• 2018-08-07 08:31:22
  • បាល់ទាត់

គ្រូ​អាស៊ី​អឺរ៉ុប ​ប្រាប់​ហេតុផល​ក្រុម​លេង​មិន​ល្អ​នៅ​ជុំទី​២​ លីគកំពូលកម្ពុជា

  • 2018-08-07 08:31:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សុក វាសនា ​គ្រូ​​បង្វឹក​ក្រុម​អាស៊ីអឺរ៉ុប ​បាន​ទទួល​ស្គាល់​ថា​ក្រុម​លេង​មិន​បាន​ល្អ​ទេ​នៅ​ជុំ​ទី​២​លីគ​កំពូល​កម្ពុជា​នេះ ​ខុស​ឆ្ងាយ​ពី​ជុំ​ទី​១​ដែល​ពួកគេ​ធ្វើ​បាន​យ៉ាង​ល្អ ​យក​ឈ្នះ​ក្រុម​ខ្លាំង​ៗ។

លោក សុក វាសនា ​គ្រូ​​បង្វឹក​ក្រុម​អាស៊ីអឺរ៉ុប

សប្ដាហ៍​ទី​១៦​កន្លង​ទៅ ​អាស៊ីអឺរ៉ុប ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ណាហ្គាវើល​ក្នុង​លទ្ធផល ៦-១ ​នៅ​ដី​ខ្លួន​ឯង។ ការ​ចាញ់​ក្នុង​លទ្ធផល​ច្រើន​គ្រាប់​នេះ​ដែរ ​ត្រូវ​បាន​លោក សុក វាសនា ​ដែល​ជា​គ្រូ​បង្វឹក​បាន​និយាយ​ថា​មក​ពី​កីឡាករ​មាន​បញ្ហា​របួស​ច្រើន ​ហើយ​កត្តា​ចាញ់​ជាប់​ៗ​គ្នា​ពេក​ក៏​បាន​ជះ​ឥទ្ធិពល​ដល់​ក្រុម​ទាំង​មូល​ផង​ដែរ។

គ្រូ​បង្វឹក​ខាង​លើ​បាន​បន្ដ​ទៀត​ថា​កីឡាករ​ក្នុង​ក្រុម​មួយ​ចំនួន​បែរ​ជា​គ្មាន​ទំនុក​ចិត្ត ធ្វេស​ប្រហែស​នៅ​តំបន់​ការពារ​ធ្វើ​ឱ្យ​គេ​ទាត់​ចូល​បាន​យ៉ាង​ងាយ​ៗ។ មួយ​វិញ​ទៀត ​ក្រុម​ទាំង​មូល​ហាក់​ដូចជា​បាត់​បង់​សាមគ្គីភាព​ក្នុង​ក្រុម ​ការ​លេង​បាល់​ដោយ​បាត់​បាល់​ស្រួល​ៗ​ពេក ធ្វើ​ឱ្យ​ដៃ​គូ​ម្ខាង​ទៀត​ងាយ​ស្រួល​ក្នុង​ការ​យក​ឈ្នះ​។ ទាំង​នេះ​គឺ​ជា​ចំណុច​ដែល​បាន​កើត​ឡើង​លើ​អាស៊ី​អឺរ៉ុប​នៅ​ជុំ​ទី​២​លីគ​នេះ។

លោក រំពឹង​ថា​ក្រុម​ទាំង​មូល​នឹង​ធ្វើ​បាន​ល្អ​ឡើង​វិញ​សម្រាប់​ប្រកួត​នៅ​សល់។ ស្រប​ពេល​ដែល​ការ​ប្រកួត​កន្លង​ទៅ ប៉ះ​សុទ្ធ​តែ​ក្រុម​ខ្លាំង​ៗ ​ទើប​លទ្ធផល​មិន​បាន​គាប់​ប្រសើរ។ ខណៈ​ដែល​ក្រុម​ដែល​នៅ​សល់​ប៉ុន្មាន​ប្រកួត​ខាង​មុខ ​លោក វាសនា ​មើល​ឃើញ​ថា​សុទ្ធ​តែ​អាច​មាន​ឱកាស​ឈ្នះ​បាន។

ឆ្លង​កាត់​១៦​ប្រកួត​មក​នេះ អាស៊ីអឺរ៉ុប ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​តារាង ​មាន​១៨​ពិន្ទុ ឈ្នះ​៥​ប្រកួត ​ស្មើ​៣ ​និង​ចាញ់​៨​ប្រកួត។ សម្រាប់​ជើង​ទី​២​នេះ​វិញ ​ពួកគេ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ​ទេ ​ឆ្លង​កាត់​៥​ប្រកួត​មក​នេះ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី