• 2020-01-16 07:37:23
  • បាល់ទាត់

លោក ខូវ ឆាយ៖ ពាន​ Pre-Season ​រដូវ​កាល​ក្រោយៗ​ អាច​មាន​ក្លឹប​បរទេស​ចូលរួម​​​

  • 2020-01-16 07:37:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​រង្វាន់​ TV5 Pre Season Championship ដែល​មាន ​៤​ក្រុម​ចូល​រួម​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃទី១៦ ខែមករានេះ​ហើយ​ ពោល​គឺ​ជា​ការ​ប្រកួត​មិត្ត​ភាព​ក្នុង​ស្រុក​ដើម្បី​ត្រៀម​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០។

លោក​ ខូវ ឆាយ អគ្គលេខាធិការ​ក្លឹប​ក្រសួងការពារជាតិ​ថា៖ «នេះ​ជា​លើក​ទី​១​ហើយ​ ដែលយើង​រៀបចំ​ពាន​រង្វាន់​នេះ​ឡើង​ ដោយ​មាន​ភាព​ឆាប់រហ័ស​អ៊ីចឹង ​​​មិន​មាន​ការ​ត្រៀមខ្លួន​សម្រាប់​កម្មវិធី​នេះ​ទេ។ យើង​គ្រាន់​តែ​ចង់​ឲ្យ​កម្មវិធី​លើក​នេះ ​ក្លាយ​ជា​ជំនួប​មួយ​ដែល​​យើង​អាច​ដកស្រង់​បច្ចេកទេស​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ឆ្នាំ​ទី១នេះ​។ ការ​រៀប​ចំ​យើង​អត់មាន​ជា​ប្រាក់​រង្វាន់​អី​ទេ យើង​មាន​តែ​ពាន​មួយ​សម្រាប់​លើក​ទឹក​ចិត្ត​ក្រុម​ដែល​ធ្វើ​បានល្អ ប៉ុន្តែ​នៅ​ថ្ងៃ​អនាគត​យើង​មាន​ផែន​ការ​រៀប​ចំ​ឲ្យ​វា​ធំ​ជាង​នេះ​ អាច​រហូត​ដល់​យើង​អញ្ជើញ​ក្លឹប​ពី​បរទេស​មក​ចូលរួម»។

លោក​បន្ត​ទៀត​ថា​ដោយ​សារ​តែ​ក្លឹប​ធំ​ៗ​ដូច​ជា​ បឹង​កេត វិសាខា និង​ស្វាយ​រៀង សុទ្ធ​តែ​រវល់​ប្រកួត​មិត្តភាព​ក្រៅ​ប្រទេស​ អ៊ីចឹង​យើង​មិន​អាច​អញ្ជើញ​គាត់​ឲ្យ​ចូល​រួម​បាន​ទេ ដូច្នេះ​ទើប​យើង​អញ្ជើញ​ក្លឹប​ដែល​ទំនេរ​ហើយ​ពួក​គាត់​អាច​ចូលរួម​បាន​។

​​​​​ការ​ប្រកួត​នេះ​មាន​រយៈ​ពេល​តែ​៣ថ្ងៃ​ប៉ុណ្ណោះ ពោល​គឺ​ចាប់​ផ្ដើម​ពី​ល្ងាច​នេះ​តែ​ម្ដង ថ្ងៃ​ទី​១៦-១៨ ខែ​មករា​ ឆ្នាំ​២០២០ នៅ​កីឡដ្ឋាន​ស្តាតចាស់។ ៤ក្រុម​ដែល​ចូល​រួម​នោះ​មាន​ដូច​ជា​ ក្លឹប​បាល់ទាត់​ក្រសួង​ការពារ​ជាតិ (ម្ទាស់​ផ្ទះ) ក្លឹប​បាល់ទាត់​សូ​ល​ទីឡូ​អង្គរ​ ក្លឹប​បាល់ទាត់​ណាហ្គាវើល​ និង​ក្លឹប​បាល់ទាត់​អាស៊ីអឺរ៉ុប។ ការ​ប្រកួត​នេះ​ ​នឹង​មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ផង​ដែរ៕​

អត្ថបទ៖ Yorn Sovieth

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី