• 2018-09-11 03:23:35
  • បាល់ទាត់

កែវ សុខផេង៖ Honda ​បង្ហាត់​១​សប្ដាហ៍ ​អត់​ទាន់​គ្រប់គ្រាន់​ទេ ប៉ុន្តែ​ក្រុម​ប្លែក​ជាង​មុន

  • 2018-09-11 03:23:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​យល់​ឃើញ​ថា ការ​ហ្វឹកហាត់​ត្រឹម​ពេល​១​សប្ដាហ៍​ជាមួយ​អ្នក​ចាត់ការ​ថ្មី Honda ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ ព្រោះ​មាន​ពេល​តិច​ពេក ប៉ុន្តែ​បើ​មើល​ទៅ​ក្រុម​ទាំង​មូល ​មាន​ភាព​ខុស​ប្លែក​ពី​រាល់​ដង ​ល្អ​ជាង​មុន។

កម្ពុជា ​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​ម៉ាឡេស៊ី ​ក្នុង​លទ្ធផល ១-៣ ​នៅ​យប់មិញ​នេះ នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជិត​៤​ម៉ឺន​នាក់ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​ក្រោម​ការ​ដឹក​នាំ​របស់​អ្នក​ចាត់ការ​ថ្មី Honda ​អ្នក​គាំទ្រ​ភាគ​ច្រើន​មើល​ឃើញ ​ក្រុម​ទាំង​មូល​លេង​មាន​ភាព​ក្លាហាន​ជាង​មុន ​និង​បាន​បង្កើត​ឱកាស​ច្រើន​ទៅ​លើ​គូ​ប្រកួត​ដែល​ជា​ក្រុម​ខ្លាំង​ជាង​កម្ពុជា។

ដូច​គ្នា​នេះ​ដែរ ​សុខផេង ​ខ្សែ​ប្រយុទ្ធ​កម្ពុជា​កម្រ​បាត់​មុខ​ពី​ក្រុម​ជម្រើស​ជាតិ ​បាន​និយាយ​ដែរ​ថា​ខ្លួន​សោកស្ដាយ​ចំពោះ​លទ្ធផល​បរាជ័យ​នេះ ប៉ុន្តែ​នឹង​ខិត​ខំ​ប្រឹងប្រែង​បន្ថែម​ទៀត​សម្រាប់​ប្រកួត​ក្រោយ​។ រយៈពេល​ហ្វឹកហាត់​ត្រឹម​១​សប្ដាហ៍ ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ឱ្យ​ក្រុម​យល់​ពី​បច្ចេកទេស​របស់ Honda ​ទាំង​ស្រង់​ឡើយ ប៉ុន្តែ​ក៏​អាច​យល់​បាន​មួយ​ចំនួន​ដែរ។ ក្រុម​ទាំង​មូល ​ចាប់​ផ្ដើម​ខុស​ប្លែក​ពី​លើក​មុន ​ដោយ​ពេល​នេះ ពួកគេ​អាច​ដណ្ដើម​បាល់ ​និង​ឡើង​ប្រយុទ្ធ​បាន​លឿន។

ចំពោះ​ការ​ប្រកួត​យប់មិញ​នេះ​ដែរ ​អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន ​ដែល​ទើប​មាន​ឱកាស​មក​ដឹក​នាំ​ក្រុម​កម្ពុជា ​យល់​ឃើញ​ដែរ​ថា​លោក​ពេញ​ចិត្ត​ចំពោះ​ទម្រង់​លេង​កម្ពុជា ​ហើយ​លេង​បាន​ល្អ​នៅ​តង់​ទី​១។ យ៉ាងណាមិញ ​ចូល​តង់​ទី​២ ​ពួកគេ​ហាក់​ដូចជា​អន់​កម្លាំង ដូច្នេះ​ហើយ​នេះ​ជា​ចំណុច​ត្រូវ​កែ​លម្អ​នៅ​ប្រកួត​បន្ទាប់៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី