• 2020-11-18 09:35:34
  • បាល់ទាត់

របួស MCL របស់ អ៊ុំ សេរីរ័ត្ន អាចនឹងត្រូវវះកាត់ បើព្យាបាលមិនជាសះស្បើយ

  • 2020-11-18 09:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមសម្ដីរបស់ អ៊ុំ សេរីរ័ត្ន របួសរហែកសរសៃ MCL របស់គេអាចនឹងត្រូវវះកាត់ បើសិនជាការព្យាបាលមិនទទួលបានផ្លែផ្កាល្អប្រសើរ។

អ្នកចាំប្រចាំក្លឹប TIFFY ARMY FC បានឱ្យដឹងថា ៖«វាអត់មានប៉ះពាលនឹងការប្រកួតទេជើង (ស្ដាំ) របស់ខ្ញុំ ព្រោះអីប្រហែលជាវាអាច​ប៉ះពាល់ ដោយសារតែយើងបង្ខំចូលលេង ដោយសារសាច់ដុំយើងអត់ទាន់ (មាន) គ្រប់គ្រាន់ ដល់ពេលចឹងធ្វើឱ្យសរសៃយើងហ្នឹង អត់មានសាច់ដុំគ្រប់គ្រាន់ទប់ ធ្វើឱ្យវាមានបញ្ហាឡើងម្ដងទៀត…ខ្ញុំព្យាបាលសិន បើព្យាបាលវាអត់ប្រសើរអត់ល្អ អាហ្នឹងអាចវះម្ដងទៀត»។

បច្ចុប្បន្នអតីតអ្នកចាំទីជម្រើសជាតិកម្ពុជា កំពុងសម្រាកព្យាបាលតាមការណែនាំរបស់វេជ្ជបណ្ឌិតរយៈពេលបួនខែ បើគិតមកទល់ពេលនេះ គឺមានរយៈពេលជាងពីរខែមកហើយ។ នេះជារបួសធ្ងន់លើកទី២របស់សេរីរ័ត្ន បន្ទាប់ពីរបួសដាច់សរសៃ ACL អំឡុងឆ្នាំ២០១៨ និងត្រូវវះកាត់ហើយសម្រាកព្យាបាល​ជាង១ឆ្នាំ។

របួសរហែកសរសៃ MCL របស់ អ៊ុំ សេរីរ័ត្ន កើតមានឡើងក្រោយប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាបាន១ជុំ ហើយការដែលដឹងថាមានរបួសនេះ ដោយ​សារ​សេរីរ័ត្នយល់ថាជើងស្ដាំរបស់គេមិនល្អដូចដើម។ ក្រោយឆ្លុះមើលទើបដឹងថារហែកសរសៃ MCL។

សេរីរ័ត្ន បានសម្ដែងអារម្មណ៍សោកស្ដាយ ៖«ស្ដាយណាស់បង ព្រោះអីមិនគួរណាជួបរឿងបែបហ្នឹង រាល់ថ្ងៃពិបាកចិត្តតែរឿងជើងហ្នឹង អន់ចិត្តខ្លួនឯង ហេតុអីជួបរឿងចឹង»។

យ៉ាងណាអតីតកីឡាករជម្រើសជាតិកម្ពុជា ដែលធ្លាប់សង្គ្រោះបាល់ពិន័យ​១១​ម៉ែត្រ​​ របស់ខ្សែប្រយុទ្ធជប៉ុន Shinji Okazaki ក្នុងព្រិត្តិការណ៍ជម្រុះ FIFA World Cup Russia 2018 ជុំទី២ប្រចាំតំបន់អាស៊ីឆ្នាំ២០១៥នៅពហុកីឡដ្ឋានជាតិថា របួសរបស់គេបានធូរស្រាលបន្តិចហើយ ហើយគេអាចរត់ និងធាក់កង់បានតិចៗដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី