• 2018-07-19 03:27:06
  • បាល់ទាត់

យុវជន​កម្ពុជា​​៥​នាក់​កំពុង​លេច​ធ្លោ​គួរ​ឲ្យ​ចាប់​អារម្មណ៍​

  • 2018-07-19 03:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ដែល​កីឡាករ​កម្ពុជា​ពេញ​វ័យ​មួយ​ចំនួន​ហាក់​ស្ងប់​ស្ងាត់​​ពី​ការ​ចាប់​អារម្មណ៍​របស់​មហាជន​ជា​​អ្នក​តាម​​កីឡា​បាល់ទាត់​ ក៏​​កីឡាករ​ជា​យុវជន​មួយ​ចំនួន​កំពុង​​លេច​ធ្លោ​ទាំង​ជម្រើស​ជាតិ​​ លីគ​កំពូល​កម្ពុជា​ និង​ពាន​រង្វាន់​​សម្តេច​តេជោ ហ៊ុន សែន។ ថ្ងៃ​នេះ​ Sabay សូម​លើក​យក​​យុវជន​​៥​នាក់​​​កំពុង​លេច​ធ្លោ​គួរ​ឲ្យ​កត់​សំគាល់។

១-យុវជន​ ឃាង ម៉េងហួ ​របស់​ព្រះ​ខ័នរាជ​ស្វាយរៀង ​ ​​ខ្សែ​​បម្រើ​ប្រយុទ្ធ​របស់​របស់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​​១៩​ឆ្នាំ​ ឃាង ម៉េង​ហួ​ ទើប​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​នេះ​​ទេ​ បន្ទាប់​ពី​រូប​គេ​ស៊ុត​បាន​៤​​គ្រាប់​​​ក្នុង​នោះ​៣​គ្រាប់​​ពេល​កម្ពុជា​ឈ្នះ​ប៊្រុយណេ​ ៥-០ និង​១​គ្រាប់​ទៀត​ពេល​កម្ពុជា​ចាញ់​ ទីម័រ​ខាង​កើត​ ២-១​ នៃ​​​ពាន​​ពាន​ AFF U-19 Championship 2018 នៅ​ឥណ្ឌូណេស៊ី។

រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​ រូប​គេ​ត្រូវ​បាន​ប្តូរ​ចូល​ពាក់​កណ្តាល​វគ្គ​ទី​១​នៃ​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រវាង​ព្រះ​ខ័នរាជ​ស្វាយ​រៀង និង​វិសាខា​ជើង​ទី​២​នៅ​ស្តាត​ចាស់។ ​ពេល​នោះ​រូប​គេ​បាន​ញាក់​បាល់​ដាច់​ចង្កេះ​ខ្សែ​ការពារ​វិសាខា​ពីរ​បី​នាក់​បញ្ជូន​បាល់​ឲ្យ​ លី សារ័ត្ន ស៊ុត​ចូល​តាម​ស្មើ​ ១-១ ដែល​សរុប​ទាំង​ពីរ​ជើង​ ស្វាយរៀង​ឈ្នះ​ ២-១ ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​សម្តេច​តេជោ ហ៊ុន សែន។

២-យុវជន​ ម៉ាត់ ណូរ៉ុន​ របស់​អគ្គិសនី​កម្ពុជា

យុវជន​ខ្មែរ​ឥស្លាម​ ម៉ាត់ ណូរ៉ុន​ ​ជា​សំណព្វ​ចិត្ត​របស់​គ្រូ​បង្វឹក​ ប្រាក់​ វុទ្ធី ក្នុង​ការ​រក​គ្រាប់​បាល់​ឲ្យ​ក្រុម​ ​អគ្គិសនី​កម្ពុជា​​​ទាំង​ក្នុង​លីគ​កំពូល​កម្ពុជា​ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ រូប​គេ​ស៊ុត​បាន​២​គ្រាប់​ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្តាហ៍​ទី​១៤ នៅ​ពេល​អគ្គិសនី​កម្ពុជា​ចាញ់​ព្រះ​ខ័នរាជ​ស្វាយរៀង​ ៤-២។​​

