• 2018-08-22 03:57:03
  • បាល់ទាត់

មាស ចាន់ណា ​មិន​ទាន់​ហ៊ាន​រំពឹង​ខ្ពស់​លើក​ពាន​លីគ​កំពូល​ឡើយ ​

  • 2018-08-22 03:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មាស ចាន់ណា ​គ្រូ​បង្វឹក​ក្រុម​ណាហ្គាវើល ​នៅ​មិន​ទាន់​ហ៊ាន​រំពឹង​ខ្ពស់​ក្នុង​ការ​លើក​ពាន​លីគ​កំពូល​កម្ពុជា​ឡើយ ​ព្រោះ​៤​ប្រកួត​ចុង​ក្រោយ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ទាំង​អស់។

ឆ្លង​កាត់​ការ​ប្រកួត​នៅ​សប្ដាហ៍​ទី​១៨ ដែល​ណាហ្គា​យក​ឈ្នះ​បឹង​កេត ២-០ ​មក ​ពួកគេ​បាន​ហក់​ឡើង​កំពូល​តារាង​លីគ​កំពូល​ហើយ ​ដោយ​ឈ្នះ​ពិន្ទុ​ក្រុម​លេខ​ពីរ ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ការ​ឡើង​មក​កំពូល​តារាង​នេះ​ដែរ ​លោក មាស ចាន់ណា ​នៅ​មិន​ទាន់​ហ៊ាន​រំពឹង​ខ្ពស់​ឡើយ ព្រោះ​ក្រុម​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ទៀត​នៅ​ប្រកួត​ដែល​នៅ​សល់។

លោក ​បញ្ជាក់​ថា​ទម្រង់​លេង​ក្រុម​ទាំង​មូល​ពិត​ជា​ល្អ​សម្រាប់​ការ​ប៉ះ​បឹង​កេត ប៉ុន្តែ​មិន​ប្រាកដ​ថា​អាច​នឹង​ល្អ​ដូច្នេះ​រហូត​នោះ​ទេ។ ហេតុ​នេះ​ហើយ ​ទើប​បាន​ជា​លោក​មិន​ធានា​ថា​នឹង​បាន​ជើង​ឯក​ឡើយ ព្រោះ​ការ​ប្រកួត​នៅ​សល់​៤​ប្រកួត​ទៀត​នោះ ​សុទ្ធ​តែ​ក្រុម​ខ្លាំង ដោយ​មាន​ទាំង​សូទីឡូ​អង្គរ ​ក្រសួង​ការពារ​ជាតិ ​ប៉ូលិស ​និង​វិសាខា​ជា​ដើម។

ដោយ​ឡែក​សម្រាប់​ក្រុម​ណាហ្គា​វើល សប្ដាហ៍​ទី​១៩​នេះ ​នឹង​ត្រូវ​លេង​ទល់​ក្រុម​សូទីឡូ​អង្គរ ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប ​នៅ​ថ្ងៃ​ទី​២៥​ខាង​មុខ ​វេលា​ម៉ោង​៣​:៣០​នាទី​រសៀល ​។ ណាហ្គាវើល ​រដូវ​កាល​នេះ​ធ្វើ​បាន​ល្អ​ទាំង​លីគ​និង Hun Sen Cup ​។ ​ដោយ​ពាន Hun Sen Cup ​ពួកគេ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​ដោយ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ខ្លាំង​ក្រសួង​ការពារ​ជាតិ​នា​វគ្គ​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី