• 2021-01-19 03:05:00
  • បាល់ទាត់

​កីឡាករ​បរទេស ៥ នាក់​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ដោះដូរ​​លីគ​កម្ពុជា​រដូវ​កាល​នេះ

  • 2021-01-19 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បរទេស​​នៅ​កម្ពុជា នឹង​បិទ​​ទ្វារ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​ ​​​ខណៈ​ដែល​ក្លឹប​នីមួយ​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​ដុតដៃដុតជើង​ក្នុង​ការ​នាំ​យក​កីឡាករ​ថ្មី​មក​ពង្រឹង​ក្រុម​ក្នុង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​សម្រាប់​រដូវ​កាល​ថ្មី​របស់​ពួក​គេ។

​​​​បើ​គិត​ត្រឹម​ពេល​នេះ​មាន​កីឡាករ​បរទេស​មួយ​ចំនួន​បាន​ប្រកាស​ជា​ផ្លូវ​ការ​រួច​ហើយ ពី​ការ​ចូល​រួម​ជា​មួយ​ក្លឹប ​ហើយ​ក្លឹប​ធំ​ៗ​​បាន​នាំ​យក​កីឡាករ​បរទេស​ល្អ​ៗ​ជា​ច្រើន​មក​កាន់​ទឹក​ដី​កម្ពុជា ​​ដោយ​ពេល​នេះ​ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​កីឡាករ​បរទេស​៥​រូប​ដែល​ធ្វើ​ឲ្យ​កក្រើក​ទីផ្សារ​ដោះដូរ​នៅ​កម្ពុជា៖

១- ​ខ្សែ​ការពារ​ Paddy Barrett ៖ ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​ស្វាយរៀង​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ចុះ​កុង​ត្រា​យក​ជា​ខ្សែ​ការពារ​រូប​នេះ​។ ​Paddy ​ធ្លាប់​លេង​នៅ​លីគ​កំពូល​ធំៗ​មួយ​ចំនួន​នៅ​អឺរ៉ុប ដូច​ជា Dundalk ​​លីគ​កំពូល អៀរឡង់ ចន្លោះ​ឆ្នាំ​២០១៥ ដល់ ២០១៧ លេង​បាន ៤៣ ប្រកួត​រក​បាន​៣​ក្នុង​នាម​ជា​ខ្សែ​ការពារ​ ​និង​ធ្លាប់​លេង​នៅ​ Dundee United ដែល​ជា​ក្លឹប​កំពុង​លេង​នៅ​លីគ​ទី​២​ ប្រទេស​ស្កុតឡែន ​ក្នុង​ឆ្នាំ២០១៣-២០១៤ ។ បច្ចុប្បន្ន​ Barrett ​មាន​វ័យ ២៧ ឆ្នាំ​​កម្ពស់ ១,៨៣ ម៉ែត្រ​។

​​​២- Marcus Haber ៖ ​ការ​ផ្ទេរ​មក​កាន់​វិសាខា​ក្នុង​នាម​ជា​ម្ចាស់​អាវ​លេខ​១១ ​ខ្សែ​ប្រយុទ្ធ​​រូប​នេះ​ធ្លាប់​បង្ហាញ​ខ្លួន​ក្នុង​ក្លឹប​ធំ​ៗ​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប ដូច​ជា Dundee របស់​ប្រទេស​ស្កុតឡែន និង​ក្លឹប​ Crewe Alexandra របស់​ប្រទេស​អង់គ្លេស។ Marcus ជា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​​ម្នាក់​របស់​អតីត​​ក្លឹប​នៅ​អឺរ៉ុប សម្បូរ​ទាំង​បទ​ពិសោធ​ និង​​បច្ចេកទេស​ស៊ុត​ជើង​​ស្ដាំ​យ៉ាង​ប៉ិនប្រសព្វ​។ កីឡាករ​រូប​នេះ​កើត​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​១៩៨៩ ​មាន​កម្ពស់ ១,៩០ ម៉ែត្រ​។

៣- Miguel Ángel Junco Martínez ៖ ជា​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​ ដែល​ស្វាយរៀង​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ។ ប៉ុន្តែ​កីឡាករ​រូប​នេះ​​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ នឹង​បង្ហាញ​​​ខ្លួន​ក្នុង​ក្លឹប​ស្វាយរៀង​​នា​រដូវ​កាល​ថ្មី។ និយាយ​ពី​ប្រវត្តិ​របស់​កីឡាករ​រូប​នេះ​ជា​អតីត​កីឡាករ​របស់​ក្លឹប Huesca កាល​ឆ្នាំ​២០១៥-​២០១៦។​ Mika ស៊ុត​​បាន ១១​ គ្រាប់​​ក្នុង​ការ​បង្ហាញ​ខ្លួន​តែ ១៦ ប្រកួត​ប៉ុណ្ណោះ​សម្រាប់​​រដូវ​កាល​២០២០ ​ឲ្យ​ក្លឹប​ YKK ​នៃ​​លីគ​ទី​២​របស់​ ហ្វាំងឡង់។

៤-​ Kosuke Yamazaki Uchida ៖ ​ខ្សែ​បម្រើ​ចំណូល​ថ្មី​របស់​ Angkor Tiger រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ធ្លាប់​លេង​នៅ​លីគ​ទី​២​នៃ​ប្រទេស​ជប៉ុន​​គឺ​ក្លឹប Oita Trinita កាល​ឆ្នាំ​២០១០-២០១១។ បើ​ទោះ​មាន​វ័យ​ច្រើន​បន្តិច​ក្ដី​ (៣៣​ឆ្នាំ ) Kosuke ​នៅ​តែ​ជា​កីឡាករ​​ដែល​កំពុង​ស្ថិត​​ក្នុង​ការ​ចាប់អារម្មណ៍​ តាម​រយៈ​បទ​ពិសោធ​ជោគជាំ​នៅ​​នៅ​ក្លឹបធំ​ៗ​របស់​គេ​ ដូច​ជា Yangon United នៃ​ប្រទេស​មីយ៉ាន់ម៉ា​ជា​ដើម។

៥- Ata Inia ៖ ​​ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ត្រឹម​តែ​២០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​​កាល​ពី​ឆ្នាំ​២០១៩ ​គេ​ជា​ខ្សែ​ប្រយុទ្ធ​ល្អ​មួយ​រូប​ ដែល​​បាន​បង្ហាញ​ខ្លួន​ក្នុង​ក្រុម Melbourne Knights FC​នៃ​​លីគ​ National Premier Leagues Victoria ។ ​ខ្សែ​យុទ្ធ​រូប​នេះ​បង្ហាញ​សមត្ថភាព​យ៉ាង​​ល្អ​ក្នុង​ក្រុម​ចាស់​របស់​គេ​ ដែល​ការ​មក​​ដល់​កម្ពុជា​ពិត​ជា​រឿង​ដ៏​ល្អ​ខ្លាំង​មែន​ទែន ដើម្បី​ឲ្យ​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២១ កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង ៕

​​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់