៣-យុវជន​ ណារ៉ុង កក្កដា​ របស់​ក្រសួង​ការពារ​ជាតិ

យុវជន​របស់​ក្រសួង​ការពារ​ជាតិ​រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​បាល់ទាត់​កម្ពុជា​ចាប់​អារម្មណ៍​ខ្លាំង​នៅ​ពេល​ដែល​រូប​គេ​ស៊ុត​២​គ្រាប់​ម្នាក់​ឯង​​ជួយ​ឲ្យ​ក្រុម​​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​២២​ឆ្នាំ​ឈ្នះ​ក្រុម​យុវជន​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ ២-១ នៃ​ពាន​រង្វាន់​ស្តេច​ប៊្រុយណេ​ដែល​ជួយ​កម្ពុជា​ឡើង​វគ្គ​​ផ្តាច់​ព្រ័ត្រ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ក្នុង​ពាន​រង្វាន់​ AFF U-19 Championship 2018 នៅ​ឥណ្ឌូណេស៊ី ណារ៉ុង កក្កដា ក៏​រក​បាន​២​គ្រាប់​​ជួយ​​​កម្ពុជា​​ឈ្នះ​​ប្រ៊ុយណេ​ ៥-០។ បន្ទាប់​ត្រឡប់​មក​ពី​ឥណ្ឌូណេស៊ី​ រូប​គេ​ក៏​រួម​ចំណែក​ដ៏​សំខាន់​ជួយ​ក្រសួង​ការពារ​ជាតិ​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​​ Hun Sen Cup បន្ទាប់​ពី​ស៊ុត​​១​​គ្រាប់​​ជួយ​ការពារ​ជាតិ​ឈ្នះ​​អាស៊ី​អឺរ៉ុប​ ៧-១ ក្នុង​ជើង​ទី​២។

៤-យុវជន​ ស៊ីន កក្កដា របស់​ភ្នំពេញ​ក្រោន

ស៊ីក កក្កដា​បាន​ក្លាយ​ជា​សមាជិក​វ័យ​ក្មេង​ដ៏​សំខាន់​សម្រាប់​ភ្នំពេញ​ក្រោន​​ទាំង​ក្នុង​លីគ​កំពូក​កម្ពុជា​ និង​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ ​ប្រកួត​ជើង​ទី​២​ជា​មួយ​អគ្គិសនី​កម្ពុជា​ជា​មួយ​​អគ្គិសនី​កម្ពុជា​​រូប​គេ​ស៊ុត​បាន​២​គ្រាប់​ជួយ​ភ្នំពេញ​ក្រោន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន។ យ៉ាង​ណា​​រូប​គេ​មិន​បាន​ជួយ​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ពាន AFF U-19 Championship 2018 ​ទេ​ដោយ​សារ​ភ្នំពេញ​ក្រោន​ត្រូវ​ការ​រូប​គេ​លេង​​លីគ​កម្ពុជា​កាល​ពី​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ។​

៥-​ សាន គឹមហេង របស់​វិសាខា

អតីត​យុវជន​នៅ​សាលា​​បាល់ទាត់​ជាតិ​បាទី​ សាន គឹមហេង​​ ជា​កីឡាករ​ក្នុង​ស្រុក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​​ក្នុង​លីគ​កំពូល​កម្ពុជា​ក្នុង​ការ​រក​គ្រាប់​បាល់​​។ រូប​គេ​ជា​សមាជិក​ដ៏​សំខាន់​ជួយ​ចំណូល​ថ្មី​វិសាខា​ទទួល​បាន​ជ័យជម្នះ​ជា​បន្ត​បន្ទាប់​នៃ​ការ​ប្រកួត​ក្នុង​លីគ។ យុវជន​រូប​នេះ​ក៏​សមាជិក​សំខាន់​ម្នាក់​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​ AFF U-19 Championship 2018 នៅ​ប្រទេស​ឥណ្ឌូណេស៊ី៕​​​​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី