- 2019-01-28 08:08:36
- បាល់ទាត់
កុមារអង្គការ ៨ នាក់ ត្រៀមហាត់សាកល្បងនៅភ្នំពេញក្រោន ក្រោយជម្រុះនៅ Smart Community Cup
- 2019-01-28 08:08:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុមារអង្គការ ៨ នាក់ ត្រៀមហាត់សាកល្បងនៅភ្នំពេញក្រោន ក្រោយជម្រុះនៅ Smart Community Cup
ចន្លោះមិនឃើញ
កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Smart Axiata បានរៀបចំការប្រកួតបាល់ទាត់ និងកម្មវិធីហ្វឹកហាត់បាល់ទាត់ ដែលផ្ដោតលើការអភិវឌ្ឍយុវជន សមភាពយេនឌ័រ ការពង្រឹងអំណាចស្ត្រី និងសុខុមាលភាពនៃការរស់នៅ។ កម្មវិធី Smart Community Cup ត្រូវបានធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិជាមួយមូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) សមាគមកាយរឹទ្ធបាល់ទាត់អាជីព(PFSA) និងអង្គការក្រៅរាជរដ្ឋាភិបាលចំនួន៥ផ្សេងទៀត។
ក្រុមចំនួន១៦ក្រុមបានចូលរួមក្នុងការប្រកួតរយៈពេល ២ ថ្ងៃនេះ ដែលមានកីឡាករប្រុស-ស្រីអាយុក្រោម១៤ឆ្នាំ និងក្រោម ១៨ឆ្នាំ ដែលធ្វើឡើងក្នុងពហុកីឡាដ្ឋាន RSN។ កីឡាករទាំងអស់ត្រូវបានជ្រើសរើសពីអង្គការ World Vision Cambodia អង្គការស្នាមញញឹមនៃកុមារ (PSE) អង្គការមូលនិធិកុមារកម្ពុជា មូលនិធិ Indochina Starfish Foundation និង អង្គការ Happy Football Cambodia Australia។
ក្រោយការប្រកួត កីឡាករវ័យក្មេងចំនួន ៨ នាក់មកពី PSE, ISF និង World Vision ត្រូវបានជ្រើសរើសដោយគ្រូគ្រូបង្វឹក PFSA ដើម្បីចូលរួមការហ្វឹកហាត់សាកល្បងនៅភ្នំពេញក្រោននៅក្នុងសប្តាហ៍ខាងមុខ។
គម្រោងនេះ រៀបចំឡើងដោយក្រុមហ៊ុន Smart ក្នុងភាពជាដៃគូជាមួយមូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) ។ មូលនិធិនេះ បានផ្តល់កម្មវិធីអប់រំវិស័យកីឡាដល់ប្រជាពលរដ្ឋជាង ២លាននាក់នៅទូទាំងពិភពលោកដែលមានគោលបំណងពង្រីកប្រជាប្រិយភាពនៃកីឡាបាល់ទាត់ក្នុងចំណោមកុមារី និងកុមារានៅក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីបណ្ដុះបណ្ដាលកីឡាថ្នាក់មូលដ្ឋាន។
នាយកប្រតិបត្តក្រុមហ៊ុន Smart Axiata លោក ថូម៉ាស ហ៊ុន (Thomas Hundt) បានលើកឡើងថា៖ “កម្មវិធី Smart Community Cup គឺជាកម្មវិធីដែលរៀបចំឡើងដើម្បីអបអរដល់រាល់ការងារទាំងអស់ដែលយើងបានធ្វើជាមួយអង្គការដៃគូរបស់យើងនៅក្នុងវិស័យអប់រំកីឡាសហគមន៍។ យើងមានបំណងជំរុញយុវជនឲ្យចូលរួមក្នុងសកម្មភាពវិជ្ជមានជាច្រើន និងផ្តល់ភាពសប្បាយរីករាយឲ្យពួកគេ មិនត្រឹមតែជួយដល់សុខភាពរាងកាយមាំមួនប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើនក្ដីស្រមៃរបស់ពួកគេជុំវិញកីឡាបាល់ទាត់ ក៏ដូចជាបំប៉នជំនាញលេងបាល់ទាត់របស់ពួកគេផងដែរ។”
លោក Lee Hawkins ស្ថាបនិក និងជាទីប្រឹក្សាបច្ចេកទេស របស់មូលនិធិបណ្ដុះបណ្ដាលកីឡាបាល់ទាត់អាស៊ី(ASA) បានរៀបរាប់ថា៖ “មូលនិធិ ASA បានរៀបចំកម្មវិធីកីឡាសម្រាប់ការអភិវឌ្ឍន៍ នៅក្នុងប្រទេសជាច្រើនចាប់តាំងពីឆ្នាំ ២០០១។ Smart Community Cup ពិតជាបានផ្តល់នូវបទពិសោធសិក្សាល្អៗ ដល់យុវជនកម្ពុជា។ យើងសង្ឃឹមថាកម្មវិធីនេះនឹងបន្តកសាងភាពជោគជ័យរបស់ខ្លួន និងលើកកម្ពស់ការអភិវឌ្ឍបំនិនជីវិត ក៏ដូចជាសមភាពយេនឌ័រឲ្យកាន់តែទូលំទូលាយថែមទៀតនៅពេលអនាគត"។
ក្រៅពីការប្រកួតបាល់ទាត់រវាងក្រុមមកពីអង្គការក្រៅរដ្ឋាភិបាល ក៏មានសិស្សវិទ្យាល័យប្រហែលជាង២០០ នាក់ និងកីឡាករបាល់ទាត់ជាង ២០០ នាក់ក៏បានចូលរួមក្នុងកម្មវិធីកាយរិទ្ធនិងការហ្វឹកហាត់បាល់ទាត់នៅរសៀលថ្ងៃដដែលនោះផងដែរ។
លោក Dean Whitehouse គ្រូបង្វឹករបស់ PFSA និងជាគ្រូបង្វឹកក្នុងសាលាបណ្ដុះបណ្ដាលកីឡាបាល់ទាត់ក្លឹប Manchester United បានពោលថា៖ “ការលេងបាល់ទាត់គឺជាឧបករណ៍គរុកោសល្យដ៏មានឥទ្ធិពលក្នុងការបង្កើតការយល់ដឹង ខណៈដែលផ្តល់នូវអត្ថប្រយោជន៍យូរអង្វែងនៅក្នុងវិស័យជាច្រើនដូចជា ការអប់រំ សុខភាព និងការអភិវឌ្ឍន៍ខ្លួន។ ខ្ញុំពិតជារីករាយជាមួយនឹងពេលវេលាដែលបានចំណាយក្នុងប្រទេសកម្ពុជា ដោយធ្វើការជាមួយយុវជនដែលមានការចាប់អារម្មណ៍ខ្ពស់ខ្ពស់ និងគ្រូបង្វឹកដែលមានសក្ដានុពលជាច្រើននាចុងសប្តាហ៍នេះ។”
សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងគំនិតផ្តួចផ្តើមទំនួលខុសត្រូវរបស់ក្រុមហ៊ុន និងស្ថិរភាពរបស់ក្រុមហ៊ុន Smart សូមតាមដាន នៅលើទំព័រហ្វេសប៊ុក Smart Axiata តាមគេហទំព័រនេះ ឬក៏ចូលមកកាន់គេហទំព័រ www.smart.com.kh ៕