• 2018-02-01 13:00:06
  • បាល់ទាត់

ភ្ញាក់ផ្អើល ពេល​ដឹង​ពី​ប្រាក់​ឈ្នួល​របស់​អាជ្ញាកណ្ដាល​ក្នុង​លីគ​ធំៗ​នៅ​អឺរ៉ុប!

  • 2018-02-01 13:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពិភព​បាល់ទាត់​នៅ​អឺរ៉ុប ភាគ​ច្រើន​ពេល​និយាយ​រឿង​ប្រាក់​ឈ្នួល គេ​តែង​នឹក​ឃើញ​ដល់​កីឡាករ និង​អ្នក​ចាត់​ការ ព្រោះ​អ្នក​ទាំង​នោះ​រក​ចំណូល​បាន​ច្រើន​ៗ។ ប៉ុន្តែ បើនិយាយពីប្រាក់ឈ្នួលរបស់​អាជ្ញាកណ្ដាល គឺមិនសូវមានគេលើក​មក​និយាយនោះទេ។ ទោះ​ជា​យ៉ាង​ណា សារព័ត៌មាន Goal ធ្លាប់​បាន​ធ្វើ​ការ​ស្រាយ​ចម្ងល់​នេះ ដែលមានដូចខាងក្រោម៖

នៅ​ក្នុង​លីគ​កំពូល​អង់គ្លេស ​ប្រាក់​ឈ្នួល​គោល​គិត​ជា​ឆ្នាំ​របស់​អាជ្ញាកណ្ដាល​ប្រែប្រួល​អាស្រ័យ​បទពិសោធន៍ ហើយ​មាន​ចន្លោះ​ពី ៣៨៥០០ ផោន (ជាង ៥ម៊ឺន ៥ពាន់ដុល្លារ​សហរដ្ឋអាមេរិក) ទៅ ៤២០០០ ផោន (ជិត ៦ម៊ឺន​ដុល្លារ) ។ បន្ថែម​ពី​លើ​នេះ ពេល​ធ្វើ​ជា​អាជ្ញាកណ្ដាល​ម្ដងៗ​ ពួក​គេ​ត្រូវ​បាន​ទទួល​ប្រាក់​បន្ថែម​ប្រមាណ ១១៥០​ផោន (ជាង ១៦០០ដុល្លារ​) ក្នុង​មួយ​ប្រកួត។

ដោយ​ឡែក​នៅ​ក្នុង​លីគ​ធំ​ៗ​ដទៃ នៅ​អឺរ៉ុប អាជ្ញាកណ្ដាល​មិន​មាន​ប្រាក់​ឈ្នួល​គោល​ដូច​នៅ​អង់គ្លេស​ឡើយ គឺ​ពួក​គេ​បើក​ប្រាក់​ឈ្នួល​តាម​ការ​ប្រកួត។

នៅ​ La Liga របស់​អេស្ប៉ាញ ក្នុង​មួយ​ប្រកួត អាជ្ញាកណ្ដាល​ទទួល​បាន​រហូត​ដល់ ៥២០០ផោន(ជាង ៧៣០០ដុល្លារ) ខណៈ​នៅ Bundesliga របស់​អាល្លឺម៉ង់ អាជីព​នេះ​រក​បាន ៣១៥០​ផោន (ជិត ៤៥០០ដុល្លារ) ក្នុង​មួយ​ប្រកួត។

នៅ​ក្នុង​លីគ​កំពូល​អ៊ីតាលី អាជ្ញាកណ្ដាល​ទទួល​ប្រាក់​ហត់​នឿយ ៣០០០ ផោន​ (ជាង ៤២០០ដុល្លារ)ក្នុង​មួយ​ប្រកួត ចំណែក​ឯ​នៅ​ Ligue 1 របស់​បារាំងវិញ ប្រាក់​ឈ្នួល​ក្នុង​មួយ​ប្រកួត​គឺ ២៤០០ ផោន (ជិត ៣៥០០ដុល្លារ)។

បើ​ធៀប​នឹង​បណ្ដា​លីគ​ធំៗ​នៅ​អឺរ៉ុប នៅ​ក្នុង​លីគ​កំពូល​ព័រទុយហ្គាល់ អាជ្ញាកណ្ដាល​មាន​ចំណូល​តិច​ជាង​គេ ពោល​គឺ​ ១០០០ផោន (ជិត ១៥០០ដុល្លារ) ប៉ុណ្ណោះ ក្នុង​មួយ​ប្រកួត៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី