• 2018-12-19 02:53:31
  • បាល់ទាត់

អគ្គលេខា​FFC​បញ្ជាក់​ដំណោះ​ស្រាយ​រវាង​ភ្នំពេញក្រោន និងវិសាខា

  • 2018-12-19 02:53:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ដំណើរ​ការ​ដោះ​ស្រាយ​​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​នេះ​ ភាគី​ភ្នំពេញ​ក្រោន និង​វិសាខា​មិន​​ទាន់​បាន​ជួប​គ្នា​​​ផ្ទាល់​ឡើយ​ដើម្បី​​បញ្ចប់​​បញ្ហា​​ចម្រូងចម្រាស​​លើ​ការ​ផ្ទេរ​កីឡាករ​៥​នាក់​របស់​ក្លឹប​ភ្នំពេញ​ក្រោន​ទៅ​វិសាខា។

លោក​ កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ព្រឹក​ថ្ងៃ​ពុធ​ ទី​១៩ ខែ​ធ្នូ​នេះ​បាន​ប្រាប់​ Sabay ថា សហព័ន្ធ​​បាន​កំពុង​ដោះ​ស្រាយ​​បញ្ហា​រវាង​​ក្លឹប​ភ្នំពេញ​ក្រោន​ និង​​វិសាខា​​អំពី​កីឡាករ​៥​នាក់។ រយៈ​ពេល​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ក្រុម​ជំនាញ​របស់​សហព័ន្ធ​​កំពុង​ប្រមូល​​បញ្ហា​។ សហព័ន្ធ​បាន​ជួប​​ខាង​​ក្លឹប​វិសាខា​រួច​ហើយ​ ប៉ុន្តែ​មិន​ទាន់​បាន​ជួប​ខាង​ភ្នំពេញ​ក្រោន​ទេ​ ដោយ​សារ​តំណាង​ដោះ​ស្រាយ​ភ្នំពេញ​ក្រោន​ជាប់​ភារកិច្ច​​នៅ​ក្រៅ​ប្រទេស។

លោក កែវ សារ៉េត​

លោក​អគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ថ្ងៃ​ពុធ​ ទី​១៩​ ខែ​ធ្នូ​នេះ​ សហព័ន្ធ​​ត្រូវ​​ជួប​​កីឡាករ​ទាំង​៥​នាក់​ដើម្បី​ស្វែង​យល់​ឲ្យ​​បាន​ច្បាស់។ ប្រមូល​ឯកសារ​ពាក់​ព័ន្ធ​នានា​ដើម្បី​ដាក់​​ជា​របាយការណ៍។ នៅ​ពេល​ណា​តំណាង​ក្លឹប​ភ្នំពេញ​​មក​ដល់​ខ្មែរ​​​អាច​ជួប​បាន​ សហព័ន្ធ​នឹង​ត្រូវ​ជួប​ភ្លាម​​ដើម្បី​ដោះ​ស្រាយ​ឲ្យ​ទាន់​ពេល​វេលា។

លោក​បន្ត​ថា​ បន្ទាប់​ពី​ជួប​ភាគី​ទាំង​អស់​​ និង​ប្រមូល​របាយការណ៍​​រួច​រាល់​ គណៈកម្មការ​ដោះ​ស្រាយ​នឹង​ដាក់​របាយការណ៍​ទៅ​ក្លឹប​ទាំង​ពីរ​ និង​អ្នក​ពាក់​ព័ន្ធ​​​ដើម្បី​ឈាន​ដល់​​ការ​ជួប​គ្នា​​ផ្ទាល់​​ដើម្បី​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី។

លោក​ កែវ សារ៉េត​បាន​បញ្ជាក់​ទៀត​ថា ការ​ដោះ​ស្រាយ​នេះ​​គឺ​​អនុវត្ត​តាម​​ច្បាប់​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ​ (FIFA)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​សហព័ន្ធ​បាល់ទាត់​កម្ពុជា​កំពុង​ឆ្លង​ឆ្លើយ​ជា​មួយ​ FIFA ជុំ​វិញ​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​ដែរ​គឺ​មាន​ន័យ​ថា FIFA ក៏​ជួយ​ដោះ​ស្រាយ​ដែរ។

ពេល​ Sabay សួរ​ថា​ តើ​លោក​រំពឹង​ទទួល​បាន​លទ្ធផល​បែប​ណា​ចំពោះ​ដំណោះ​ស្រាយ​នេះ? អតីត​នាយក​មជ្ឈមណ្ឌល​បាល់ទាត់​ជាតិ​បាទី​បាន​ឆ្លើយ​ថា​ ៖«ខ្ញុំ​សង្ឃឹម​ទទួល​បាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​សម​ស្រប​សម្រាប់​ភាគី​ទាំង​ពីរ។ ​តាម​​អ្វី​ដែល​ខ្ញុំ​​ដឹង​​គឺ​ខាង​​វិសាខា​​មិន​ប្រើ​ភាព​រឹងត្អឹង​ទេ​ គឺ​បន្ទន់​ខ្លួន​ដោះ​ស្រាយ​តាម​​គោល​ការណ៍​ដោយ​សន្តិវិធី។ សហព័ន្ធ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​ដំណោះ​ស្រាយ​ចប់​ឲ្យ​បាន​លឿន»។

បញ្ហា​ចម្រូងចម្រាស​នេះ​​បាន​កើត​មាន​ឡើង​​ក្រោយ​ពេល​ក្លឹប​​ភ្នំពេញ​ក្រោន​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ព្រមាន​ដក​ខ្លួន​​ចេញ​ពី​លីគ​ និង​ឈប់​អភិវឌ្ឍ​ថ្នាល​យុវជន​ បន្ទាប់​ពី​​ក្លឹប​វិសាខា​បាន​នាំ​យក​​កីឡាករ​៥​នាក់​របស់​ភ្នំពេញ​ក្រោន​​គឺ​ អ៊ុក សុវណ្ណ, ស៊ីន កក្កដា, អ៊ិន សុដាវិដ, គឹម ឆៃយ៉ា និង​កែន ចាន់សុភ័ក្ត្រ​ដែល​ភ្នំពេញ​ក្រោន​មិន​ទទួល​បាន​សំណង​អភិវឌ្ឍន៍៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី