• 2018-12-25 11:05:13
  • បាល់ទាត់

បញ្ហា​រវាង​ក្លឹប​ភ្នំពេញ​ក្រោន និង​​វិសាខា​ត្រូវ​បានដោះរួច​ហើយ​

  • 2018-12-25 11:05:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​ចំពោះ​បញ្ហា​ចម្រូងចម្រាស​រវាង​ក្លឹប​ភ្នំពេញ​ក្រោន​ និង​វិសាខា​អំពី​ការ​ផ្ទេរ​កីឡាករ​៥​រូប​ដែល​ក្លឹប​ដើម​មិន​ទទួល​បាន​សំណង​នៃ​ការ​អភិវឌ្ឍ​​កីឡាករ​ទាំង​៥​នាក់​នោះ។

ឯក​ឧត្តម​ ខៀវ សាម៉េត អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​បង្ហើប​ប្រាប់​ Sabay នា​ល្ងាច​ថ្ងៃ​អង្គារ​ ទី​២៥ ខែ​ធ្នូ​នេះ​ថា​ បន្ទាប់​ដំណើរ​ដោះ​ស្រាយ​មួយ​រយៈ​ពេល​រួច​មក​ ពេល​នេះ​បញ្ហា​ត្រូវ​បាន​បញ្ចប់​ហើយ។ យ៉ាង​ណា​ ឯក​ឧត្តម​មិន​បង្ហាញ​ពី​លទ្ធផល​នៃ​ដំណោះ​ស្រាយ​ឡើយ​ដោយ​រង់​ចាំ​សេចក្តី​ប្រកាស​ជា​សាធារណៈ​​​ប្រ​ហែល​​​ម៉ោង​​៩​​ឬ​១០​ ព្រឹក​ថ្ងៃ​ពុធ ទី​២៦ ខែ​ធ្នូ ស្អែក​នេះ។

ឯកឧត្តម ខៀវ សាម៉េត (ដើរ​មុខ) និង​ប្រធាន​ FIFA លោក Infantino មក​កម្ពុជា​កាល​ពី​ដើម​ឆ្នាំ​នេះ

សូម​បញ្ជាក់​ថា បញ្ហា​ចម្រូង​ចម្រាស​អំពី​កីឡាករ​៥​នាក់​ដែល​​ក្លឹប​វិសាខា​នាំ​យក​ពី​ក្លឹប​ភ្នំពេញ​ក្រោន​បាន​កើត​មាន​ឡើង​ បន្ទាប់​ពី​ក្លឹប​ម្ចាស់​ដើម​បាន​ព្រមាន​ដក​ខ្លួន​ចេញ​ពី​លីគ​កម្ពុជា​ និង​ឈប់​អភិវឌ្ឍ​ក្លឹប​ប្រសិន​បើ​មិន​ទទួល​បាន​សំណង​សម​ស្រប​អំពី​​ការ​ខិត​ខំ​ប្រឹង​អភិវឌ្ឍ​ពី​យុវជន​រហូត​ក្លាយ​ជា​កីឡាករ​លេង​ក្រុម​ធំ។ កីឡាករ​ទាំង​៥​នាក់​គឺ​ អ៊ុក សុវណ្ណា ស៊ីន កក្កដា​ អ៊ិន សុដាវិត គឹម ឆាយា និង កែន ចាន់សុភ័ក្ត្រ។

ការ​ដោះ​ស្រាយ​នេះ​ត្រូវ​បាន​ធ្វើ​ដោយ​គណៈកម្មការ​ជំនាញ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ជា​មួយ​ក្លឹប​ភ្នំពេញ​ក្រោន វិសាខា​ កីឡាករ​ទាំង​៥​នាក់​ ព្រម​ទាំង​មាន​ការ​​ដឹង​ឮ​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ​ (FIFA) ផង​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី