• 2020-07-23 03:21:59
  • បាល់ទាត់

ធ្វើតេស្ត U19 យុវជន​ណាហ្គា និង​អគ្គិសនី​៣រូប សុទ្ធ​តែ​មាន​ជំនឿ​ចិត្តខ្ពស់

  • 2020-07-23 03:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​ កែវ ឧត្ដម, ចាន់ សុភា របស់​ក្លឹប​ណាហ្គាវើលដ៍ និង សៀន សុភក្ត្រា កីឡាករ​ក្លឹប​បាល់ទាត់​អគ្គិសនី​កម្ពុជា សុទ្ធ​​តែ​មាន​ជំនឿ​ចិត្ត​​អាច​ជាប់​ជម្រើស​ជាតិ U19 កម្ពុជាឆ្នាំ​២០២០ ប៉ុន្តែ​​លទ្ធផល​ធ្វើតេស្ត​នា​ពេល​អនាគត​​​យ៉ាងណានោះ ពួកគេ​ក៏​នៅ​មិន​ទាន់​ដឹង​​​ដូច​គ្នា ដ្បិត​ការ​ប្រមូល​ផ្ដុំ​លើកនេះ​ប្រជុំ​សុទ្ធ​​កីឡាករ​ល្អៗ​រហូត​ដល់​ទៅជាង​៣០នាក់​។

កែវ ឧត្ដម ធ្វើតេស្តថ្ងៃទី១

កែវ ឧត្ដម បញ្ជាក់​ថា ៖«ខ្ញុំ​យល់​ឃើញ​ថា​ការធ្វើតេស្តនេះ​ល្អ​សម្រាប់​ពួក​យើង​ទាំងអស់​គ្នា ដែល​មាន​ឈ្មោះ​ធ្វើតេស្ត​នេះ។ សម្រាប់​ខ្ញុំ​ផ្ទាល់​ក៏​មិន​ហ៊ាន​និយាយ​មុន​ថា​នឹង​អាច​ជាប់​មាន​ឈ្មោះ២៣នាក់​ចុងក្រោយ​ដែរ ព្រោះ​វា​ពិត​ជាពិបាក​ខ្លាំង​ណាស់​ ព្រោះ​អ្នក​មាន​ឈ្មោះ​មក​ធ្វើតេស្ត​នេះ​សុទ្ធ​តែ​ជា​អ្នក​ល្អ​ល្អ...សម្រាប់​ក្ដី​សង្ឃឹម​ខ្ញុំ​មាន​៧០%»។

ទោះជា​បែប​នេះ​ក្ដី កីឡាករ​មក​ពី​ខេត្ត​កំពង់​ឆ្នាំ មិន​បោះបង់​ការ​ប្រឹងប្រែង​ឡើយ ដោយ​គេ​នឹង​ខិតខំ​ដើម្បី​ជាប់​ជម្រើស​ជាតិ U19។ ឧត្ដម​បាន​បន្ថែម​ថា បើ​សិន​គេ​មិន​ជាប់ គឺ​ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ​បំផុត ព្រោះ​មនុស្ស​ម្នាក់​ៗ​ធ្វើ​អ្វី​មួយ​គឺ​ចង់​បាន​ផ្លែផ្កា​ល្អ​មក​វិញ។

យុវជនណាហ្គាវើលដ៍ ចាន់ សុភា

ចំណែក ចាន់ សុភា ដែល​ធ្លាប់​ជាប់ U19 ម្ដង​រួច​មក​ហើយ​នោះ មាន​ក្ដី​សង្ឃឹម​រហូត​ដល់​៨០% ដោយ​ផ្អែក​លើ​ការ​ខិតខំ​ហ្វឹកហាត់​ទាំង​នៅ​ក្លឹប និង​ជម្រើស​ជាតិ។ យ៉ាងណា​​គេ​ក៏​មិន​ទាន់​​ដឹង​ថា​​ទទួល​បាន​លទ្ធផល​ល្អ ឬ​អាក្រក់​ដែរ មាន​តែ​ពេលវេលា​ប៉ុណ្ណោះ​ជា​អ្នក​​អារកាត់។

សុភា​ ពន្យល់​បែប​នេះ ៖«ខ្ញុំ​សំអាង​លើ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ទាំង​នៅ​ក្លឹប​និង​នៅ​ជម្រើស​ជាតិ។ ទោះបី​ពេលខ្លះ​នៅ​ក្លឹប​ខ្ញុំ​មិនសូវ​បាន​លេង​ក៏ដោយ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ព្យាយាម​ណាស់ ។ មួយ​ទៀត​សំអាង​លើ​ការ​ហ្វឹកហាត់​នៅ​ក្លឹប មាន​ការ​ហ្វឹកហាត់​ខ្លាំង និង​មាន​ឱកាស​មាន​ឈ្មោះ​ចូលលេង​ម្ដងម្កាល​ដែរ​»។

សៀន សុភត្ត្រា ខ្សែប្រយុទ្ធក្លឹបអគ្គិសនីកម្ពុជា

ទោះមិន​ទាន់​​ច្បាស់​១០០%​ថា​ជាប់ U19 ក្ដី ប៉ុន្តែ សៀន សុភក្ត្រា នៅ​តែ​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង ដ្បិត​រូប​គេ​មិន​ខ្លាច​រអា​នឹង​ការ​ប្រកួត​ប្រជែង​ឡើយ។

សុភក្ត្រា រៀបរាប់៖ «ជំនឿ​ចិត្ត​​មាន​នៅតែ​មាន តែ​ខ្ញុំ​អត់​អាច​និយាយ​ថា​ម៉េច​ទៀត​ទេ​នា​ពេល​ខាង​មុខ ប៉ុន្តែ​ជំនឿ​ចិត្ត​ កាន់​តែ​ធ្វើ​ឱ្យ​យើង​មាន​ការ​ខំប្រឹង បើ​យើង​អត់​មាន​ជំនឿ​ចិត្ត​ទេ ការ​ខំប្រឹង​ក៏​អត់​សូវ​មាន​ដែរ»។

មក​ទល់​នឹង​ពេល​នេះ សៀន សុភក្ត្រា ធ្វើតេស្ត​បាន​២​លើក​រួច​មក​ហើយ ចាប់​តាំង​​ពី​ធ្វើតេស្ត​លើក​ដំបូង​កាល​ពី​ថ្ងៃ ទី​១៤ ខែ​កក្ដដា ឆ្នាំ​២០២០​មក។ ២​លើក​នេះ​គេ​ថា កីឡាករ​ហាក់​លេង​ត្រូវ​គ្នា​ច្រើន បើ​ធៀប​នឹង​លើក​ទី១ ព្រោះ​កីឡាករ​ខ្លះ​ធ្លាប់​ជាប់ U19 ជាមួយ​​ពី​មុន​មក។

ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា U19 បាន​ចាប់ឆ្នោត​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី នៅ​ពូ​ល A សម្រាប់​ការប្រកួត​ជម្រុះពានរង្វាន់ AFC U-19 Championship 2020​។ សម្រាប់​ជំនួប​បើកឆាក​U19 កម្ពុជា នឹង​ត្រួវ​តតាំង​ជាមួយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៤ ខែតុលា មុន​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន នៅ​៣​ថ្ងៃ​បន្ទាប់​។ សម្រាប់​ជំនួប​ចុងក្រោយ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku នឹងត្រូវ​តតាំង​ជាមួយ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី