• 2021-03-23 01:00:00
  • បាល់ទាត់

ម៉ុន វ៉ាន់ដា ចេញពីបឹងកេត ព្រោះចង់បានបទពិសោធថ្មី

  • 2021-03-23 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ុន វ៉ាន់ដា បានចាកចេញពីក្លឹបបឹងកេតទៅចូលរួមជាមួយ​ព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលឆ្នាំ២០២១ ក្រោយ​អស់​កុងត្រា ហើយ​ការចាកចេញនេះដោយសារ​ខ្សែប្រយុទ្ធវ័យ​ក្មេង ចង់បាន​បទ​ពិសោធថ្មី​។

វ៉ាន់ដា បានលើកឡើងថា ៖«សម្រាប់ខ្ញុំគឺខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធថ្មីជាមួយក្លឹបថ្មី និងចង់លេងឱ្យ​ក្លឹបដែលមានទីតាំងនៅទឹកដីកំណើតរបស់ខ្ញុំផ្ទាល់ផងដែរ»។

ការទៅកាន់ក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀង វ៉ាន់ដា មិនទាន់បានបង្ហាញខ្លួនឡើយ ក្នុងការ​ប្រកួត​ប្រជែង​ដណ្ដើមពានរង្វាន់​លីគ​កំពូលកម្ពុជា​ ពោលគឺកំពុងតែសម្របខ្លួន។ ចេញពីក្លឹបធំចូលក្លឹបធំ យុវជន​មិនសូវមានសង្ឃឹម​ច្រើនក្នុងការបង្ហាញ​​ខ្លួន​លើទីលានទេ ដ្បិត​ក្លឹបធំមួយនេះសំបូរ​ខ្សែប្រយុទ្ធ​បរទេស​ល្អៗ ប៉ុន្តែគេ​​បាន​ប្ដេជ្ញាខំប្រឹងឱ្យ​អស់ពីសមត្ថភាព។

ខ្សែប្រយុទ្ធរូបនេះគឺជាកម្លាំងស្នូលសំខាន់​មួយរូប​ ប៉ុន្តែក្នុងរដូវកាលឆ្នាំ២០២០ គេហាក់មិនសូវបានបង្ហាញខ្លួនឱ្យ​ក្លឹបនាគខៀវឡើយ។ ក្នុងការប្រកួត​ប្រជែង​ពាន MCL យុវជនក៏បានបង្ហាញខ្លួនខ្លះ​ដែរ តែមិនបានចាំចំនួនប្រកួត ចំណែកពាន​រង្វាន់ Hun Sen Cup គេ​បង្ហាញខ្លួនបានបីប្រកួត​ និងរកបានបីគ្រាប់។

សព្វថ្ងៃ ម៉ុន វ៉ាន់ដា មានវ័យ២៣ឆ្នាំ។ ឆ្នាំ២០១៥ គេជា​យុវជនរបស់ក្លឹបក្រសួងការពារជាតិ។ ហាត់បាន២ឆ្នាំ គេក៏ឈប់ដោយរវល់​នឹង​ការសិក្សា នៅសាកលវិទ្យាល័យ​​។ ឆ្នាំ២០១៨ គេបានចុះកុងត្រាជាមួយបឹងកេតរយៈពេល២ឆ្នាំ រួចក៏​បានផ្លាស់​ទៅ​ក្លឹប​ព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០២១នេះ​តែ​ម្ដង​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី