់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​រៀបរាប់​បែប​នេះ​ថា « និយាយ​ទៅ​សម្រាប់​ខ្ញុំ​ការ​ហ្វឹកហាត់​វា​ចាប់​ផ្ដើម​រាង​យឺត​តិច​ហើយ។ ខ្ញុំ​មក​ភ្នំពេញ​ក្រោយ​ចប់​វិទ្យាល័យ​វ័យ​១៨ ឆ្នាំ​ទៅ​​ហើយ​ ពេល​នោះ​ចូល​ហាត់​បាល់ទាត់​ជា​មួយ​ទ័ព​ហាត់​​បាន​មួយ​រយៈ​ពេល​​ខ្លី​ក៏​ឡើង​លេង​ឈុត​ធំ។ និយាយ​ទៅ​បង​យើង​លេង​នៅ​ខេត្ត​មែន​តែ​ការ​ហ្វឹកហាត់​យើង​នៅ​ខ្វះខាត​ច្រើន​​។ ដូច្នេះ​នាំ​ឲ្យ​បច្ចុប្បន្ន​​មាន​ការ​ប្រជែង​កៅ​អី​១១​នាក់​ដំបូង​ក៏​​ពិបាក​ដែរ​ ព្រោះ​អី​សមត្ថភាព​យើង​នៅខ្វះខាត​ច្រើន​ទាំង​បច្ចេកទេស​ និង​បទ​ពិសោធ​បង»។

​រំលឹក​ថា កន្លង​មក​លោក ឡុង រចនា ​អតីត​អ្នក​ចាត់​ការ​ទ័ព​ ក៏​ធ្លាប់​បាន​រៀបរាប់​ផង​ដែរ​ថា ​ស្រុក​គេ​កីឡាករ​ចាប់​ផ្ដើម​ហ្វឹកហាត់​តាំង​ពី​ដើរ​មិន​ទាន់​ត្រង់​ផ្លូវ​ និយាយ​ទៅ​អាយុ​៥ឬ​​៦​ឆ្នាំ​​គេ​ចូល​សាលា​បាល់ទាត់​ហើយ នេះ​ជា​ដើម​ហេតុ​នាំ​ឲ្យ​វិស័យ​បាល់ទាត់​ស្រុក​គេ​​លឿន​ទៅ​មុខ​បែប​នេះ​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី