• 2019-07-31 08:35:38
  • បាល់ទាត់

Ronaldinho ថា​ត្រៀម​ជា​ស្រេច ​មក​ជួប​អ្នក​គាំទ្រ​កម្ពុជា​នៅ Tiger Street Football Festival 2020​

  • 2019-07-31 08:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម្ចាស់​ជើងឯកTiger Street Football Festival 2019 ​ បាន​ទៅ​ជួប​ផ្ទាល់​​ជាមួយ​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ថ្នាក់​ពិភពលោក ​“RONALDINHO” នៅ​គេហដ្ឋាន​លោក​ជា​លក្ខណៈ​ឯកជន។ ដំណើរ​ទស្ស​នកិច្ច​ នេះ​គឺ​នៅ​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេស៊ីល​ចំនួន​បី​ថ្ងៃ​គឺ ​ថ្ងៃទី ​១៨​ដល់​១៩​ខែ​កក្កដា​ឆ្នាំ​២០១៩។

ក្រុម​កីឡាករ​កម្ពុជា ​និង​ក្រុម​ការងារ​ស្រាបៀរ​ថៃហ្គ័រ ​បាន​ទទួល​បាន​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ មក​កាន់​គេហដ្ឋាន​ផ្ទាល់​របស់​កំពូល​កីឡាករ​បាល់​ទាត់​សញ្ជាតិ​ប្រេស៊ីល ​លោក​ RONALDINHO​ មាន​ការ​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ក្រុម​កីឡាករ​កម្ពុជា។ ជា​ពិសេស​លោក​ RONALDINHO បាន​ចុះ​ហត្ថលេខា​ផ្ទាល់​លើ​អាវ​កីឡាករ​ជាច្រើន​ទុក​ជា​កាដូ​ពិសេស​ជូន​សមាជិក​ទាំងអស់​នៃ​ក្រុម​កីឡាករ​កម្ពុជា​ និង​បាន​រៀប​ចំ​កម្មវិធី​ជប់លៀង ​អាំងសាច់​បែប​អាហារ​ប្រចាំ​ប្រទេស​ប្រេស៊ីល​ និង​អាហារ​ប៊ុហ្វេ​ច្រើន​មុខ​ដ៏​ឆ្ងាញ់​ពិសា ​និង​មាន​បម្រើ​ភេសជ្ជៈ​ជាច្រើន អម​ជាមួយ​ការ​ចាក់​តន្រ្តី​កំដរ​អារម្មណ៍​ក្នុង​បរិយា​កាស​សប្បាយ​រីករាយ ​និង​ស្និទ្ធស្នាល​ជា​ទី​បំផុត។

Ronaldinho ​បាន​មាន​ប្រសាសន៍​ថា ​លោក​ពិត​ជា​រំភើប​រីករាយ​ដែល​បាន​រៀបចំ​ពិធី​ជប់លៀង​នៅ​ក្នុង​បវិវេណ​គេហដ្ឋាន​ផ្ទាល់​របស់​លោក​ដើម្បី​ស្វាគមន៍​ក្រុម​ម្ចាស់​ជើង​ឯក​នៃ​កម្មវិធី Tiger Street Football Festival 2019 ​មក​ពី​ប្រទេស​កម្ពុជា ​ជា​ពិសេស​ផ្តល់​ការ​ណែនាំ​បច្ចេកទេស​លេង​ និង​ចែក​រំលែក​បទ​ពិសោធន៍​ល្អ​ៗ​របស់​លោក​ជូន​ក្រុម​ម្ចាស់​ជើងឯក។ លោក​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​ការ​មក​ទស្សនា​ប្រទេស​កម្ពុជា ​និង​មក​ជួប​ផ្ទាល់​អ្នក​គាំទ្រ​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​ Tiger Street Football Festival ​ក្នុង​ខែ​មករា ​ឆ្នាំ ​២០២០ ​ខាង​មុខ​នេះ។

ជា​ពិសេស​ទៅ​ទៀត​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ​ក្រុម​កីឡាករ​កម្ពុជា​ បាន​ចូល​ទស្សនា​ផ្ទាល់​នូវ​ការ​ប្រកួត​វគ្គ​១​ភាគ​៤​ផ្ដាច់​ព្រ័ត្រ​នៅ​ពហុកីឡដ្ឋាន​ដ៏​ធំ​ឈ្មោះ Maracanã ​ រវាង​ក្រុម​ Flamengo ​និង​ Athletico Paranaense ​ដើម្បី​ប្រកួត​ដណ្តើម​ពាន​រង្វាន់​ប្រេស៊ីល ​(Copa do Brasil) ​ដោយ​មាន​ការ​ចូលរួម​ពី​អ្នក​គាំទ្រ​កីឡា​បាល់ទាត់​រាប់​ម៉ឺន​នាក់។ ​សំឡេង​នូវ​ការ​ទូងស្គរ​ និង​ស្រែក​ហ៊ោ​អបអរ​ពេញ​ពហុកីឡាដ្ឋាន​យ៉ាង​រំភើប​សប្បាយ​រីករាយ​ក្រៃលែង។ នេះ​គឺ​ជា​បទ​ពិសោធន៍​លើក​ដំបូង​ក្នុង​ការ​ទស្សនា​ដោយ​ផ្ទាល់​នូវ​កម្ម​វិធីប្រកួត​បាល់ទាត់​នៅ​ក្នុង​ពហុកីឡាដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​ទ្វីប​អាមេរិកឡាទីន​សម្រាប់​ក្រុម​ម្ចាស់​ជើងឯក​ និង​ក្រុម​ការងារ​ស្រាបៀរ​ថៃហ្គ័រ​ដែល​មាន​អារម្មណ៍​រំភើប ​និង​សប្បាយ​រីករាយ​បំផុត​ដែល​មិន​អាច​បំភ្លេច​បាន។

លើស​ពី​នេះ​ទៀត ​បាន​រីករាយ​ទស្សនា​នៅ​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម​នៅទីក្រុង​ Rio ​ដូចជា​ ទស្សនា​ទេសភាព​ភ្នំ​ Corcovado ​និង​ Sugarloaf ​ដើរ​លំហែ​កម្សាន្ត​បន្ធូរ​អារម្មណ៍​នៅ​តាម​ឆ្នេរ​សមុទ្រ​ Copacabana ​ដ៏​វែង ​និង​ស្រស់​ស្អាត​ អម​ជាមួយ​អគារ​ខ្ពស់​ៗ​ដែល​មាន​រចនាបទ​ទំនើប​គួរ​ឲ្យ​ទាក់ទាញ​នៅ​កណ្តាល​ទីក្រុង​ Rio។

ក្នុង​ឱកាស​ពិសេស​នេះ​ផង​ដែរ ​លោក​ ភូ គឹម សែ​ ដែល​ជា​ប្រធាន​ក្រុម​ម្ចាស់​ជើងឯក Tiger Street Football Festival 2019 ​បាន​ប្រសាសន៍​ថា​ លោក និង​សមាជិក​ទាំងអស់​របស់​លោក​ មាន​អារម្មណ៍រំ​ភើបរីករាយ​ និង​រំជើបរំជួល​ចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​ជួបផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​ក្នុង​ដួងចិត្ត​របស់​លោក​គឺលោក​ RONALDINHO ​នៅ​ក្នុង​គេហដ្ឋានផ្ទាល់​របស់​គាត់​នៅ​ក្នុង​ទីក្រុង Rio ប្រទេស​ប្រេស៊ីល ​ហើយ​លោក​សង្ឃឹម​ថា​ Tiger Street Football Festival នឹង​មាន​ការរៀប​ចំកម្មវិធី​ជួប​ផ្ទាល់​បែបនេះ​កាន់តែ​អស្ចារ្យ​ជាមួយ​នឹងកំ​ពូល​វីរបុរស​បាល់​ទាត់លំដាប់ពិភពលោក​នៅ​ឆ្នាំក្រោយ​ៗ​ទៀត។

ឆ្នាំនេះ​ជា​ភាព​ជោគជ័យ​ដ៏​ធំធេង ​និង​កាន់​តែ​ប្លែកខុស​ពី​ឆ្នាំមុ​នៗ សម្រាប់​កម្មវិធី​ Tiger Street Football Festival 2019 ​ដោយ​បានផ្តល់​បទពិសោធន៍​ដ៏​កម្រ​មាន ​មិន​ដែល​ធ្លាប់​មាន​ពី​មុន​មក និង​មាន​តែ​ម្តង​គត់​ក្នុង​មួយជីវិត​សម្រាប់​ក្រុម​កីឡាករ​កម្ពុជា​ជួប​ផ្ទាល់​ក្នុង​គេហដ្ឋាន​ផ្ទាល់​របស់​កំពូល​កីឡាករ​បាល់ទាត់​លំដាប់​ថ្នាក់​ពិភព​លោក ​RONALDINHO ​នៅ​ទីក្រុង​ Rio ​ប្រទេស​ប្រេស៊ីល៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី