• 2024-05-01 06:48:05
  • បាល់ទាត់

ស្អាត​ហើយ​ចិត្ត​សប្បុរសធម៌​ទៀត!​ រ៉េត សារីតា​ នឹង​ទៅ​លើក​ទឹកចិត្ត​ក្មេងស្រីក្រីក្រ​ក្នុង​កម្មវិធី​បាល់ទាត់​របស់​អង្គការ​ HFCA​ នៅ​សៀមរាប​

  • 2024-05-01 06:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បីឈ្មោះ​របស់​កម្ពុជា​ កញ្ញា​ រ៉េត សារីតា​ នឹង​ទៅ​ចូលរួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​របស់​អង្គការ​ HFCA​ នៅ​ភូមិអូររូង​ ខេត្តសៀមរាប​ ថ្ងៃ​ពុធ​ ទី​០៨​ ខែ​ឧ​សភា​ ឆ្នាំ​២០២៤​ ខាងមុខនេះ។ កញ្ញា នឹង​ស្នាក់​នៅ​មួយ​យប់​នៅ​ក្នុង​ភូមិ​ ហើយ​នឹង​ចូលរួមការហ្វឹកហាត់នៅព្រឹកថ្ងៃបន្ទាប់។

ភូមិ​អូររូង ជាភូមិមួយស្ថិតនៅចម្ងាយ ១២២គម ភាគ​ឦសាន​ នៃ​ក្រុង​សៀមរាប ហើយ​អង្គការ HFCA រួមជាមួយអង្គការដៃគូដ៏ជិតស្និទ្ធដែលមានឈ្មោះ Build your Future Today បានឧបត្ថម្ភគាំទ្រក្មេងស្រីក្រីក្រនៅទីនោះដើម្បីចូលរួមកម្មវិធីបាល់ទាត់ជាមួយនឹងក្មេងប្រុស។​

កញ្ញា​ រ៉េត សារីតា​ ៖ “ខ្ញុំគិតថា ការធ្វើទស្សនកិច្ចទៅកាន់អូររូង ពិតជារឿងមួយដ៏គួរឱ្យរំភើបជាខ្លាំងចំពោះខ្ញុំ និងជាការផ្សងព្រេងដ៏អស្ចារ្យផងដែរ! ខ្ញុំចង់ជួបជាមួយក្មេងស្រីទាំងអស់នៅទីនោះ ហើយលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងវិស័យកីឡាកាន់តែផុសផុលច្រើនឡើងថែមទៀត! អ្វីដែលសំខាន់បំផុតគឺដើម្បីធ្វើការប្រាស្រ័យទាក់ទង និងលេងកីឡាជាមួយពួកគេ”។

ចំណែកលោក​ Paraic Grogan ស្ថាបនិក HFCA៖ “អង្គការ HFCA មានក្តីសោមនស្សរីករាយណាស់ដែលតារាសម្តែងដ៏ល្បីល្បាញរូបនេះ អញ្ជើញមកជួបជាមួយកីឡាកររបស់យើងនៅភូមិអូររូង។ យើង​សង្ឃឹម​ថា សារីតា នឹងជួយគាំទ្រ​កម្មវិធី​បាល់ទាត់​នារី​តាម​ភូមិ និង​ជំរុញលើកទឹកចិត្តឱ្យ​កុមារី​កម្ពុជា​ចូល​លេង​បាល់ទាត់​កាន់​តែផុសផុល​ច្រើនឡើងថែមទៀត” ។

បញ្ជាក់​ដែរ​ថា​ អង្គការ HFCA (អង្គការ​កម្ពុជា​អូស្ត្រាលី​បាល់ទាត់​រីករាយ-Happy Football Cambodia Australia) គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលមានគោលបំណងផ្តល់ភាពអង់អាចដល់យុវជនក្រីក្រនៅកម្ពុជាតាមរយៈវិស័យកីឡាបាល់ទាត់។ អង្គការ HFCA ធានាផ្តល់លទ្ធភាពដល់យុវជនក្រីក្រទទួលបានឱកាសចូលរួមការហ្វឹកហាត់ប្រកបដោយគុណភាពខ្ពស់ ក្នុងការកសាងស្មារតីជាក្រុម និងការប្រមូលផ្តុំ។ កត្តានេះជួយគាំទ្រដល់សុខុមាលភាព សុខភាពផ្លូវចិត្ត ការជឿជាក់លើខ្លួនឯង ហើយជាសំខាន់ផ្តល់នូវវិថីឆ្ពោះទៅរកឱកាសបន្ថែមទៀតដោយអភិវឌ្ឍជំនាញទន់ដើម្បីទទួលបានភាពជោគជ័យក្នុងវិស័យអប់រំ និងការងារ៕

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី