• 2019-01-02 03:55:09
  • បាល់ទាត់

​គ្រូ​អាស៊ី​អឺរ៉ុប ​មិន​ហ៊ាន​ដាក់​គោល​ដៅ​លីគ​ឆ្នាំ​នេះ​ខ្ពស់​ពេក​នោះ​ទេ

  • 2019-01-02 03:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុខ វាសនា ​គ្រូ​បង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប ​មិន​ហ៊ាន​ដាក់​គោលដៅ​យក​ចំណាត់​ថ្នាក់​នៅ​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៩​ខ្ពស់​ពេក​នោះ​ទេ ព្រោះ​ថា​ក្រុម​ទាំង​អស់​សុទ្ធ​តែ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ​ដូច​គ្នា។

អាស៊ី​អឺរ៉ុប ​ដើម្បី​ត្រៀម​ខ្លួន​ចូល​លេង​លីគ ពួកគេ​បាន​នាំ​យក​កីឡាករ​ក្នុង​ស្រុក​ដល់​ទៅ​១២​នាក់​ឯ​ណោះ ដើម្បី​មក​បណ្ដុះបណ្ដាល ពង្រឹង​ក្រុម​បន្ថែម។ ចំពោះ​កីឡាករ​បរទេស​វិញ ​ពួកគេ​ត្រៀម​យក​៤​នាក់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចុះ​កុងត្រា​ឡើយ ពោល​គឺ​ត្រូវ​រង់ចាំ​មើល​ពាក់​កណ្ដាល​ខែ​នេះ​សិន។ ចំពោះ​គោលដៅ​សម្រាប់​ឆ្នាំ​ថ្មី​ខាង​មុខ ​លោក សុខ វាសនា ​មើល​ឃើញ​ថា​ក្រុម​ខ្លួន​រៀប​ចំ​ល្អ ​ក្រុម​ដទៃ​ក៏​រៀប​ចំ​ល្អ ​ដូច្នេះ​មិន​ហ៊ាន​និយាយ​រំពឹង​ខ្ពស់​ឡើយ។

“ក្រុម​ទាំង​អស់​សុទ្ធ​តែ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចូល​លេង​លីគ។ គោលដៅ​របស់​យើង​នៅ​ឆ្នាំ គឺ​រំពឹង​យ៉ាង​ណា​ឱ្យ​ល្អ​ដូច​ឆ្នាំ​មុន ​រក្សា​ចំណាត់​ថ្នាក់​ឱ្យ​បាន​ដដែល។ សម្រាប់ Hun Sen Cup ​វិញ ​ក្រុម​របស់​លោក​មាន​គោលដៅ​ធ្វើ​មិច​ឱ្យ​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ”។ សម្ដី​អតីត​គ្រូ​បង្វឹក​ក្រុម​យុវជន​របស់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង។

គិត​មក​ដល់​ពេល​នេះ ​ដំណឹង​ពី​ការ​ចាប់​ផ្ដើម​នៃ​លីគ​កំពូល​កម្ពុជា​នៅ​មិន​ទាន់​ច្បាស់​នោះ​ទេ។ ប៉ុន្តែ​បើ​តាម​លោក​ កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ជជែក​ជា​មួយ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​មក គម្រោង​​​ប្រកួត​លីគ​​កម្ពុជា​រដូវ​កាល​​២០១៩​អាច​នឹង​ចាប់​ផ្តើម​នា​ខែ​មេសា។ ការ​ពន្យារ​ពេល​រហូត​ដល់​ខែ​មេសា​នេះ​ដោយ​សារ​ឆ្នាំ​២០១៩​មាន​កម្មវិធី​​ច្រើន​​មមាញឹក​សម្រាប់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ត្រៀម​ខ្លួន ក៏ដូច​ជា​ចូល​រួម​ប្រកួត​ដូច​​ U22, U23 និង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ជា​ដើម៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី