- 2018-10-12 13:28:31
- បាល់ទាត់
កម្ពុជា ស្មើ ទីម័រខាងកើតដោយលទ្ធផល ២-២
- 2018-10-12 13:28:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា ស្មើ ទីម័រខាងកើតដោយលទ្ធផល ២-២
ចន្លោះមិនឃើញ
ក្រុមម្ចាស់ផ្ទះកម្ពុជាបានស្មើក្រុមភ្ញៀវទីម័រខាងកើតដោយលទ្ធផល ២-២ នៃការប្រកួតមិត្តភាពអន្តរជាតិកម្តៅសាច់ដុំដើម្បីត្រៀមពានសំខាន់នាពេលខាងមុខ។
ការប្រកួតនេះបង្ហាញឲ្យឃើញថា កម្ពុជាមិនសូវបង្ហាញទម្រង់លេងល្អដូចដែលលេងទល់នឹងក្រុមម៉ាឡេស៊ីកាលពីខែមុនឡើយក្នុងវគ្គទី១។ ទីម័រខាងកើតបានដាក់សម្ពាធ និងមានឱកាសនៅចំពោះមុខទីរបស់កម្ពុជាជាច្រើនរហូតដល់នាទី៣០ទើបបំប៉ោងសំណាញ់ទីរបស់កម្ពុជាដើម្បីនាំមុខ ១-០។
បន្ទាប់ពីទីម័រខាងកើតស៊ុតនាំមុខ កម្ពុជាបានព្យាយាមសម្រុក និងរៀបចំទម្រង់លេងជាថ្មី ហើយទទួលបានឱកាសនាំបាល់ចូលតំបន់គ្រោះថ្នាក់របស់ក្រុមភ្ញៀវ។ ទីបំផុតខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ស៊ុតបាល់បានសម្រេចតាមស្មើ ១-១ បន្ទាប់ពីទទួលបានបាល់ដាច់មាត់។ យ៉ាងណា៤នាទីបន្ទាប់ ភាពរីករាយរបស់កម្ពុជាត្រូវបានស្ងប់ស្ងាត់ទៅវិញពោលគឺនៅនាទី៤២ ទីម័រខាងកើតរកបានគ្រាប់បាល់ទី២ដើម្បីចប់វគ្គទី១នាំមុខ ២-១។
ការប្រកួតវគ្គទី២ កម្ពុជាហាក់បង្ហាញទម្រង់លេងល្អប្រសើរជាងវគ្គទី១ ប៉ុន្តែធ្វើមិនបានសម្រេចឡើយដោយខ្សែការពាររបស់ទីម័រខាងកើតរារាំងបានយ៉ាងល្អ។ ជាពិសេសការទាត់ហ្វ្រីឃីករបស់ ចាន់ វឌ្ឍនាកា យ៉ាងល្អ តែត្រូវបានអ្នកចាំទីរបស់ទីម័រជួយសង្គ្រោះបាន។ ឱកាសល្អមួយទៀត ចាន់ វឌ្ឍនាកា បានបញ្ជូនបាល់ឲ្យ រឹង ប៊ុនហៀង ដែលចូលជំនួស ប្រាក់ មុន្នីឧត្តម ប៉ុន្តែខ្សែប្រយុទ្ធមកពីក្លឹបក្រសួងការពារជាតិស៊ុតខុសទី។
អ្វីដែលគួរចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគាំទ្ររំភើបរីករាយបំផុតនោះគឺប្រហែលជា១០នាទីចុងក្រោយ កម្ពុជាបានបុកយ៉ាងខ្លាំង ព្រមទាំងមានឱកាសស៊ុតជាច្រើនលើក តែអត់សំណាងសោះ។ យ៉ាងណាកម្ពុជានៅតែរក្សាភាពមិនដែលចាញ់ទីម័រខាងកើតតាំងពីឆ្នាំ២០១៤មក បន្ទាប់ពី រ៉ឹង ប៊ុនហៀង ស៊ុតបានសម្រេចនៅនាទី៩០+៥ ដើម្បីឲ្យកម្ពុជាតាមស្មើ ២-២ រហូតចប់ការប្រកួត៕