• 2019-09-13 03:03:23
  • បាល់ទាត់

អាថ៌កំបាំងស្នាមសាក់រូបឡានចាស់លើដៃ Marcelo បង្កប់នៅរឿងរ៉ាវរំជួលចិត្ត

  • 2019-09-13 03:03:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marcelo Vieira គឺជាតារាបាល់ទាត់ដ៏ល្បីឈ្មោះ និងជោគជ័យម្នាក់។ កីឡាករមានប្រភពមកពីទីក្រុងរីយ៉ូ ដីហ្សានីរ៉ូ បានចាប់ផ្ដើមអាជីពបាល់ទាត់ជាមួយក្លឹបនៃប្រទេសកំណើត Fluminense លេងជាខ្សែការពារ ហើយទទួលភាពជោគជ័យខ្លាំងនៅពេលផ្ទេរទៅ Real Madrid ក្នុងឆ្នាំ២០០៧។

រយៈពេល១២ឆ្នាំនៅទឹកដី Santiago កីឡាករល្បឿនលឿន និងពូកែ Cross បាល់រូបនេះបានឈ្នះ LaLiga ៤ដង, Copa del Rey ២ដង, UEFA Champions League ៤ដង និង Club World Cup ៤ដង។

យ៉ាងណានៅពីក្រោយភាពជោគជ័យដូចសព្វថ្ងៃនេះ គឺមានរឿងរ៉ាវលំបាកជាច្រើនដែល Marcelo បានហែលឆ្លងកាត់ក្នុងជីវិតរបស់គេ។ បុគ្គលសំខាន់បំផុតដែល Marcelo ចងចាំមិនភ្លេចគឺជីតារបស់គេ ដែល តែងផ្ដល់ភាពជឿជាក់ និងជាអ្នកគាំទ្រតែមួយគត់របស់គេតាំងពីតូចមក។

ពលីកម្មរបស់ជីតា ត្រូវបាន Marcelo ចារទុកជាប់នឹងដៃតាមរយៈស្នាមសាក់ "រូបឡានចាស់មួយគ្រឿង" ម៉ាក Volkswagen ដែលឡានចាស់ នោះត្រូវបានជីតាប្រើសម្រាប់ដឹករូបគេទៅហ្វឹកហាត់ និងទៅលេងគ្រប់ទីកន្លែងដែល Marcelo ចង់ទៅ។

នៅដៃខាងស្ដាំផ្នែកខាងក្រោម កីឡាករសក់សំពោងរូបនេះបានសាក់ឈ្មោះជីតារបស់ខ្លួនគឺ "Pedro”។ អំឡុងពេល World Cup ឆ្នាំ២០១៤ ដែលប្រេស៊ីលធ្វើជាម្ចាស់ផ្ទះ គឺជាពេលដែលលោកតា Pedro បានស្លាប់បាត់បង់ជីវិត។ Marcelo បានហៅពេលនោះថាជាពេលវេលារូបគេពិបាកចិត្តបំផុតក្នុងជីវិត។

លោកតា Pedro គឺជាមនុស្សមានឥទ្ធិពលបំផុតក្នុងជីវិតរបស់ Marcelo។ លោកតាបានបង្រៀន Marcelo ឲ្យធ្វើជាមនុស្សល្អ, រីករាយ, រាប់អានអ្នកជិតខាង និងចេះគោរពអ្នកដទៃ ដូច្នេះទើបយើងឃើញ Marcelo តែងតែញញឹមជានិច្ច មិនថាក្នុងកាលៈទេសៈណាក៏ដោយ។

រាល់លើកដែល Marcelo ស៊ុតចូល ឬឈ្នះពាន រូបគេតែងចង្អុលទៅលើ ព្រោះខ្សែការពាររូបនេះជឿជាក់ថាលោកតា Pedro កំពុងញញឹម និងមើលគេពីស្ថានសួគ៌មក៕

ប្រភព៖ FIFA អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី