• 2018-06-13 07:14:31
  • បាល់ទាត់

ក្រុម​ Home Sport ​ចុះ​ចែក​រំលែក​ការ​លេង Futsal ​ដល់​សិស្ស​វិទ្យាល័យ​ជា​ស៊ីម​សន្ធរ​ម៉ុក

  • 2018-06-13 07:14:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Home Sport FC ​បាន​ចុះ​ចែក​រំលែក ឬ​ហៅ​ថា Football Clinic ​និយាយ​អំពី​អត្ថប្រយោជន៍​នៃ​ការ​ចូល​លេង​កីឡា​បាល់ Futsal ​ក្នុង​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក ​តាម​គោលការណ៍​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា។

បើ​តាម​​លោក​ ឃុល ភារម្យ ​មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បញ្ជាក់​ថា​ ​កម្មវិធី​ហ្វឹកហាត់ ​និង​ផ្សព្វផ្សាយ​កីឡា​ហ្វូត​សាល ​សម្រាប់​វិទ្យាល័យ​ទាំង​២០​នៅ​រាជ​ធានី​ភ្នំពេញ​ចាប់​ពី​ថ្ងៃ​១១​មិថុនា​រហូត​ដល់​ថ្ងៃ​១៥​កក្កដា​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ ​ការ​ចុះ​ធ្វើ​នេះ​ដែរ ​នឹង​យក​ក្រុម​បាល់ទាត់​ទាំង​១០​ក្នុង​លីគ​ហ្វូត​សាល​ជាតិ ​ដោយ​១​ក្រុម​ត្រូវ​ចុះ​ទៅ​២​វិទ្យាល័យ ដើម្បី​ផ្សព្វផ្សាយ​ពី​ក្រុម​របស់​ខ្លួន ​និង​អត្ថប្រយោជន៍​នៃ​ការ​ចូល​លេង​កីឡា​បាល់ Futsal ។

លោក​ ឃុល ភារម្យ ​មន្ត្រី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​

មន្ត្រី​ខាង​លើ​បាន​បន្ដ​ទៀត​ថា ​នេះ​ជា​ជំហាន​មួយ​សម្រាប់​វិស័យ ហ្វូត​សាល​កម្ពុជា ​ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​កីឡា​ប្រភេទ​នេះ​រស់​ឡើង​វិញ ​និង​ទាក់ទាញ​អ្នក​គាំទ្រ​កាន់​តែ​ច្រើន។ មួយ​វិញ​ទៀត ​ការ​ចុះ​នេះ​ដែរ ​ប្រសិន​បើ​យុវជន​ណា​មាន​ចំណាប់​អារម្មណ៍ ​និង​មាន​បច្ចេកទេស​លេង​បាន​ល្អ​នោះ ​អាច​នឹង​មាន​ឱកាស​បាន​ចូល​រួម​ជាមួយ​ក្រុម​ទាំង​១០​ខាង​លើ​ថែម​ទៀត។

ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ផ្ទាល់ ​ក្រុម​ Home Sport ​បាន​ចុះ​ទៅ​ដល់​វិទ្យាល័យ​សន្ធរម៉ុក ​ហើយ ដើម្បី​ធ្វើ​ការងារ​ខាង​លើ​នេះ។ ​លោក អ៊ុក សេរីរតនៈ ​គ្រូ​បង្វឹក​ក្រុម​នេះ​ផ្ទាល់ ​បាន​និយាយ​ក្រោយ​ពី​ចុះ​ផ្ទាល់​ជួប​ជាមួយ​សិស្ស​សាលា​ថា​៖ “នេះ​ជា​កម្មវិធី​ល្អ​ដែល​សហព័ន្ធ​បាន​រៀប​ចំ​ឡើង។ ជាក់​ស្ដែង ​វា​នឹង​បាន​ជួយ​ឱ្យ​ក្រុម​ទាំង​អស់​ស្វែង​រក​អ្នក​គាំទ្រ​បាន​កាន់​តែ​ច្រើន ​ជា​ពិសេស​នោះ​អាច​នឹង​រក​កីឡាករ​ល្អ​ៗ​ចូល​ក្រុម​បន្ថែម​ទៀត ​ដោយ​ជ្រើស​ចេញ​ពី​សិស្ស​តាម​សាលា​នេះ​តែ​ម្ដង”។

កីឡា​ហ្វូតសាល ​របស់​កម្ពុជា ​បាន​បាត់​មុខ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ដោយ​ទើប​តែ​ត្រូវ​បាន​សហព័ន្ធ​បង្កើត​ជា​លីគ​ជា​ថ្មី​កាល​ពី​ឆ្នាំ​មុន​ប៉ុណ្ណោះ។ ក្រោយ​ពី​មាន​ការ​បង្កើត​ជា​លីគ​នេះ​ហើយ ឃើញ​ថា​សន្ទុះ​នៃ​ការ​គាំទ្រ​ក៏​មាន​ឡើង​វិញ​ផង​ដែរ ​ព្រោះ​ថា​ការ​លេង​ហ្វូត​សាល គឺ​ពិត​ជា​ពេញ​និយម​ណាស់​សម្រាប់​យុវជន​កម្ពុជា ​និង​មាន​ទីលាន​ជា​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ៕

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទថ្មី