• 2021-04-12 09:07:51
  • បាល់ទាត់

ទោះលេងបានត្រឹម២នាទី តែ យ៉េត ចិត្រា សប្បាយចិត្តដែល​គ្រូបង្វឹក​ផ្ដល់ឱកាស

  • 2021-04-12 09:07:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនួបក្រុមណាហ្គាវើលដ៍ ឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ៣-១ កីឡាករ យ៉េត ចិត្រា បានលេងត្រឹមតែប៉ុ២នាទីប៉ុណ្ណោះក្នុង​ការបង្ហាញ​ខ្លួន​ជាលើក​ដំបូង​ បន្ទាប់ពីប្ដូរជំនួសខ្សែបម្រើសញ្ជាតិជប៉ុន Fumiya Kogure នៅនាទី៩០+៤។

ខ្សែការពារ យ៉េត ចិត្រា ប្រកួតជាមួយអគ្គិសនីកម្ពុជា

ជុំវិញការប្ដូរចូលនេះចិត្រា បាន​បង្ហាញអារម្មណ៍សប្បាយរីករាយ ដ្បិតរូបគេត្រូវបានគ្រូបង្វឹកផ្ដល់ទំនុក​ចិត្ត និងឱកាសឱ្យ​បង្ហាញខ្លួនលើសមរភូមិវាលស្មៅ។ មិនតែប៉ុណ្ណោះ​អ្នកភ្នំពេញរូបនេះយល់ថា រូប​គេក៏បានទទួលបទពិសោធថ្មីៗពីរៀមច្បងដែរ គ្រាន់​ជាងអង្គុយកៅអីបម្រុង៩០នាទីពេញ។

ចិត្រា បញ្ជាក់ថា ៖«បើសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំសប្បាយចិត្តដែលគាត់(គ្រូ) បានផ្ដល់ឱកាសឱ្យ​យើងលេង។ ទោះមិនថាច្រើននាទីឬនាទីតិចក៏ដោយ យើងត្រូវសប្បាយចិត្តនិងទទួលយក។ មួយទៀតយើងចូលទីលាន បានបទពិសោធខ្លះៗពីពួកបងៗរៀមច្បង»។

បើតាមការបញ្ជាក់បន្ថែមពីខ្សែការពារវ័យ២១ឆ្នាំ ការបង្ហាញចុងម៉ោងនេះដែរ កាន់តែធ្វើឱ្យ​គេមានឆន្ទៈក្នុងការហ្វឹកហាត់ក្នុងការលេង ដើម្បី​ជួយក្រុមនៅប្រកួតបន្តបន្ទាប់ទៀត។

ក្នុងជំនួបក្រុមណាហ្គាវើលដ៍ និងអគ្គិសនីកម្ពុជា កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ អតីតយុវជន​ U15 និង U19 របស់ភ្នំពេញក្រោន ជាកីឡាករ​មួយរូបក្នុងចំណោមបីនាក់របស់ណាហ្គាមានកីឡាករ ជា សុខម៉េង និង ណា ប៊ុននាថ ដែល​បាន​ប្ដូរចូល​ និង​បង្ហាញសមត្ថភាពជាលើក​ទីមួយ ក្នុង​រដូវកាល​នេះគិតត្រឹមសប្ដាហ៍ទី៥ នៃការប្រជែងដណ្ដើមជើងឯកពានរង្វាន់លីគកំពូលកម្ពុជា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់