• 2020-06-10 03:10:40
  • បាល់ទាត់

នេន សុធារដ្ឋ ធ្វើបានសម្រេច​​រឿង​៣​ហើយ​ នៅឡើយ​​១​ទៀត​មិន​ទាន់​ជោគជ័យ

  • 2020-06-10 03:10:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ក្លឹប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង នេន សុធារដ្ឋ បាន​ប្រាប់ Sabay នៅព្រឹក​នេះ​ថា គេ​ធ្វើ​បាន​សម្រេច​គោល​បំណង​ធំបីហើយ នៅ​​ឡើយ​មួយរឿង​ទៀត​ប៉ុណ្ណោះ មិន​ទាន់​មាន​ផ្លែផ្ដាចាប់​តាំង​ពី​ប្រឡូក​ក្នុង​អាជីព​បាល់ទាត់មក។

គោលបំណងទាំង​៣ដែល នេន សុធារដ្ឋ សម្រេច​បាន​គឺការខិតខំហ្វឹកហាត់ឱ្យជាប់យុវជនរបស់ក្លឹប និងយុវជនក្រុមជម្រើសជាតិកម្ពុជា ដើម្បីទៅប្រកួត​នៅ​ក្រៅ​ប្រទេស។ ខ្សែការពារ​វ័យ​២៤​ឆ្នាំ ទទួលបានជោគជ័យដោយជាប់​ U15, U17, U19 របស់​ក្លឹប​ព្រះខ័នរាជស្វាយរៀង និង U13, U15, U17, U19, U21, U23 របស់ជម្រើសជាតិកម្ពុជា។

រូបភាពផេកហ្វេសប៊ុកព្រះខ័នរាជស្វាយរៀង

គោលបំណងទី២គឺ គេបានលេងឱ្យឈុតធំរបស់ក្លឹបក្នុងលីគកំពូលកម្ពុជា និងពានរង្វាន់ផ្សេងៗ និងទី៣គេបានសម្រេចក្ដីសុបិនជាប់ជាកីឡាករជម្រើសជាតិឈុតធំ ដោយបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាច្រើន ជាពិសេសមានឈ្មោះ​លេងជម្រុះព្រឹត្តិការណ៍៥ឆ្នាំម្ដង World Cup ឆ្នាំ២០១៨​។

ជាមួយនឹងសមិទ្ធផល​ដ៏ធំធេងទាំងនេះ កីឡាករក្លឹបជើងឯកពានសម្ដេច ហ៊ុន សែន បួនសម័យកាល បានសម្ដែងក្ដីត្រេកអរជាខ្លាំង ហើយកត្តាជម្រុញឱ្យគេជោគជ័យបែបនេះ ក៏ដោយសារគេមានការលើកទឹកចិត្ត និង Inspire ពី​ឪពុកមាជាអតីត​កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងការជ្រោមជ្រែងពីក្រុមគ្រួសារ (ក្រុមគ្រួសារជាអ្នកកីឡាករ)។

ចំណែកគោលបំណងទី៤ ខ្សែការពារក្លឹបជើងឯកលីគកំពូលកម្ពុជា MCL ពីរសម័យកាល ចង់ទៅលេងនៅក្រៅប្រទេសកំណើត។ យ៉ាងណាគោល គេមិនទាន់អាចធ្វើបាននៅឡើយទេ មកទល់នឹងពេលនេះ។

សុធារដ្ឋ ពន្យល់ថា ៖«ក្លឹបនៅក្រៅប្រទេសខ្ញុំអត់រើសថាប្រទេសណាឬក្លឹបណាទេ ឱ្យតែមានឱកាសគឺទៅ អត់គិតថាប្រទេសនេះប្រទេសនោះទេ សំខាន់​ជាគោលដៅរបស់យើង ហើយយើងចង់ផ្លាស់ប្ដូរសមត្ថភាព»។

គួរបញ្ជាក់ថាដើមចមដំបូង​​ សុធារដ្ឋ ប្រឡូកក្នុងវិស័យបាល់ទាត់ គឺពីក្មេងគេតែងទៅមើល​អតីតជម្រើសជាតិ​ សឿ ចាន់វាសនា ត្រូវជាឪពុកមាលេង ហើយក៏មានចិត្តចង់ធ្វើដូចគាត់។ សុធារដ្ឋ ចូលលេងបាល់ដំបូងឱ្យក្លឹបយុវជនតារាអូឡាំពិក នៅឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០០៨ រួចក៏ផ្លាស់ទៅ​ព្រះខ័នរាជស្វាយរៀងរហូតដល់សព្វថ្ងៃ។ គេជាខ្សែការពាររឹងមាំមួយរូប របស់គ្រូបង្គោល​ Conor Nestor៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី