• 2018-07-17 12:30:05
  • បាល់ទាត់

ក្ដៅ! គ្រូ​បង្វឹក​ និង​ក្រុម​ជម្រើស​ជាតិ​ដែល​កំពុង​ឡើង​ជើងអ៊ីស្លង់ បាន​ដើរ​ដល់​ផ្លូវ​បំបែក

  • 2018-07-17 12:30:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Heimir Hallgrimsson អម្បាញ់មិញ​នេះ បាន​ប្រកាស "លា​លែង​" ពី​តំណែង​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​ បន្ទាប់​ពី​កាន់​តំណែង​នេះ​អស់​រយៈ​ពេល ៥ ឆ្នាំ។

យ៉ាង​នេះ​ក្ដី លោក Hallgrimsson មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ដែល​នាំ​ឲ្យ​លោក​ធ្វើ​បែប​នេះ​ឡើយ ដោយ​លោក​គ្រាន់​តែ​និយាយ​សរសើរ​អ្វី​ដែល​ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​បាន​សម្រេច​បាន​ជា​ច្រើន កាល​ពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ។

សហព័ន្ធ​បាល់ទាត់​អ៊ីស្លង់​ក៏​មិន​បាន​បក​ស្រាយ​ច្រើន​ដែរ ដោយ​គ្រាន់​តែ​ថា ការ​លា​លែង​ពី​តំណែង​គ្រូ​បង្វឹក​នេះ គឺ​ជា​សេចក្ដី​សម្រេច​ចិត្ត​របស់​លោក Hallgrimsson ផ្ទាល់។ បន្ទាប់​មក សហព័ន្ធ​បាន​​ជូន​ពរ​អតីត​គ្រូ​បង្វឹក​ និង​ប្រកាស​ត្រៀម​រក​អ្នក​ជំនួស។

សូម​បញ្ជាក់​ផង​ដែរ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រុម​ជម្រើស​ជាតិ​អ៊ីស្លង់​បាន​ធ្វើ​បាន​សម្រេច​រឿង​ជា​ច្រើន។ ក្រុម​បាន​ចូល​រួម​ក្នុង Euro កាល​ពី​ឆ្នាំ ២០១៦ ហើយ​បាន​លេង​ឡើង​ដល់​វគ្គ ៨ក្រុម​ចុង​ក្រោយ។ មិន​តែ​ប៉ុណ្ណោះ​ ពួក​គេ​ថែម​ទាំង​លេង​បាន​យ៉ាង​ល្អ​ក្នុង​វគ្គ​ជម្រុះ​ World Cup រហូត​អាច​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ខ្លួន។ លើស​ពី​នេះ នៅ​ក្នុង​វគ្គ Group Stage ប្រទេស​ដែល​មាន​ពល​រដ្ឋ​មិន​ដល់ ៣៥ ម៉ឺន​នាក់​ អាច​លេង​បាន​ស្មើ ១ នឹង ១ ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន។ ទោះ​ជា​យ៉ាង​ណា លទ្ធផល​មិន​ល្អ​ក្នុង​ប្រកួត​បន្ត​បន្ទាប់​ទៀត​ធ្វើ​ឲ្យ​ក្រុម​ត្រូវ​បាន​ជម្រុះ​ត្រឹម​វគ្គ Group Stage៕

ប្រភព៖ Four Four Two ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី