- 2020-06-23 01:59:14
- បាល់ទាត់
ទូច បញ្ចរ៉ុង អាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ក្នុងឆ្នាំនេះ
- 2020-06-23 01:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូច បញ្ចរ៉ុង អាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ក្នុងឆ្នាំនេះ
ចន្លោះមិនឃើញ
បើតាមការបង្ហើបប្រាប់របស់កីឡាករបឹងកេត និងអតីតខ្សែការពារជម្រើសជាតិកម្ពុជាវ័យ៣០ឆ្នាំ ទូច បញ្ចរ៉ុង រូបគេអាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ក្នុងឆ្នាំនេះ។
ការបង្ហើបពីការបញ្ចប់អាជីពនេះ ក៏ដោយសាររូបគេមានវ័យកាន់តែជ្រេ ចំណែកក្លឹបម្ចាស់ជើងឯកលីគកំពូលកម្ពុជា៣សម័យកាល បឹងកេត ក៏មានជម្រើសកីឡាករក្មេងៗនិងល្អៗច្រើន ជាហេតុធ្វើឱ្យគេពិបាកប្រកួតប្រកួតប្រជែង។ បច្ចុប្បន្នតំណែងការពារស្លាបស្ដាំរបស់បញ្ចរ៉ុង ត្រូវបានធ្លាក់ទៅលើកីឡាករ ស្លេះ សេន ដែលកំពុងតែឡើងជើងខ្លាំង។
ចំពោះអនាគត កីឡាករមានដើមកំណើតមកពីខេត្តកំពត, អតីតកីឡាករ Dolphin FC, ភ្នំពេញក្រោន និងនគរបាលជាតិ បានផ្ដល់ជម្រើស៣សម្រាប់ខ្លួនឯង ប៉ុន្តែនៅស្រពិចស្រពិលនៅឡើយ។
ខ្សែការពារជួយឱ្យបឹងកេតលើកពានលីគកំពូលកម្ពុជាឆ្នាំ ២០១២, ២០១៦, ២០១៧ និងពានរង្វាន់សម្ដេច ហ៊ុន សែន ឆ្នាំ២០១៩ បានបញ្ជាក់ថា ៖«និយាយរួមប្រហែលជាឆ្នាំនេះហើយ (បញ្ចប់អាជីពជាកីឡាករ) ខ្ញុំមានជម្រើស៣សម្រាប់ខ្លួនឯងឥឡូវនេះ ប៉ុន្តែមិនទាន់ហ៊ាននិយាយ»។
បញ្ចរ៉ុង មិនទម្លាយឱ្យដឹងទេថា ជម្រើសទាំងបីនោះជាអ្វី ប៉ុន្តែគេសង្កេតឃើញកីឡារបឹងកេតមួយចំនួន ពេលចូលនិវត្តន៍ពីបាល់ទាត់ ពួកគេតែងមានឱកាសការងារនៅក្លឹបតែម្ដង តួយ៉ាងអតីតខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី, ខ្សែការពារ លី រ៉ាវី, ឈុន សុធារ័ត្ន និងអតីតអ្នកចាំទី គឹម មករា ជាដើម។
គួរបញ្ជាក់ថាខ្សែការពារគ្រងលេខ៦ ទូច បញ្ចរ៉ុង ធ្លាប់ជាប់ជម្រើសជាតិ U19 ក្នុងឆ្នាំ២០០៩-២០១០, U23 ឆ្នាំ ២០០៩ -២០១៣ និងឈុតធំនៅឆ្នាំ ២០១១។
បើនិយាយអំពីស្នាដៃវិញ មុនជួយឱ្យបឹងកេតលើកពានលីគកំពូលបីរដូវកាល, ជើងឯករង Mekong Club Championship ឆ្នាំ២០១៥ និងពានសម្ដេច ហ៊ុន សែន មួយរដូវកាលផងនោះ គេក៏ធ្លាប់ជួយឱ្យក្លឹបភ្នំពេញក្រោនលើកពាន MCL មួយរដូវកាលដែរ គឺឆ្នាំ ២០១០៕