• 2021-04-08 08:19:43
  • បាល់ទាត់

គ្រូអាស៊ីអឺរ៉ុប ស្នើឱ្យអាជ្ញាកណ្ដាលពិភាក្សានឹងជំនួយការឡើងវិញ ត្រង់ករណីធ្ងន់ធ្ងរ

  • 2021-04-08 08:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូបង្គោលក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាធីត លោក សុក វាសនា បានស្នើដល់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ ឱ្យពិនិត្យពិចារណាថាតើការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលើទីលាន ត្រឹមត្រឹមដែរឬយ៉ាងណា និងស្នើដល់គណៈកម្មការដដែល សុំឱ្យអាជ្ញាកណ្ដាលកាត់សេចក្ដី ពិគ្រោះឡើងវិញជាមួយជំនួយការខ្លួន ត្រង់ចំណុចធ្ងន់ធ្ងរឈានដល់ការផ្ដល់កាតក្រហម ព្រោះ​ការកាត់សេចក្ដីមិនត្រឹមត្រូវ ប៉ះពាល់ដល់ក្រុមរបស់លោក និងក្រុមផ្សេង​ៗ​ទៀត។

លោកគ្រូ សុក វាសនា (រូបតំណាង)

គ្រូបង្គោលរូបនេះបានពន្យល់ថា ៖«ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល អ្វីដែលយើងចង់បានគឺស្នើទៅគណៈកម្មការ គួរតែពិនិត្យពិចារណានិងមើលពីកំហុស តើគាត់(អាជ្ញាកណ្ដាល) កាត់សេចក្ដីហ្នឹងត្រឹមត្រូវឬអត់ ហើយស្នើទៅគណៈកម្មការដូចគ្នា សូមឱ្យរាល់ការសម្រេចចិត្តនៅពេលមានកំហុសធ្ងន់ធ្ងរ គាត់ត្រូវតែសាកសួរជាមួយមន្ត្រីជំនួយការរបស់គាត់ ឬក៏មន្ត្រីទី៤ក៏បានដែរ បើមានអ្វីដែលធ្ងន់ធ្ងរថាតើ អ្វីដែលកាត់ក្ដីហ្នឹងត្រឹមត្រូវអត់ មុនដកកាតក្រហមអីជាដើម»។

ការស្នើសុំរបស់អតីតគ្រូយុវជនស្វាយរៀង ធ្វើឡើងបន្ទាប់ពីខ្សែការពាររបស់លោក ឡាយ រស្មី បានកាតក្រហមនៅចុងតង់ទី១ ក្នុងជំនួបនឹងក្រុមភ្ញៀវ ព្រះខ័នរាជស្វាយរៀង នៅសប្ដាហ៍ទី៥នៃលីគកំពូលកម្ពុជា កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ។

បើតាមការមើលផ្ទាល់នៅលើទីលាន និងមើលវីដេអូឡើងវិញ បាល់នោះគឺប៉ះទ្រូង (ក្នុងប្រអប់គ្រោះថ្នាក់) មិនមែនប៉ះដៃរស្មីឡើយ។ ការកាត់សេចក្ដីនេះ ធ្វើឱ្យអាស៊ីអឺរ៉ុបខាតបង់បាល់១គ្រាប់ទៅឱ្យស្វាយរៀង។ នេះបើតាមសម្ដីរបស់គ្រូបង្គោលខាងលើ។

ឡាយ រស្មី បានកាតក្រហម

យ៉ាងណាក្រោយពីបាត់បង់សមាជិកម្នាក់លោក សុក វាសនា យល់ឃើញថាក្រុមរបស់លោកក៏មានបញ្ហាដែរ ពោលគឺពេលគ្រាប់នាំមុខគេហើយ គិតតែខំសម្រុកប្រយុទ្ធ ធ្វើឱ្យ​ចន្លោះប្រហោង​តំបន់ការពារ។ មួយវិញទៀតគឺមានបញ្ហាត្រង់ប្ដូរកម្លាំងថ្មីចូល ទើបក្រុមលោកចាញ់ ៣ ទល់ ៤ បែបនេះ។ ដូច្នេះលោកថានឹងត្រូវពង្រឹងបន្ថែមទៀតនៅប្រកួត​ក្រោយៗ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី