• 2019-08-04 00:02:00
  • បាល់ទាត់

Henry ៖ ​ឆ្នាំ​សូន្យ​នៅ​ Arsenal ពេល​នេះ​កាល​ពី​២០​ឆ្នាំ​មុន ពី​គ្រោះ​ក្លាយ​ជា​លាភ​

  • 2019-08-04 00:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​កាល​ពី​២០​ឆ្នាំ​មុន Thierry Henry បាន​ចាប់ផ្តើម​ដំបូង​នៅ​ Arsenal ។ ​វា​គឺ​មិន​ងាយ​ស្រួល​ឡើយ ហើយ​ Henry ដែល​កាលណោះ​មាន​វ័យ​២២​ឆ្នាំ​ស្ទើរ​តែ​បោះបង់​​ដំណែង​ខ្សែ​ប្រយុទ្ធ​។

ឆ្នាំ​សូន្យ គឺ​ជា​ពេល​​ដែល Henry បាន​ចាប់ផ្តើម​នៅ Arsenal នៅ​​រដូលកាល ១៩៩៩/២០០០ ហើយ​ដំណើរ​រឿង​គឺ​វា​យ៉ាង​ដូច្នេះ

ព្រឹក​មួយ​កាល​ពី​២០​ឆ្នាំ​មុន កីឡាករ​បារាំង​បាន​ដើរ​សំដៅ​ទៅ​ការិយាល័យ Arsen Wenger ដើម្បី​​ប្រាប់​​គ្រូ​បង្វឹក​ថា​គាត់​មិន​ចង់​ធ្វើ​ជា​ខ្សែប្រយុទ្ធ​ទេ។

នេះ​មក​ពី Henry គ្មាន​ជំនឿ​ចិត្ត​គ្រប់គ្រាន់​ថា​អាច​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​បាន ព្រោះ​គេ​​ធ្លាប់​តែ​លេង​ជា​ខ្សែ​បម្រើ​ស្លាប ដំណែង​ដែល​គេ​ជោគជ័យ​នៅ​អតីត​ក្លឹប Monaco ជោគជ័យ​ World Cup សម្រាប់​ជម្រើស​ជាតិ​បារាំង ១៩៩៨ និង ខ្សែ​បម្រើ​នេះ​បាន​​ក្លាយ​ជា top scorer នៅ Juventus។

ប៉ុន្តែ Henry បាន​ផ្លាស់​ប្តូរ​ចិត្ត​នៅ​ពេល​ដែល​គាត់​បាន​ទៅ​ដល់​ទីលាន​ហ្វឹកហាត់ ហើយ​គាត់​បាន​ប្រាប់​ខ្លួន​ឯង​ថា "សាក​ម្តង​មើល" សាក​ធ្វើ​ខ្សែ​ប្រយុទ្ធ​មើល។ ​

Henry រង​ថ្ម​បាក់​ក្រោយ Arsenal ខ្វះ​ខ្សែ​ប្រយុទ្ធ

Wenger បាន​ចុះ​ហត្ថលេខា​នាំ​យក Henry ដើម្បី​ជំនួស​ខ្សែ​ប្រយុទ្ធ Nicolas Anelka។ Anelka ដែល Wenger បាន​នាំ​យក​មក​ពីក្លឹប Paris St Germain ជាមួយ​តម្លៃ​ត្រឹមតែ ៥០ ម៉ឺន​ផោន (ប្រហែល ៧០ ម៉ឺន​ដុល្លារ)។ ២​ឆ្នាំ​ក្រោយ​មក គ្រូ​បង្វឹក​មាន​សញ្ញាប័ត្រ​អនុបណ្ឌិត​សេដ្ឋកិច្ច​មួយ​នេះ បាន​លក់​ Anelka ទៅ​ឲ្យ​ Real Madrid ក្នុង​តម្លៃ ជាង ៣១ លាន​ដុល្លារ កាល​ពី​ឆ្នាំ​ ២០០០ ហើយ​វា​គឺ​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​ក្នុង​ជំនាន់​នោះ។

Wenger បាន​ប្រាប់ Henry ​វ័យ​ក្មេង​ថា "អ្នក​បាន​ខ្ជះខ្ជាយ​ពេលវេលា​ជា​ច្រើន​លេង​នៅ​ស្លាប។ អ្នក​គឺ​ជា​កីឡាករ​ពាក់​លេខ​៩"។

​​​​ដូច​ដែល​ Henry គិត​គឺ​ថា​គាត់​គ្មាន​បទពិសោធន៍​លេង​ជា​ខ្សែ​ប្រយុទ្ធ​ឡើយ។ ជា​លទ្ធផល​បង្ហាញ​ថា Henry រក​បាន​តែ​២​គ្រាប់​ប៉ុណ្ណោះ​ក្នុង​ចំណោម​១៧​ប្រកួត​ដំបូង។

នៅ​ខាង​ក្រៅ​គាត់​ហាក់​បង្ហាញ​ពី​ភាព​អត់ធ្មត់ ប៉ុន្តែ​​បន្ទាប់​ពី​ស៊ុត​បាន​១​គ្រាប់​ជួយ Arsenal ឈ្នះ AIK Solna ៣-១ នៅ​វគ្គ​ជម្រុះ Champions League ខ្សែប្រយុទ្ធ​រូប​នោះ​បន្ត​គ្មាន​គ្រាប់​បាល់​៧​ប្រកួត​ជាប់ៗ​​គ្នា​ទៀត។

Henry រំលឹក​ថា "ខ្ញុំ​គិត​ថា គ្រូ​ចង់​ឲ្យ​ខ្ញុំ​លេង​ប្រយុទ្ធ​កណ្តាល។ មិន​អី​ទេ ប៉ុន្តែ​វា​មាន​ន័យ​ថា​ខ្ញុំ​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​រៀន​ពី​របៀប​រត់ ដែល​ខុស​គ្នា​ទាំង​ស្រុង​ពី​រៀប​លេង​របស់​ខ្ញុំ​ពី​មុន។ វា​ត្រូវ​ការ​ពេល​បន្ថែម​ទៀត"។

Henry ពី​គ្រោះ​ក្លាយ​ជា​លាភ

បើក​រដូវ​កាល ១៩៩៩/២០០០ របស់ Henry ដំណើរ​ការ​ទៅ​ដោយ​ភាព​អស់​សង្ឃឹម។ ប៉ុន្តែ Henry ក៏​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​ឡើង​វិញ​នៅ​ពេល​ Wenger ដាក់​ឲ្យ​​កីឡាករ​បារាំង​វ័យ​ក្មេង​លេង​ជាមួយ​​មិត្ត​រួម​ក្រុម​ ខ្សែបម្រើ​ហូឡង់ Dennis Bergkamp ជា​លើក​ដំបូង។

​ចាប់ពី​ពេល​នោះ​មក គ្មាន​នរណា​ចាប់​អារម្មណ៍​ពី​ការ​ប្រកួត​របស់​ Anelka ដែល​កំពុង​លេចធ្លោ​នៅ Real នា​សម័យ​នោះ​ទៀត​ទេ។ នៅ​ខែ​មករា ឆ្នាំ​២០០០ Henry បាន​ស៊ុត​២​គ្រាប់​ជួយ Arsenal ឈ្នះ ៤-១ លើ Sunderland ក្រោយ​មក​ស៊ុត​ក្បាច់ half-volley លើ​ក្រុម Bradford និង​បន្ទាប់​មក Henry រក​បាន​៨ គ្រាប់​ក្នុង​ចំណោម ១០ ប្រកួត។

​ហើយ​ចាប់​ពី​ពេល​នោះ​មក Henry បាន​ក្លាយ​ទៅ​ជា​កំពូល​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នា​ដើម​សតវត្ស​ទី​២១។

អ្វី​ដែល​គេ​មិន​អាច​បំភ្លេច​បាន​ពី​កីឡាករ​បារាំង​រូប​នេះ​ទៀត​នោះ​គឺ Henry គឺ​ជា​កំពូល​កីឡាករ​ដែល​នៅ​តែ​មាន​ទម្លាប់​ប្រើប្រាស់​មធ្យោបាយ​សាធារណៈ​ធ្វើ​ដំណើរ​​ទៅ​មក​ពី​ផ្ទះ​ទៅ​ទីលាន​​ហ្វឹក​ហាត់​​របស់ Arsenal៕

អាន៖ Salah នឹង​ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់ខែ​ច្រើន​បំផុត​នៅ Premier League ជាមួយ​កុងត្រា​ថ្មី

អាន៖ មក​មើល​លទ្ធភាព​ និង តំណែង​ដែល Griezmann អាច​ឈរ​ជើង​នៅ Barcelona

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី