- 2019-03-26 04:32:35
- បាល់ទាត់
ភ្នំពេញក្រោនដាក់ឈ្មោះកីឡដ្ឋានថ្មី ថែមទំាងពង្រឹងលីគយុវជន SYL ដើម្បីអភិវឌ្ឍឈានដល់កម្រិតអាជីព
- 2019-03-26 04:32:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោនដាក់ឈ្មោះកីឡដ្ឋានថ្មី ថែមទំាងពង្រឹងលីគយុវជន SYL ដើម្បីអភិវឌ្ឍឈានដល់កម្រិតអាជីព
ចន្លោះមិនឃើញ
ពិធីរំលឹកខួប១០ឆ្នាំនៃការឈ្មោះក្លឹប លោកឧកញ៉ា ឫទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្ហាញនូវមហិច្ឆតារបស់ខ្លួនដែលចង់ផ្តល់ឪកាសដល់ក្រុមបាល់ទាត់យុវជនតាមសាលារៀន និងសហគមន៍បានអភិវឌ្ឍខ្លួនឲ្យក្លាយជាកីឡាករបាល់ទាត់ពិតប្រាកដ។
លោកឧកញ៉ាវ័យក្មេង ឫទ្ធី សំណាង បានឲ្យដឹងថា ក្លឹបភ្នំពេញក្រោនបានរៀបចំការប្រកួតលីគយុវជនដែលមានឈ្មោះ Smart Youth League ដែលជាស្ពានសម្រាប់ក្រុមបាល់ទាត់យុវជនតាមសាលារៀន និងសហគមន៍គ្រប់ខេត្តក្រុងអាចលត់ដុំខ្លួនឲ្យក្លាយជាក្រុមបាល់ទាត់ពិតប្រាកដ និងជាកីឡាករបាល់ទាត់អាជីពនាពេលអនាគត។ គម្រោងនេះជាផ្នែកមួយដ៏សំខាន់រួមចំណែកអភិវឌ្ឍបាល់ទាត់នៅប្រទេសកម្ពុជា។
«យើងចង់ផ្តល់ឱកាសឲ្យកីឡាករវ័យក្មេង កីឡាករបាល់ទាត់តាមសាលារៀន ក្រុមប្រចាំសាលា និងក្រុមប្រចាំសហគមន៍នៅកម្ពុជាក្នុងការចូលរួមប្រកួតដើម្បីអភិវឌ្ឍទេពកោសល្យរបស់ពួកគេក្នុងការប្រកួតពិតប្រាកដ» ។ លោក ឫទ្ធី សំណាងបាននិយាយដូច្នេះ និងបញ្ជាក់ថា ៖«ការគាំទ្ររបស់ Smart ពិតជាសំខាន់ណាស់ក្នុងកម្មវិធីនេះ ហើយយើងពិតជាមានមោទនភាពណាស់ដែលភាពជាដៃគូនេះជួយគាំទ្រដល់ក្លឹបភ្នំពេញក្រោន ស្របពេលដែលយើងខិតខំព្យាយាមស្វែងរកភាពជោគជ័យក្នុងរដូវកាល២០១៩-២០ ក្នុងការអភិវឌ្ឍក្រុមនារីរបស់យើង អភិវឌ្ឍកីឡាបាល់ទាត់យុវជន និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រើប្រាស់កីឡាបាល់ទាត់ជាឧបករណ៍សម្រាប់អភិវឌ្ឍសង្គម» ។
ជាមួយគ្នាលោក Thomas Hundt នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata បានពន្យល់ថា ៖«ភាពជាដៃគូនេះមានគោលបំណងក្នុងការបង្កើតកីឡាករ និងកីឡាការិនីបាល់ទាត់វ័យក្មេងជំនាន់ថ្មីមួយ តាមរយៈការផ្តល់ឱកាសផ្សេងៗឲ្យពួកគេក្នុងការសម្រេចគោលដៅរបស់ពួកគេក្នុងកីឡាផ្សេងៗ និងបង្កើតមិត្តភាពថ្មីតាមរយៈកីឡាដ៏មានប្រជាប្រិយភាពមួយនេះ»។
លោកបានបន្តថា លោកពិតជារីករាយណាស់ក្នុងការគាំទ្រដល់ក្លឹបភ្នំពេញក្នុងកិច្ចការប្រតិបត្តិការរបស់ពួកគេ និងក្នុងការបង្វឹកកីឡាករវ័យក្មេងដែលមានទេពកោសល្យដើម្បីលេងកីឡាបាល់ទាត់ជាតិសម្រាប់កម្ពុជា។ Smart គាំទ្រយ៉ាងសកម្មទៅលើកីឡាករកម្រិតថ្នាលទូទាំងប្រទេសកម្ពុជា ហើយក៏រីករាយបាននាំយកការគាំទ្រនេះទៅកាន់មួយកម្រិតទៀតជាមួយនឹងភាពជាដៃគូ។ នៅក្នុងពិធីរំលឹកខួប១០ឆ្នាំនៃការដាក់ឈ្មោះ ភ្នំពេញក្រោន កាលពីល្ងាចថ្ងៃចន្ទ ទី២៥ ខែមីនានេះ ក្លឹបបានប្រកាសផ្លាស់ប្តូរឈ្មោះកីឡដ្ឋានថ្មីជា Smart RSN Stadium ព្រមទាំងបង្ហាញឯកសណ្ឋានថ្មីសម្រាប់រដូវកាល២០១៩-២០។ តាមរយៈការបង្ហាញឃើញថា ឯកសណ្ឋានក្នុងដីគឺ ឈុតអាវពណ៌ក្រហមលាយស និងខោស ខណៈក្រៅដីគឺឈុតអាវពណ៌ខៀវ និងខោស ហើយឈុតរបស់អ្នកចាំទីគឺ អាវពណ៌លឿង ខោខ្មៅ ដែលមើលទៅទាក់ទាញខ្លាំង។
សេចក្តីប្រកាសព័ត៌មានបង្ហាញថា ឈ្មោះក្លឹបថ្មីនេះទទួលបានការឧបត្ថម្ភពី Smart Axiata ដែលត្រូវបានចុះកិច្ចសន្សារយៈពេល២ឆ្នាំ។
ភ្នំពេញក្រោនជាក្លឹបដែលឈ្នះពានលីគកម្ពុជាច្រើនជាងគេរហូតដល់៦ដង និងជាថ្នាលបណ្ដុះបណ្ដាលយុវជនបាល់ទាត់ល្អបំផុតនៅប្រទេសកម្ពុជា៕