• 2017-12-31 02:21:11
  • បាល់ទាត់

កំពូល​អ្នក​ប្រដាល់​​កម្ពុជា​១០​រូប​​ល្បី​ខ្លាំង​ក្នុង​​ឆ្នាំ​២០១៧​ ​

  • 2017-12-31 02:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​​លេង​គុន​បុរាណ​ខ្មែរ​​រាប់​រយ​នាក់​ដែល​បាន​អង្រួន​សង្វៀន​ខ្លាំង​ក្នុង​ឆ្នាំ​២០១៧​នេះ​ ប៉ុន្តែ​អ្នក​ប្រដាល់​ខ្លះ​ឡើង​វ៉ៃ​ទទួល​បាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពី​អ្នក​ពី​​អ្នក​ទស្សនា​ បើ​ទោះ​ជា​ពួក​គាត់​ពេល​ខ្លះ​បរាជ័យ​ក៏​ដោយ។ ទន្ទឹម​ជា​មួយ​គ្នា​ អ្នក​ប្រដាល់​មួយ​ចំនួន​​ក៏​​​មិន​សូវ​ទទួល​​ការ​ពេញ​ចិត្ត​ខ្លាំង​ឡើយ​ពី​អ្នក​ទស្សនា​​ដែរ​ បើ​ទោះ​ជា​ពួក​គេ​ទទួល​បាន​ជ័យជម្នះ​ក៏​ដោយ។ ខាង​ក្រោម​អាច​ជា​កីឡាករ​១០​នាក់​ដែល​​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​អ្នក​ទស្សនា​​រាល់​ពេល​ពួក​គេ​ឡើង​វ៉ៃ ម្តងៗ។

១- កីឡាករ​ ឃីម ឌីម៉ា៖ អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ​ពិត​ជា​ស្រលាញ់​ពេញ​ចិត្ត​ ឃីម ឌីម៉ា​ ខ្លាំង​ណាស់​​រាល់​ពេល​ដែល​រូប​គេ​វ៉ៃ​ម្តង។ ​ពេល​នៅ​លើ​សង្វៀន​រូប​គេ​​កម្រ​លាក់​ទុក​​កម្លាំង​ណាស់​ដោយ​ចេញ​ស្នៀត​វ៉ៃ​បាន​ទាំង​ព្រម។ តាម​រយៈ​ការ​វ៉ៃ​ចេញ​បាន​យ៉ាង​ល្អ​​នេះ​ រូប​គេ​តែង​តែ​ទទួល​បាន​ជ័យជម្នះ​រហូត​ក្នុង​ឆ្នាំ​២០១៧។ រយៈ​ពេល​​១២​ខែ​ចុង​ក្រោយ​នេះ​ រូប​គេ​ឈ្នះ​មេដាយ​មាស​ពី​កីឡា​ស៊ីហ្គេម​ ឈ្នះ​ខ្សែ​ក្រវាត់​​១​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍​ និង​ខ្សែក្រវាត់​១​ទៀត​នៅ​ CNC។

២- កីឡាករ​ ម៉ឺន សុភា៖

កណ្តាប់​ដៃ​ទម្ងន់​យក្ស​ឥត​មេត្តា​ និង​ទម្ងន់​ជើង​មហិមា​​បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា។ រូប​គេ​ជា​ម្ចាស់​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។ ​ ៣- កីឡាករ​ ពេជ្រ​ ម្ទេសខ្មាំង៖ អ្នក​លេង​កណ្តាប់​ដៃ​សកល​ និង​គុន​ខ្មែរ​រូប​នេះ​រូប​បាន​ឲ្យ​មហាជន​ផ្តោត​លើ​រូប​គេ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ប្រើ​សមត្ថភាព​ពិត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ដើម្បី​ទទួល​បាន​មេដាយ​សំរឹទ្ធ​លើ​ផ្នែក​​ប្រដាល់​សកល​។ ក្នុង​ព្រឹត្តិការណ៍​ Khmer-Thai Fight កន្លង​ទៅ​នេះ​ ម្ទេសខ្មាង​ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ផ្តួល​ដៃ​គូ​ដើម​ទឹក​ទី​១។ និយាយ​រួម​កីឡាករ​រូប​នេះ​​ពេល​ឡើង​សង្វៀន​ម្តង​ៗ​គឺ​ប្រឹង​វ៉ៃ​អស់​ពី​សមត្ថភាព​តែ​ម្តង​ដែល​​ចំណុច​នេះ​ហើយ​ជា​ចំណី​ចក្ខុ​​ដ៏​​ពិសេស​សម្រាប់​អ្នក​ទស្សនា។ ​ ៤- កីឡាករ​ ឡៅ ចិត្រា៖

ថ្វី​បើ​​វ័យ​ក្មេង​ខ្ចី​ ប៉ុន្តែ​សមត្ថភាព​លើ​សង្វៀន​​ពិត​ជា​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក​ទស្សនា។ កីឡាករ​រូប​នេះ​ក៏​ជា​ទី​ពេញ​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​ដែល​​និយាម​តាម​ដាន​ទស្សនា​​សង្វៀន​គុន​ខ្មែរ​ប្រចាំ​សប្តាហ៍។ រូប​គេ​ប្រើ​ស្នៀត​សម្លាប់​ដៃ​គូ​បាន​ល្អ​ទាំង​ព្រម​ក្នុង​នោះ​កណ្តាប់​ដៃ​ រន្ទះ​ជើង​ កែង​ និង​ជង្គង់​ពិត​ជា​ប្រើ​បាន​ល្អ។ រូប​គេ​ជា​ម្ចាស់​មេដាយ​ប្រាក់​ពី​កីឡា​ស៊ីហ្គេម។ ​ ៥- កីឡាករ​ ឡៅ ចន្ទ្រា៖ សម្រាប់​រយៈ​ពេល​១២​ខែ​ចុង​ក្រោយ​នេះ​ ឡៅ ចន្ទ្រា​ហាក់​​ធ្លាក់​ចុះ​ប្រជា​ប្រិយភាព​តិច​តួច​ បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ និង​ប្អូន​ប្រុស​របស់​គេ​គឺ ឡៅ ចិត្រា។ យ៉ាង​ណា​ អ្នក​ទស្សនា​នៅ​តែ​​ពេញ​ចិត្ត​ទស្សនា​រាល់​ការ​ប្រកួត​របស់​គេ​ម្តង​ៗ។ ថ្វី​បើ​មិន​ឈ្នះ​ខ្សែក្រវាត់​ ឬ​មេដាយ​លើ​ឆាក​អន្តរជាតិ​ ប៉ុន្តែ​រូប​គេ​ជា​ម្ចាស់​មេដាយ​មាស​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ។ ​ ៦- កីឡាករ​ រឿង សោភ័ណ្ឌ៖

អ្នក​លេង​កណ្តាប់​ដៃ​​ឥត​មេត្តា​ រឿង សោភ័ណ្ឌ​​នៅ​តែ​ជា​ទី​ពេញ​និយម​សម្រាប់​អ្នក​ទស្សនា​ និង​ម្ចាស់​កម្មវិធី​ដែល​ចង់​បាន​រូប​គេ​ឡើង​វ៉ៃ។ រយៈ​​ពេល​២​ឆ្នាំ​ចុង​ក្រោយ​នេះ​​រូប​គេ​នៅ​តែ​រក្សា​ប្រជាប្រិយ​ភាព​បាន​ល្អ​ដដែល​​តាម​រយៈ​សមត្ថភាព​ផ្តួល​ដៃ​គូ​ដោយ​កណ្តាប់​ដៃ​ និង​ទាត់​ផ្តាប់​ចាន​គឺ​ជា​ចំណុច​ស្នូល​​របស់​គេ។ រូប​គេ​ជា​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​​៦៩​គីឡូក្រាម​នៅ​សង្វៀន​ PNN។ ​ ៧- កីឡាករ​ ផល សោភ័ណ្ឌ​៖

បើ​និយាយ​ពី​វ៉ៃ​តាម​បច្ចេកទេស​​ពិត​ៗ​ គឺ​ស្ទើរ​រក​កីឡាករ​ណា​ផ្សេង​ទៀត​ឲ្យ​លើ​​​សិស្ស​ក្លឹប​តាឡី​ដំរី​មាន​រិទ្ធិ​នេះ​​ណាស់។ ការ​វ៉ៃ​ប្រយោល​​ពី​ចម្ងាយ​ដោយ​កណ្តាប់​ដៃ​ដែល​ធ្លាប់​លេង​សកល​ ​ការ​​ចេញ​ជើង​ទាត់​បាន​យ៉ាង​លឿន​ និង​ដក​ថយ​បាន​យ៉ាង​រហ័ស​ ព្រម​ទាំង​​វ៉ៃ​​ស្នៀត​កែង​​បាន​ល្អ​បាន​ធ្វើ​ឲ្យ​ដៃ​គូ​កម្រ​រួច​ផុត​ពី​សន្លប់​ណាស់។ ទាំង​នេះ​ហើយ​ដែល​គេ​ហៅ​ថា ​មិន​មែន​វ៉ៃ​ដោយ​កម្លាំង​បាយ​ ប៉ុន្តែ​ដោយ​បច្ចេកទេស​ដែល​ជា​ទី​ពេញ​ចិត្ត​បំផុត​សម្រាប់​អ្នក​ទស្សនា។​

៨- កីឡាករ​ ធឿន​ ធារ៉ា​៖ ថ្វី​បើ​​ រូប​គេ​មិន​សូវ​បង្ហាញ​ខ្លួន​​​ច្រើន​នៅ​សង្វៀន​ក្នុង​រាជ​ធានី​ភ្នំពេញ​ ប៉ុន្តែ​អ្នក​តាម​ដាន​​​វិស័យ​ប្រដាល់​​ពិត​ជា​បាន​ស្គាល់​រូប​គេ​យ៉ាង​ច្បាស់​តាម​រយៈ​បណ្តាញ​សង្គម​ និង​យូធូប​ដែល​រូប​គេ​ល្បី​រន្ទឺ​នៅ​ទឹក​ដី​ថៃ។ រូប​គេ​ទើប​លេច​មុខ​ប្រកួត​​ជើង​ឯក​ជាតិ​​ដោយ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ រឿង សោភ័ណ្ឌ​ និង​​ចុង​ក្រោយ​ ផ្តួល​​​កីឡាករ​ថៃ​​នៅ​សង្វៀន​បាយ័ន​។ រូប​គេ​មាន​កាយ​សម្បទា​ល្អ​ កម្លាំង​ខ្លាំង​ និង​ស្នៀត​ប្រយុទ្ធ​ល្អ​ ជា​ពិសេស​កែង​តែ​ម្តង​ដែល​​ធ្វើ​ឲ្យ​រូប​គេ​ក្លាយ​ជា​កីឡាករ​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​អ្នក​ទស្សនា។

៩- កីឡាករ​ ឡុង សុភី៖

​បើ​និយាយ​ពី​កីឡាករ​ដែល​វ៉ៃ​មិន​ល្អ​មើល​ និង​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ធុញ​ ឡុង សុភី​ក៏​ជា​កីឡាករ​ម្នាក់​ដែរ​ ប៉ុន្តែ​​បើ​និយាយ​ពី​សមិទ្ធផល​​វិញ​​គឺ​រូប​គេ​​ធ្វើ​បាន​ល្អ។ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​ រូប​គេ​បាន​បង្កើន​សមត្ថភាព​គួរ​ឲ្យ​កត់​សំគាល់​​ដែល​ខុស​ប្លែក​ពី​មុន​។ រូប​គេ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ថៃ​​  Fasurak​  ដែល​ធ្លាប់​ឈ្នះ​ ឡៅ ចន្ទ្រា។ ទាំង​នេះ​ហើយ​ដែល​ជា​កត្តា​ទាក់ទាញ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​រូប​គេ។

១០- កីឡាករ​ មាស ម៉ើ៖

អ្នក​លេង​ក្នុង​ទ្រុង​ម្នាក់​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​ស្នេហា​ប្រដាល់​ខ្មែរ​ចាប់​​អារម្មណ៍​រូប​គេ​យ៉ាង​ខ្លាំង​​ក្នុង​​ឆ្នាំ​២០១៧​នេះ។ ​អ្នក​ប្រដាល់​មក​ពី​ស្រុក​បារាយណ៍​ខេត្ត​កំពង់ធំ​នេះ​​បាន​ផ្តួល​កីឡាករ​ថៃ​ពីរ​បី​លើក​ជាប់​គ្នា​នៅ​ទឹក​ដី​ថៃ​ដែល​​បាន​ក្លាយ​ជា​កំពូល​អ្នក​លេង​ក្នុង​ទ្រុង​របស់​កម្ពុជា។ ​

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី