• 2021-03-15 03:32:48
  • បាល់ទាត់

អ៊ុំ សេរីរ័ត្ន បង្ហាញសារសោកសៅ តើគេឈប់ពីបាល់ទាត់មែនឬក៏យ៉ាងណា?

  • 2021-03-15 03:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះសារសោកសៅ​របស់ អ៊ុំ សេរីរ័ត្ន ត្រូវបានចែករំលែកយ៉ាងច្រើនលើបណ្ដាញសង្គម ចំណែកអ្នកគាំទ្រមួយចំនួនបានលើកជាចម្ងល់ថា តើអតីតអ្នកចាំទីឆ្នើមជម្រើសជាតិកម្ពុជារូបនេះ ពិតជាឈប់ពីបាល់ទាត់មែនឬយ៉ាងណា?

ដើម្បីស្រាយចម្ងល់មួយនេះ Sabay បានសាកសួរទៅកាន់សេរីរ័ត្ន។ សេរីរ័ត្នបានឱ្យដឹងថា គេ​សុំផ្អាកពីបាល់ទាត់មួយរយៈសិន ព្រោះតែរបួសជង្គង់រ៉ាំរ៉ៃព្យាបាលមិនជាសះស្បើយ។

អ្នកចាំទីដៃស្អិតធ្លាប់សង្គ្រោះបាល់ពិន័យ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធជប៉ុន Shinji Okazaki ឆ្នាំ២០១៥ ក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup Russia 2018 ជុំទី២ប្រចាំតំបន់អាស៊ី បានរៀបរាប់ទាំងអារម្មណ៍តូចចិត្តថា ៖«រឿងជើងព្យាបាលនៅខ្មែរគេថាអត់ធានាថា ជាលេងកើតទេ ហើយឥឡូវបញ្ហាកូវីដទៅព្យាបាលនៅក្រៅអត់កើត អ៊ីចឹងសម្រេចចិត្តបញ្ចប់វាសិន»។ ​

អ៊ុំ សេរីរ័ត្ន ចាប់ផ្ដើមមានបញ្ហារបួសសរសៃ MCL នៅឆ្នាំ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។ បន្ទាប់ពីរបួសជាសះស្បើយ សេរីរ័ត្នបានចូលលេងឡើងវិញនៅចុងឆ្នាំ២០១៩។ លុះលីគកំពូលកម្ពុជាដំណើរការនៅឆ្នាំ២០២០ គេលេងបានតែបីប្រកួតបុណ្ណោះ ក៏​របួសសរសៃ MCL ផ្សេងទៀត តែមិនអាច​ទៅព្យាបាលនៅក្រៅប្រទេសបានទេ ដោយសារការផ្ទុះនៃជំងឺកូវីដ-១៩។ វិបត្តិនេះធ្វើឱ្យគេសម្រេច​ព្យាបាលនៅក្នុងប្រទេស។

កីឡាកររបស់ក្លឹប Tiffy Army បញ្ជាក់ថា៖ «ពេលដែលខ្ញុំប្រកួតជាមួយវិសាខាហ្នឹងគឺនៅឆ្នាំ២០១៩ ប្រកួតចុងក្រោយហើយ ហើយបន្ទាប់ពីហ្នឹងមកជើងខ្ញុំវាប្រសើរហើយ។ ដល់ពេលចូលឆ្នាំ២០២០ហ្នឹង គឺខ្ញុំលេងជាមួយអាស៊ីអឺរ៉ុប ព្រះខ័នរាជស្វាយរៀង និងវិសាខា លេងបានបីប្រកួតជុំទី១ ដល់ពេលហើយកូវីដមកក៏សម្រាក។ ពេលគេសម្រាកកូវីដហ្នឹង គឺបញ្ហាសាច់ដុំខ្ញុំ ចាប់ផ្ដើមស្រកទៅវិញ ហើយណាមួយគេអត់ឱ្យប្រមូលផ្ដុំ បញ្ហាសាច់ដុំខ្ញុំអត់សូវបានហាត់វាស្រក ដល់ពេលចូលមកវិញ ខ្ញុំខំប្រឹងទាត់បាល់ទៅវាធ្វើឱ្យប៉ះពាល់សរសៃផ្សេងមួយទៀត»។

ប្អូនបង្កើតរបស់អ្នកចាំទី អ៊ុំ វិចិត្រ បានបន្ថែមទៀតថា បើសិនស្ថានភាព​កូវីដ​-១៩ មាន​ភាពល្អប្រសើរ ហើយច្រកព្រំដែនបើក គេនឹងទៅព្យាបាលនៅវៀតណាមម្ដងទៀត។ បើព្យាបាលជាគេនឹងបន្តអាជីពបាល់ទាត់ តែបើមិនជាទេគេនឹងបញ្ចប់ត្រឹមហ្នឹងតែម្ដង ដោយរកការងារផ្សេងដូចជាធ្វើគ្រូបង្វឹកជាដើម។ បច្ចុប្បន្ន សេរីរ័ត្ន ថារូបគេបានត្រឹមតែរត់តិចតូច ដើម្បីទទួលបាន​សុខភាព​ល្អតែប៉ុណ្ណោះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី