• 2023-03-27 13:32:21
  • កីឡា​ផ្សេង​ៗ

ជនជាតិ​ជប៉ុន​ទៀត​ហើយ!​ លោក​ Eiji Hatano​ សន្យា​នឹង​ជួយ​វិស័យ​កីឡាបេស្បល​ឲ្យ​កាន់​តែ​រីកចម្រើន​

  • 2023-03-27 13:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Eiji Hatano​ ដែល​ជា​ជនជាតិ​ជប៉ុន​ ព្រឹកមិញ​នេះ​បាន​ចុះ​ MOU​ ជា​មួយ​សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា ​ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន​ និង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ។​

លោក​ Eiji Hatano (កណ្ដាលគេ)

លោក​ Eiji Hatano​ ប្រធាន​ក្រុមហ៊ុន​ OSILIS CAMBODIA & CJIC GRUOP​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​ជា​អ្នក​លេង​កីឡា​មួយ​នេះ​តាំង​ពី​នៅ​រៀន​មក​ម្ល៉េះ​ ស្រប​ពេល​ដែល​បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​ការ​នៅ​កម្ពុជា​ទៀត​នោះ​ជា​ឱកាល​ល្អ​មួយ​ដែល​លោក​អាច​ចូលរួម​ជួយ​វិស័យ​កីឡា​បេស្បល​ឲ្យ​រឹតតែ​រីកចម្រើន​ថែម​ទៀត។​ ការ​ជួយ​នេះ​ក៏​ជា​ការ​អបអរ​ចំណង​មិត្តភាព​កម្ពុជា​-ជប៉ុន​ ខួប​ទី៧០​ឆ្នាំ​នៃទំនាក់​ទំនង​គ្នា​ផង​ដែរ។​

ប្រធាន​សហព័ន្ធ(ខាងស្ដាំ)

ជនជាតិ​ជប៉ុន​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ លោក​នឹង​ឧបត្ថម្ភ​ជា​សម្ភារ​ផ្សេង​ៗ​លើ​ការ​ហ្វឹកហាត់​ក៏​ដូច​ជា​ប្រកួត​ជា​ដើម។​ បន្ថែម​ពី​នេះ​លោក​នឹង​ព្យាយាម​នាំ​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ដែល​ជា​ជើង​ខ្លាំង​មក​ចែករំលែក​បទ​ពិសោធ​ក៏​ដូច​ជា​បង្ហាត់​បង្ហាញ​ដល់​យុវជន​ កីឡាករ​ កីឡា​ការិនី​កម្ពុជា​នៅ​ពេល​សមស្រប​ណា​មួយ។​

លោក​ ឆែម​ ដារ៉ា

លោក​ ឆែម​ ដារ៉ា​ ប្រធាន​​សហព័ន្ធ​កីឡា​បេស្បល សុហ្វបលកម្ពុជា​​ បាន​ឲ្យ​ដឹង​ថា​ ថ្ងៃ​នេះ​សហព័ន្ធ​បាន​ចុះ​ MOU​ ជា​មួយ​ក្រុម​ហ៊ុន​ជប៉ុន​មួយ​ក្នុង​គោល​បំណង​ជួយ​គ្នា​លើ​ការ​ជំរុញ​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​ឲ្យ​រីកចម្រើន​ និង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ឆាក​អន្តរជាតិ​ពិសេស​ក្នុង​តំបន់​អាស៊ាន​នេះ​តែ​ម្ដង។​

បន្ថែម​ពី​នេះ​ទៀត​គឺ​ភាគី​ខាង​ជប៉ុន​នឹង​ឧបត្ថម្ភ​ជា​សម្ភារ​ហ្វឹកហាត់​ សម្ភារ​ប្រកួត​ និង​ជួយ​ស្វែង​រក​ជំនួយ​ផ្សេងៗ​ដើម្បី​ជួយ​ទ្រទ្រុង​សហព័ន្ធ​ឲ្យ​ដំណើរ​ការ​កាន់​តែ​រីកចម្រើន​ សំបូរ​ធនធាន​ផង​ដែរ។​ ដោយ​សារ​តែ​ប្រទេស​ជប៉ុន​គឺ​ខ្លាំង​វិស័យ​កីឡា​បេស្បបល​នេះ​លោក​ជឿជាក់​ថា​ធនធាន​កីឡាករ​ កីឡា​ការិនី​កម្ពុជា​នឹង​មាន​សមត្ថភាព​រីកចម្រើន​ជា​បន្តបន្ទាប់។​

បញ្ជាក់​ដែរ​ថា​ ការ​ចុះ​ MOU​ រវាង​​សហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា​ និង​លោក​ Eiji Hatano​ ដែល​ជា​ជនជាតិ​ជប៉ុន​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​សាល​ប្រជុំ​ជាប់​វិមាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្នុង​នោះ​គឺ​មាន​វត្តមាន​ប្រធាន​សហព័ន្ធ​ និង​មន្ត្រី​សហព័ន្ធ​ គ្រូ​បង្វឹក​ចូលរួម​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទថ្មី