- 2018-05-04 07:26:31
- បាល់ទាត់
ក្រសួងការពារជាតិដក កែ វណ្ណៈ ចេញពីក្រុម ខណៈសាមីខ្លួនមិនអស់ចិត្ត
- 2018-05-04 07:26:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការពារជាតិដក កែ វណ្ណៈ ចេញពីក្រុម ខណៈសាមីខ្លួនមិនអស់ចិត្ត
ចន្លោះមិនឃើញ
ក្លឹបក្រសួងការពារជាតិ បានសម្រេចដកខ្សែប្រយុទ្ធ កែ វណ្ណៈ ចេញពីក្រុមហើយកាលពីប៉ុន្មានថ្ងៃមុន ក្រោមហេតុផលថាកីឡាកររូបនេះលេងមិនគ្រប់អ្វីដែលក្រុមចង់បាន។
ទាក់ទងនឹងការដកនេះដែរ បានធ្វើឱ្យសាមីខ្លួន ហាក់ដូចជាមិនពេញចិត្តនោះទេ។ ត្បិតអីរូបគេគិតថាខ្លួនធ្វើបានល្អដែររដូវកាលនេះ។ មួយវិញទៀត កែ វណ្ណៈ ក៏អន់ចិត្តចំពោះការដក ទាំងដែលមិនបានប្រាប់លោកមុន ដើម្បីឱ្យស្វែងរកក្លឹបថ្មីផងដែរ។ កីឡាករពាក់អាវលេខ១១ បានចូលលេងឱ្យក្រសួងការពារជាតិ៩ឆ្នាំមកហើយ។
ឆ្លើយតបជាមួយ Sabay លោក ភា សុភក្ត្រា គ្រូបង្វឹកក្រុមក្រសួងការពារជាតិបានប្រាប់ថា លោកដកខ្សែប្រយុទ្ធខាងលើ ដោយសារតែសមត្ថភាពរបស់គេឱ្យក្រុមមិនបានគ្រប់គ្រាន់។ ខណៈដែលការដកនេះ លោកបានបញ្ជាក់តាំងពីដើមរដូវកាលមក ថាប្រសិនបើកីឡាករណាលេងមិនល្អ លោកនឹងដកចេញពីក្រុមហើយ។ ការដកកីឡាករនេះទៀតសោត លោកក៏បានពិភាក្សាជាមួយថ្នាក់លើហើយដែរ មិនមែនដកតាមតែចិត្តនោះទេ។
មិនត្រឹមតែដក កែ វណ្ណៈ ឡើយ ក្រុមក្រសួងការពារជាតិ ក៏អាចនឹងធ្វើការដកខ្សែប្រយុទ្ធបរទេសម្នាក់ទៀត ពាក់អាវលេខ៩ដែរ ព្រោះរូបគេលេងមិនល្អ ប៉ុន្មានប្រកួត។ លោក ភា សុភក្ត្រា បញ្ជាក់កីឡាករបរទេស លោកទិញមកដើម្បីលេងឱ្យក្រុមកាន់តែល្អបន្ថែមទៀត មិនមែនទិញមកដើម្បីបណ្ដុះបណ្ដាលបន្ថែមឡើយ។ ដោយនេះ សុទ្ធមានក្នុងកុងត្រាដែលបានចុះ មុនទិញយក។
នៅចាំបានថា គ្រូបង្វឹកខាងលើធ្លាប់បញ្ជាក់ ក្រសួងការពារជាតិ នៅខ្សោយតំបន់ប្រយុទ្ធ ត្បិតអីពួកគេបាននាំយកកីឡាករបរទេសមកលេងតំបន់ខាងលើច្រើនមែន តែមិនទាន់ជោគជ័យឡើយ។ ដូច្នេះប្រសិនបើដកខ្សែប្រយុទ្ធដល់ទៅ២នាក់ថែមទៀត នោះក្រុមទ័ព នៅកន្លែង២ សម្រាប់ខ្សែប្រយុទ្ធ២នាក់ទៀត ទិញចូលនាពាក់កណ្ដាលរដូវកាលខាងមុខ៕