• 2018-08-13 02:27:35
  • បាល់ទាត់

ភា សុភក្ត្រា៖ ​ទ័ព​ស្មើ​សូទីឡូ​​ព្រោះ​អាជ្ញាកណ្ដាល​ជា​អ្នក​តែត​ឱ្យ​សូទីឡូ

  • 2018-08-13 02:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ភា សុភក្ត្រា ​គ្រូ​បង្វឹក​ក្រុម​ក្រសួង​ការពារ​ជាតិ ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​កាត់​សេចក្ដី​របស់​អាជ្ញាកណ្ដាល​ឡើយ​ក្នុង​ការ​ប្រកួត​ស្មើ​ជាមួយ​ក្រុម​សូទីឡូ​អង្គរ ២-២ ​នៅ​ទឹក​ដី​សៀមរាប​ម្សិលមិញ​នេះ។

​មាន​ការ​តវ៉ា​គ្នា​ខ្លាំង​មួយ​កើត​ឡើង ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ ដោយសារ​តែ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​សម្រេច​ចិត្ត​ផ្សេង ​និង​អាជ្ញាកណ្ដាល​ក្នុង​ទីលាន​សម្រេច​ចិត្ត​ផ្សេង។ ​និយាយ​រួម ​ក្នុង​ហេតុការណ៍​ម្សិលមិញ​នេះ ​នៅ​ចុង​ម៉ោង​ក្រោយ​ពី​ក្រសួង​ការពារ​ជាតិ ​នាំ​មុខ​សូទីឡូ​អង្គរ ២-១ ​ហើយ​នោះ ​ខាង​ក្រុម​ម្ចាស់​ផ្ទះ​មាន​ឱកាស​បាន Free-Kick ​មួយ​នៅ​នាទី​៩០+។ គ្រា​នេះ​ហើយ ​បាន​កើត​ជា​រឿង​តវ៉ា​ឡើង ​ដោយសារ​តែ​ការ​លើក​បាល់​ចូល​ប្រអប់​គ្រោះ​ថ្នាក់​នោះ ​​ខាង​ក្រុម​សូទីឡូ​អង្គរ​បាន​តែត​ចូល ​ប៉ុន្តែ​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​លើក​ទង់​ក្រៅ​ល្បែង។

គ្រា​ដែល​អាជ្ញាកណ្ដាល​ខ្សែ​បន្ទាត់​លើក​ទង់​ក្រៅ​ល្បែង​នោះ ​ស្រាប់​តែ​អាជ្ញាកណ្ដាល​ក្នុង​ទីលាន​ក៏​មិន​ឱ្យ​បាល់​នោះ​ទៅ​ខាង​សូទីឡូ​អង្គរ​ភ្លាម​ដែរ។ ក្រោយ​មក​ទៀត ​កីឡាករ​ក្រុម​សូទីឡូ​អង្គរ​បាន​រត់​ទៅ​តវ៉ា​ឡើង​វិញ ​ហើយ​ភ្លាម​នោះ​លោក​អាជ្ញាកណ្ដាល​ក៏​បាន​សម្រេច​ចិត្ត​ជា​ថ្មី​ឱ្យ​បាល់​នោះ​ទៅ​ខាង ​ម្ចាស់​ផ្ទះ ​ធ្វើ​ឱ្យ​លទ្ធផល​ស្មើ​គ្នា ២-២ ​ចប់​ការ​ប្រកួត។

ចំណុច​កាត់​ក្ដី​២​ដង​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ទ័ព​ត​វ៉ា​ជា​ខ្លាំង ​រហូត​ទាល់​តែ​ក្រុម​សមត្ថកិច្ច​ជួយ​សម្រួល​ទើប​មាន​ភាព​ស្ងប់ស្ងាត់​ទៅ​វិញ។ ​ចំពោះ​រឿង​នេះ​ដែរ ​លោក ភា សុភក្រា ​គ្រូ​បង្វឹក​ក្រសួង​ការពារ​ជាតិ ​និយាយ​ថា​ខ្លួន​មិន​អាច​ទទួល​យក​លទ្ធផល​នៃ​ការ​កាត់​ក្ដី​២​ដង​នេះ​ទេ។ លោក ​ថា​ដំបូង​ឡើយ​អាជ្ញាកណ្ដាល​មិន​ឱ្យ​បាល់​នោះ​ទៅ​ហើយ ប៉ុន្តែ​ក្រោយ​ពី​កីឡាករ​ក្រុម​សូទីឡូ​រត់​ទៅ​ត​វ៉ា បែរ​ជា​ផ្ដល់​បាល់​នោះ​ឱ្យ​ទៅ​វិញ ស្រប​ពេល​អ្នក​គ្រប់គ្នា​បាន​ឃើញ​អាជ្ញា​កណ្ដាល​ខ្សែ​បន្ទាត់​លើក​ទង់​ក្រៅ​ល្បែង​ទៅ​ហើយ។

លោក ភា សុភក្ត្រា ​បាន​ហៅ​លទ្ធផល​ស្មើ​គ្នា ២-២ ​កាល​ពី​ម្សិលមិញ​នេះ​ថា៖ “ខ្ញុំ​អត់​ទទួល​យក​ការ​ប្រកួត​នេះ​ទេ ​សម្រាប់​ផ្លូវ​ចិត្ត​របស់​ខ្ញុំ ​ខ្ញុំ​គិត​ថា ទ័ព​ស្មើ​សូទីឡូ ២-២ ​ដោយសារ​អាជ្ញាកណ្ដាល​ជា​អ្នក​តែត​បញ្ចូល​ទី​ឱ្យ​សូទីឡូ”៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី