• 2018-06-02 03:23:20
  • បាល់ទាត់

មូល​និធិ KMH ​អបអរ​ទិវា​កុមារ​អន្តរ​ជាតិ ​អម​ជាមួយ​ការ​បិទ​ពាន​លីគ U18 ​របស់​ខ្លួន

  • 2018-06-02 03:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលនិធិ​ ខេ អឹម អេច ​(KMH Foundation) ​បាន​ធ្វើ​ពិធី​អបអទិវា​កុមារ​ជាតិ​កាល​ពី​ម្សិលមិញ​នេះ ​ត្រូវ​គ្នា​ជាមួយ​ការ​បិទ​ពាន​លីគ​ក្រោម​អាយុ​១៨​ឆ្នាំ KMH CUP U18 ​ផង​ដែរ។

កម្មវិធីនេះ​ រៀប​ចំឡើង​ក្នុង​គោលបំណង ដើម្បី​ចូល​រួម​អបអរ​សាទរ​ទិវា​កុមារ​អន្តរជាតិ និង​ ដើម្បី​លើក​កម្ពស់​វិស័យ​បាល់ទាត់​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ដល់​កុមារ និង​ យុវជន​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​របស់​ខ្លួន ​ជាពិសេស​នោះ​គឺ​ដើម្បី​បណ្ដុះ​ស្មារតី​ដល់​កុមារ​កម្ពុជា ​ឲ្យ​ចូល​រួម​ក្នុង​ការងារ​សង្គម។

ក្នុង«ព្រឹត្តិការណ៍បាល់ទាត់ទិវាកុមារ ខេ អឹម អេច» ​នេះ​ក៏​មាន​ការ​បរិច្ចាគ​ទឹក​ប្រាក់​ចំនួន​៣ ០០០ ដុល្លារ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដែល​ធ្វើឡើង​នៅ​ពេល​ព្រឹក​ក្រោម​ការ​ដឹកនាំរបស់​លោក កាំង សេន នាយក​មូល​និធិបាល់ទាត់​ ខេ អឹម អេច ។ ​បន្ទាប់​មក​ទៀត ក៏មានការ​លេង​ហ្គេម​កម្សាន្ត​ជា​ច្រើន ដោយ​មាន​ការចូលរួម​ពីកុមារ​ចំនួន​ ៥០០នាក់ មកពី​បណ្តាសាលាប​ឋមសិក្សា​មួយចំនួន​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​មក​ពី​ខេត្តកណ្តាល និង កុមារ​រស់​នៅ​ក្នុង​សហគមន៍​រោងចក្រ​ដំបូល​ខៀវ​ផង​ដែរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ម្សិលមិញ​នេះ ​ក៏​មាន​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ KMH Cup U18 ​ផង​ដែរ រវាង​ក្រុម​ក្រុម​ សម្ព័ន្ធ គ.ស.ន.ប.ក (សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និង បញ្ញវន្ត​កម្ពុជា) និង ក្រុម​បាល់ទាត់​យុវជន​ព្រះ​ខ័ន​រាជ​ស្វាយរៀង។ ​ជា​លទ្ធផល​ក្រុម​យុវជន​ស្វាយ​រៀង​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០។

​ប្រាក់​រង្វាន់​សម្រាប់​ការ​ប្រកួត​នេះ គឺ​ក្រុម​លេខ​១ យុវជន​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង​ ទទួល​បាន​៤​ពាន់​ដុល្លារ ​ក្រុម​លេខ​២ ​សម្ព័ន្ធ គ.ស.ន.ប.ក (សម្ព័ន្ធគណៈកម្មាធិការសម្របសម្រួលនិស្សិត និង បញ្ញវន្ត​កម្ពុជា) ទទួល​បាន​២​ពាន់​ដុល្លារ៕

រូបភាព៖ KMH

អត្ថបទ៖ មុន្នីរម្យ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី